ទីក្រុងហុងកុងៈ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី​បាន​ហក់​ឡើង​នៅ​ថ្ងៃ​អង្គារ​ដែល​រុញច្រាន​ដោយ​ព័ត៌មាន​ដែលថា វត្តមាន​វ៉ាក់សាំង​ថ្មី​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ដែលជា​ក្តីសង្ឃឹម​ដែលថា ពិភពលោក​នឹង​ចាប់ផ្តើម​ងាក​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ឆាប់ៗ​។

ទោះបី​ជា​យ៉ាងណា ទីផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អាស៊ី​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រើប្រាស់​ការកើនឡើង​របស់​ផ្សារហ៊ុន​ Wall Street ជា​មូលដ្ឋានគ្រឹះ ដោយសារ​តែ​អ្នកវិនិយោគ​ជាច្រើន​ងាក​ទៅរក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​អ្នកផ្សេងទៀត​ដែល​ទទួល​បាន​ផលប្រយោជន៍​អំឡុងពេល​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​។

ករណី​ឆ្លង​វីរុស​កំពុងមាន​សម្ទុះ​កើនឡើង​ទូទាំង​សហរដ្ឋអាមេរិក និង​អឺរ៉ុប និង​ក្តីបារម្ភ​ដែលថា សមាជិកសភា​អាមេរិក​ទាំងឡាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ទំនង​ជា​មិន​យល់ព្រម​អនុម័ត​នូវ​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​ណាមួយ មុន​ដំណាច់​ឆ្នាំនេះ​ដែល​បង្ក​ឱ្យ​មាន​ក្តីព្រួយបារម្ភ​ដល់​ទីផ្សារ​ជួញដូរ​។

អារម្មណ៍​ក្នុងចំណោម​ពាណិជ្ជករ​មាន​សម្ទុះ​ឡើងវិញ​នៅ​ខែ​នេះ​ បន្ទាប់ពី​ការឈ្នះឆ្នោត​របស់ Joe Biden បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាព​ប្រាកដប្រជា​បន្ថែមទៀត​នៅលើ​ពិភពលោក​ហើយ​ក្រុមហ៊ុន​ឱសថ​យក្ស Pfizer និង​ BioNTech បានប្រកាស​ថា​វ៉ាក់សាំង​ប្រឆាំង​វីរុស​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ជាង​ ៩០ ​ភាគរយ​។

ព័ត៌មាន​នេះ​នាំឱ្យ​មាន​ក្តីសង្ឃឹម​ចំពោះ​សេដ្ឋកិច្ចពិភពលោក​អាច​ចាប់ផ្តើម​ងាក​ទៅ​ភាពប្រក្រតី​វិញ​ឆាប់ៗ​។

កាលពី​ថ្ងៃ​ចន្ទ​ដែល​ទស្សនវិស័យ​សេដ្ឋកិច្ច​ត្រូវបាន​គេ​ធ្វើ​បច្ចុប្បន្នភាព​ជាថ្មី ពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​អាមេរិក Moderna អះអាងថា លទ្ធផល​ធ្វើតេស្ត​បង្ហាញថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព​រហូតដល់​ទៅ​ ៩៤,៥ ​ភាគរយ​ឯណោះ​។

អ្នកវិទ្យាសាស្ត្រ​ផ្នែក​ជំងឺឆ្លង​កំពូល​របស់​សហរដ្ឋអាមេរិក​លោក Anthony Fauci បាន​សាទរ​ចំពោះ​ការប្រកាស​នេះ​ថា​ជា​៖ «​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ហើយ​វា​ពិតជា​លទ្ធផល​ដ៏វិសេស​វិសាល​ណាស់​»​។

សន្ទស្សន៍​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំៗ​ទាំង​ ៣ ​នៅ Wall Street បាន​កើនឡើង​ខ្ពស់ ដោយ​ភាគហ៊ុន Dow និង S&P 500 បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​នៃ​កំណត់ត្រា​ថ្មី​។

ទោះបី​ជា​យ៉ាងណា អាស៊ី​មិន​អាច​រក្សា​សម្ទុះ​ខ្លាំង​ពីថ្ងៃ​មុន​បានទេ​ដោយ​ផ្សារហ៊ុន​ទីក្រុង​តូក្យូ​មាន​ភាពថេរ និង​ផ្សារហ៊ុន​នៅ​ទីក្រុង Shanghai របស់​ចិន ទីក្រុង​សេអ៊ូល​របស់​កូរ៉េខាងត្បូង និង​ទីក្រុង​ Wellington របស់​ប្រទេស​នូវែលសេឡង់​ស្ថិតនៅលើ​បន្ទាត់​ក្រហម ខណៈ​ពេល​ដែល​ផ្សារភាគហ៊ុន​ទីក្រុង ហុងកុង ទីក្រុង​ស៊ីដនី ប្រទេស​សិង្ហបុរី ទីក្រុង​តៃប៉ិ និង​ហ្សាការតា​កើនឡើង​ក្នុង​អំឡុង​ពេលនេះ​៕