ក្រុងហុងកុងៈ ភាគហ៊ុនអាស៊ីបានបន្តកើនឡើងទៅទូទាំងពិភពលោកកាលពីថ្ងៃអង្គារ ហើយសេចក្តីសម្រេចចិត្តរបស់អាមេរិកដែលលែងចាត់ទុកចិនថាជាអ្នកកេងចំណេញតម្លៃរូបិយប័ណ្ណ (currency manipulator) គឺជាសញ្ញាបន្ថែមទៀតបង្ហាញពីភាពធូរស្រាលភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២។
ភាគហ៊ុនរបស់ផ្សារហ៊ុននៅអាស៊ីបាននាំមុខភាគហ៊ុននៅតំបន់ហិរញ្ញវត្ថុ Wall Street ជាទីដែលសន្ទស្សន៍ហ៊ុនធំទាំង ៣ របស់តំបន់ហិរញ្ញវត្ថុរបស់អាមេរិកមួយនេះបានបិទទីផ្សារជាមួយកំណើនកាន់តែខ្ពស់ ដោយសន្ទស្សន៍ហ៊ុន Nasdaq និង S&P 500 បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ដោយសារសេចក្តីរាយការណ៍ដែលថា អាមេរិកបានដកប្រទេស ចិន ចេញពីឈ្មោះអ្នកកេងចំណេញតម្លៃរូបិយប័ណ្ណ។
ផ្សារហ៊ុនក្រុងតូក្យស្ថិតក្នុងចំណោមផ្សារហ៊ុនដែលកើនខ្ពស់បំផុត ដោយសន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុននេះបានកើន ០,៧ ភាគរយ ខណៈប្រាក់ដុល្លារបានកើនឡើងធៀបនឹងប្រាក់យ៉េន។
សន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុនសិង្ហបុរី និងក្រុងសេអ៊ូលបានកើនឡើង ០,៤ ភាគរយដូចគ្នា ខណៈដែលសន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុនក្រុងស៊ីដនីបានកើនឡើង ០,៩ ភាគរយ សន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុនក្រុងវែលីងតោនបានកើនឡើង ០,៧ ភាគរយ ហើយសន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុនក្រុងតៃប៉ិបានកើនឡើង ០,៦ ភាគរយ។ សន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុនក្រុងម៉ុមបៃ និងក្រុងបាងកកកើនឡើង ០,១ ភាគរយដូចគ្នា ខណៈសន្ទស្សន៍ហ៊ុនរបស់ផ្សារហ៊ុនក្រុងហ្សាការតាកើនឡើង ០,២ ភាគរយ៕ KC