
អ្នកដំណើរកំពុងជិះកង់កាត់មុខការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដានៅភ្នំពេញ កន្លងមក។ ផា លីណា
ភ្នំពេញៈ ភាគហ៊ុនធនាគារ អេស៊ីលីដា ២៥ ភាគរយ ដែលកាន់កាប់ដោយក្រុមហ៊ុន ASA គ្រោងនឹងចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលនឹងបើកផ្លូវឲ្យប្រជាជនកម្ពុជាទូទៅអាចទិញហ៊ុន និងក្លាយជាផ្នែកមួយនៃម្ចាស់ភាគហ៊ុនធនាគារដ៏ធំជាងគេនៅកម្ពុជាមួយនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីល្ងាចថ្ងៃពុធ។
ក្រុមហ៊ុន ASA Plc បានបង្កើតឡើងនៅឆ្នាំ ២០០០ ដែលមានភាគហ៊ុនិកភាគច្រើនជាបុគ្គលិក និងនិយោជិតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ភាគហ៊ុនិកសរុបនាពេលនេះមានជាង១ម៉ឺននាក់ ហើយបានកាន់កាប់ភាគហ៊ុនក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ២៥ ភាគរយ។
ក្នុងសេចក្តីជូនដំណឹងដដែល ក្រុមហ៊ុន ASA Plc បានឲ្យដឹងថា ខ្លួនកំពុងរៀបចំនីតិវិធី និងលក្ខខណ្ឌតម្រូវតាមបទប្បញ្ញាត្តិ ដើម្បីស្នើសុំការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈនៅCSX។
ក្រុមហ៊ុន ASA Plc រំពឹងថា ដំណើរការរៀបចំចុះបញ្ជីនៅ CSX នឹងអាចបញ្ចប់នាពេលដ៏ខ្លី។
ក្រុមហ៊ុន Pestech Cambodia ដែលមានបំណងចុះបញ្ជីក្នុងផ្សារហ៊ុនដែរនោះ កាលពីខែមិថុនា ទើបបានទទួលការអនុញ្ញាតបោះផ្សាយពី SECC និងការអនុញ្ញាតលើលទ្ធភាពចុះបញ្ជីពី CSX រួចរាល់ ដែលត្រូវបានគេរំពឹងថាអាចឲ្យក្រុមហ៊ុននេះអាចចុះបញ្ជីជួញដូរនៅចុងឆ្នាំនេះ។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃក្រុមហ៊ុន CSX រំពឹងថា វត្តមានក្រុមហ៊ុនកាន់តែច្រើនចុះបញ្ជី ជាពិសេសវត្តមានធនាគារធំជាងគេនៅកម្ពុជាដូចជា អេស៊ីលីដា នឹងរួមចំណែកធ្វើឲ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែកើនឡើងជាងបច្ចុប្បន្ន។
សូមរង់ចាំអានព័ត៌មានលម្អិតក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍