
ភ្នំពេញៈ តម្លៃហ៊ុនរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានបន្តធ្លាក់ចុះក្រោម ៥ ០០០ រៀលក្នុងមួយហ៊ុនពេលបិទការជួញដូររបស់ខ្លួន កាលពីថ្ងៃចន្ទហើយមានវិនិយោគិនតែម្នាក់គត់បានលក់ភាគហ៊ុនជាង ២០ ០០០ នៅលើទីផ្សារនេះ។
ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទនៅទីក្រុង ភ្នំពេញ កាល ពីម្សិលមិញក្នុងអំឡុងការបើកសម្ពោធសម័យប្រជុំសភាលើកដំបូង ដែលមានតែតំណាងរាស្ត្រពីគណបក្សប្រជាជន ខណៈដែលតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិពហិការ ដែលបង្កើនការបារម្ភក្នុងចំណោមវិនិយោគិន។
យោងតាមទិន្នន័យទីផ្សារមូលបត្រកម្ពុជា (CSX) តម្លៃភាគហ៊ុនរបស់ PPWSA បានធ្លាក់ចុះពី ៤,៣៥ ភាគរយមកនៅត្រឹម ៤ ៨៤០ រៀលក្នុងមួយហ៊ុន និងទំហំជួញដូរមាន ២៥ ៤៤៧ ហ៊ុន ធៀបនឹងការបិទការជួញដូរក្នុងតម្លៃ ៥ ០៦០ រៀល ដោយមានភាគហ៊ុន ១៩ ១៥៣ កាលពីថ្ងៃសុក្រមុន។
លោក Soleil Lamun អនុប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សាររបស់ CSX បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីថ្ងៃចន្ទថា ការបិទផ្លូវនិងការជាប់គាំងនយោបាយក្នុងពេលថ្មីៗនេះបណ្ដាលឲ្យវិនិយោគិនបាត់បង់ទំនុកចិត្តកាន់តែខ្លាំងចំពោះទីផ្សារនេះ។ លោកនិយាយថា៖ «ការបិទផ្លូវនៅព្រឹកនេះបានដាក់បន្ទុកបន្ថែមទៀតចំពោះការធ្លាក់ចុះដែលមានស្រេចទៅហើយនៃតម្លៃរបស់ PPWSA ចាប់តាំងពីការជាប់គាំងនយោបាយ»។
កាលពីម្សិលមិញយើងមានវិនិយោគិនតែម្នាក់គត់បានលក់ភាគហ៊ុនក្នុងតម្លៃទាបបំផុត ហើយធ្វើឲ្យលោកខាតបង់ប្រាក់ជាច្រើនបញ្ហានេះធ្វើឲ្យទីផ្សាររបស់យើងមើលទៅដូចជាមិនល្អសោះ»។ លោកបន្ថែមថា៖ «ខ្ញុំគិតថា លោក/លោកស្រីអាចមានការបារម្ភអំពីបញ្ហានយោបាយឬក៏ពួកគេត្រូវការប្រាក់ជាបន្ទាន់ ខ្ញុំមិនប្រាកដនោះទេ»។
ប៉ុន្តែលោកបានបញ្ជាក់ថា ទោះបីជាតម្លៃបានធ្លាក់ចុះបន្តិចក៏ដោយ ក៏ចំនួនភាគហ៊ុនដែលបានលក់ចេញមានច្រើនលោកបន្តថា៖ «នៅពេលយើងមើលឃើញចំនួនភាគហ៊ុនបានលក់ចេញមានចំនួនច្រើននេះសបញ្ជាក់ថា វិនិយោគិនរបស់យើងនៅតែមានចំណាប់អារម្មណ៍នៅក្នុងទីផ្សារនេះ»។
លោក គុយ វ៉ាត ប្រធានក្រុមហ៊ុនមូលបត្រភ្នំពេញ ស៊ីឃ្យូរីធី ដែលជាភ្នាក់ងារធានាទិញមូលបត្រមួយយល់ថា បញ្ហានយោបាយបច្ចុប្បន្នធ្វើឲ្យទីផ្សារនេះបាត់បង់ទំនុកចិត្ត។
លោកបានបន្តទៀតថា៖ «ជាការពិត វិនិយោគិនមានការបារម្ភអំពីបញ្ហានយោបាយ ដូច្នេះពួកគេនឹងមិនផ្ដោតលើភាគហ៊ុនទេ»។ លោកលើកឡើងថា ភាគហ៊ុនបានលក់ចេញភាគច្រើនគឺមកពីវិនិយោគិនបរទេស។
រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានលក់ភាគហ៊ុនចេញប្រហែល ១៣ ០៤៥ ៩៧៥ ហ៊ុន ដែលមាន ១៥ ភាគរយនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនដែលបានបោះលក់ ៧៣ ៩២៧ ១៨៧ ភាគហ៊ុន ឬស្មើនឹង ៨៥ ភាគរយ ដើម្បីបង្កើនទុនចន្លោះពី ១៣ លានដុល្លារ ដល់ ២០,៤ លានដុល្លារ៕ PB