ក្រុងហុងកុងៈ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់រាយអនឡាញឈានមុខគេរបស់ប្រទេស ចិន បានកើនឡើងជិត ៨ ភាគរយនៅថ្ងៃជួញដូរដំបូងនៅផ្សារហ៊ុនហុងកុងកាលពីថ្ងៃអង្គារ បន្ទាប់ពីការប្រមូលមូលនិធិបានយ៉ាងហោចណាស់ ១១ ពាន់លានដុល្លារ នៅក្នុងការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) ធំជាងគេរបស់ទីក្រុងនេះក្នុងរយៈពេលជិត ១ ទសវត្សរ៍។
ការបោះផ្សាយដែលមានទំហំច្រើនបំផុតនេះបានធ្វើឡើងបន្ទាប់ពីពិធីដ៏គួរឲ្យទាក់ទាញមួយនៅផ្សារហ៊ុនរបស់ទីក្រុងនេះ ដែលបានចូលរួមដោយលោក Daniel Zhang អគ្គនាយកក្រុមហ៊ុន Alibaba លោក Paul Chan លេខាធិការហិរញ្ញវត្ថុទីក្រុងហុងកុង និងលោក Tung Chee-hwa អតីតប្រធានប្រតិបត្តិទីក្រុងហុងកុង។
ក្រុមហ៊ុននេះបានចាប់ផ្ដើមដំណើរការនៅថ្ងៃជួញដូរ និងបានមើលឃើញភា្លមៗនូវការកើនឡើងតម្លៃភាគហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុននេះបានកំណត់តម្លៃសម្រាប់ភាគហ៊ុននីមួយៗក្នុងតម្លៃ ១៧៦ ដុល្លារហុងកុង ប៉ុន្តែតម្លៃភាគហ៊ុននេះបានកើនឡើងភ្លាមៗ ៧,៦៧ ភាគរយ ដល់ ១៨៩,៥ ដុល្លារហុងកុង ក្នុងរយៈពេល ២-៣ នាទីដំបូង។
ក្រុមហ៊ុន Alibaba បានហៅការចុះបញ្ជីនេះជាការបោះឆ្នោតផ្តល់ទំនុកចិត្តនៅទីក្រុងនេះដែលត្រូវបានបំផ្លាញដោយការតវ៉ាប្រឆាំងដោយអំពើហិង្សារយៈពេលជាច្រើនខែ និងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស ចិន និងអាមេរិក ដែលបានបណ្ដាលឲ្យសេដ្ឋកិច្ចរបស់ទីក្រុងនេះធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច។
ក្នុងសញ្ញាមួយនេះភាពតានតឹងដែលនៅតែរីករាលដាលនៅទីក្រុងហុងកុង បន្ទាប់ពីអំពើហិង្សាកាន់តែអាក្រក់មួយចំនួននៃភាពចលាចលនេះ នគរបាលប្រឆាំងកុបកម្មត្រូវឈរជើងនៅខាងក្រៅផ្សារហ៊ុនកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់អាស៊ីដែលក៏ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉កផងដែរនោះបានឲ្យដឹងកន្លងមកថា ខ្លួនអាចប្រមូលមូលនិធិបានជិត ១៣ ពាន់លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង ដែលត្រូវបានគ្រោងទុកដំបូងនៅរដូវក្ដៅ ប៉ុន្តែត្រូវបានផ្អាកដោយសារតែឧបសគ្គដែលវាយប្រហារលើទីក្រុងនេះ។
ជាមួយនឹងភាគហ៊ុន ៥០០ លាន ដែលបានលក់ជូនក្រុមវិនិយោគិន ក្រុមហ៊ុននេះបានឲ្យដឹងថា ខ្លួននឹងប្រមូលមូលនិធិ ៨៨ ពាន់លានដុល្លារហុងកុង (១១ ពាន់លានដុល្លារ)។
ក្រុមហ៊ុន Alibaba អាចប្រមូលមូលនិធិបានចំនួន ១០១,២ ពាន់លានដុល្លារហុងកុង (១២,៩ ពាន់លានដុល្លារ) បើក្រុមហ៊ុននេះសម្រេចជ្រើសយកជម្រើសបោះផ្សាយភាគហ៊ុនបន្ថែម ៧៥ លានបន្ថែមទៀត។
ទោះក្នុងតម្លៃទាបបំផុតក្តី ការបោះផ្សាយនេះនឹងនៅតែជា IPO ច្រើនបំផុតរបស់ផ្សារហ៊ុនហុងកុងដែរចាប់ពីឆ្នាំ ២០១០ មក ៕ LA