ភ្នំ​ពេញ​: ក្រសួង​​កសិកម្ម​ និង​វិស័យ​ឯកជន​ជំរុញ​ឲ្យ​​កសិករ​ពង្រីក​ការ​ដាំ​បន្លែ​សរីរាង្គ​សម្រាប់​​​ផ្គត់ផ្គង់​នៅ​តាម​ផ្សារ​ទំនើប ​និង​ភោជនីយដ្ឋាន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​​មាន​ចំនួន​តិច​នៅ​ឡើយ។​

លោក​ ដួង​ គឹមឈាន ​ទីប្រឹក្សា​​តាម​ដាន​ និង​វាយ​តម្លៃ ​កម្មវិធី​គម្រោង​ ASPIRE នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល ដែល​កសិករ​ក្នុង​ខេត្ត​នេះ​អាច​​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ​ ទីផ្សារ​ក្នុង​ស្រុក​ចំនួន​ ១៣៤ ៤០០ ​គីឡូ​ក្រាម​ កាល​ពី​ឆ្នាំ ​២០១៨​ បាន​ឲ្យ​ដឹង​ថា​ ​ការ​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ​នឹង​កើន​ឡើង​ប្រមាណ​ ២០ ​​ភាគរយ​ នៅ​ដំណាច់​ឆ្នាំ​នេះ​​។​

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធាន​អង្គការ​ IFAD កាល​​ពី​សប្តាហ៍​មុន​ទៅ​កាន់​ ឃុំ​ស្វាយ​​ប្រទាល ​ស្រុក​ស្អាង​ ខេត្ត​​កណ្តាល​​ ដែល​កសិករ​កំពុង​​អនុវត្ត​ការ​ដាំ​បន្លែ​មិន​ប្រើ​គីមី​ក្រោម​គម្រោង​របស់ ​IFA​D​​។​

លោក​ ដួង​ គឹមឈាន ​បាន​ឲ្យ​ដឹង​​ថា​៖ «បន្លែ​ដាំ​ក្នុង​ផ្ទះ​សំណាញ់​មាន​តម្លៃ​ខ្ពស់​ កសិករ​​អាច​ដាំ​បាន​ពេញ ​១ ​ឆ្នាំ​ ការពារ​​សត្វ​ល្អិត​ចង្រៃ ​និង​កាត់​បន្ថយ​​ថ្លៃ​ដើម​ផលិត​ព្រោះ​មិន​ប្រើ​ថ្នាំ​គីមី​ទេ​»។​

លោក​បន្ថែម​ថា ​កសិករ​ទាំង​នោះ ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ក្រោម​គម្រោង​អភិវឌ្ឍន៍​កសិកម្ម ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ​(PADEE) និង​ការ​ពង្រីក​សមាជិក​បណ្តុំ​ដោយ​កម្មវិធី​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី ​ASPIRE។ ​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ជា​តំបន់​ដាំដុះ​បន្លែ​ដ៏​ធំ​មួយ​​សម្រាប់​​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​។​

លោក​ គឹម​ឈាន​ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​បង្កើត​គម្រោង​ដាំ​បន្លែ​សរីរាង្គ​ដំបូង​​មក មាន​កសិករ​ចូល​ជា​សមាជិក​បាន​កើន​ឡើង ​១៣ ​​គ្រួសារ​ ដល់ ​៥០​ គ្រួសារ​ គិត​មក​ដល់​ពេល​នេះ​។

កញ្ញា ​ប៊ុន​ សៀង​ ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​ ជា​​ក្រុមហ៊ុន​ទិញ​បន្លែ​សរីរាង្គ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ផ្គត់ផ្គង់​​បន្លែ​សរីរាង្គ​បច្ចុប្បន្ន​មាន​ប្រមាណ ​៥០០ គីឡូក្រាម ​ក្នុង ​១ ​ថ្ងៃៗ ​នៅ​តាម​ផ្សារ​ទំនើប​​​​ និង​ភោជនីយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​។​ ប៉ុន្តែ​កញ្ញា​បន្ថែម​ថា​៖ «​​ចំនួន​នេះ​​មិន​ទាន់​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅ​ផ្សារ​ទំនើប​ ដូចជា AEON Mall ឡាក់គី ភោជនីយដ្ឋាន​នានា​នៅ​ភ្នំពេញ​ទេ​»។

ទោះបី​យ៉ាង​នេះ​ក្តី ប៊ុន​ សៀង​ បាន​ឲ្យ​ដឹង​ថា ដើម្បី​ពង្រីក​ការ​ផ្គត់ផ្គង់​​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សហករណ៍​ ​សម្រាប់​ទិញ​បន្លែ​សុវត្ថិភាព​ ដែល​ជា​បន្លែ​ដាំ​ប្រើ​ថ្នាំ​គីមី​ក្នុង​កម្រិត​តិច​តាម​ស្តង់ដា​ក្រសួង​កសិកម្ម​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ។

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បើក​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ពិនិត្យ​គុណភាព​ និង​ចែកចាយ​បន្លែ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​តម្លៃ​ ​១០ ​ម៉ឺន​ដុល្លារ ​​ជា​ជំនួយ​ឥត​​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​​។

លោក​ ហ៊ាន​ វណ្ណហន​ រដ្ឋលេខាធិកា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា៖​ «មជ្ឈមណ្ឌល​ខាង​លើ​ពិត​ជា​ធាតុ​ចូល​ចាំបាច់​មួយ​ក្នុង​​សកម្មភាព​ជំរុញ​ផលិតកម្ម​បន្លែ​ធានា​សុវត្ថិភាព ​តាំង​ពី​ផលិតកម្ម​ ប្រមូល​ទិញ​ វេច​ខ្ចប់​ និង​ដាក់​បញ្ចូល​ដល់​ក្នុង​ទីផ្សារ»​​។​​

បើ​តាម​កញ្ញា​ ប៊ុន​ សៀង ​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​ នឹង​ធ្វើ​ការ​ពង្រីក​ការ​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ​ និង​បន្លែ​សុវត្ថិភាព​ឲ្យ​បាន ​២០ ​តោន ​​ត្រឹម​ដំណាច់​ឆ្នាំ ​២០១៩ ​និង ​១០០ ​តោន ​នៅ​ឆ្នាំ ​​២០២០​។​ ​លោក​ គឹមឈាន ​បាន​ឲ្យ​ដឹង​ថា ​ផ្ទៃ​ដី​នៅ​ស្រុក​ស្អាង​សរុប​ ៣ ៥៧០ ​ហិកតា​ ក្នុង​នោះ​ផ្ទៃដី​ដាំ​ដំណាំ​កសិកម្ម​មាន​​ចំនួន​ ១ ៤៤៣ ហិកតា​ ដែល​ភាគ​ច្រើន​ជា​ដំណាំ​បន្លែ​។

កាល​ពី​​ឆ្នាំ ២០១៨ ​តម្រូវការ​ប្រើប្រាស់​បន្លែ​នៅ​កម្ពុជា​មាន​ចំនួន​ ៥០០ ​តោន ​ក្នុង​ ១ ​ថ្ងៃ ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ២០០​ ០០០​ ទៅ ​៣០០​ ០០០ ​​​ដុល្លារ​។ ​ជាង​ពាក់​កណ្តាល​នៃ​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ វៀតណាម​៕ LA