The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​តានតឹង​ពាណិជ្ជកម្ម ​កាត់​បន្ថយ​សេដ្ឋកិច្ច​អាហ្រ្វិក

ភាព​តានតឹង​ពាណិជ្ជកម្ម ​កាត់​បន្ថយ​សេដ្ឋកិច្ច​អាហ្រ្វិក

Content image - Phnom Penh Post
អតិថិជន​ដើរទិញទំនិញនៅ​ផ្សារទំនើប Shoprite ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ រូបថត AFP

ភាព​តានតឹង​ពាណិជ្ជកម្ម ​កាត់​បន្ថយ​សេដ្ឋកិច្ច​អាហ្រ្វិក

ក្រុងអាឌីសអាបេបាៈ ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដ៏​រ៉ាំរ៉ៃ​​រវាង​​មហា​អំណាច​​សេដ្ឋកិច្ច​​​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ ​ចិន​​ អាច​កាត់​បន្ថយ​​កំណើន​ ០,៧ ​ភាគរយ​ចេញ​​ពី​ផលិតផល​ក្នុង​ស្រុក​​​សរុប (ផ.ស.ស) ​របស់​ទ្វីប​​អា្រហ្វិក​​ក្នុង​ឆ្នាំ​ ២០១៩​ នេះ។ ​នេះ​បើ​តាម​​​មន្រ្តី​ជាន់​​​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អា្រហ្វិក​ (AfDB) ​កាល​ពី​ចុង​សប្តាហ៍​មុន។

លោក​ស្រី Hanan Morsy ​ប្រធាន​​នាយកដ្ឋាន​​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ធនាគារ AfDB ​​បាន​ធ្វើ​ការ​ព្យាករ​យ៉ាង​ដូច្នេះ​​នៅ​ឯ​​ក្រៅ​កិច្ច​ប្រជុំ​​កំពូល​របស់​សហភាព​អា្រហ្វិក​នៅ​​ទីក្រុង​​អាឌីសអាបេបា​​ ប្រទេស ​អេត្យូពី ខណៈ​ដែល​​មន្ទិល​​សង្ស័យ​ថ្មី​ៗ​បាន​លេច​ឡើង​​ទៅ​លើ​​ទស្សន​វិស័យ​​សម្រាប់​​ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម​​ អាមេរិក​-​ចិន​​។

ការ​ថ្លែង​របស់​លោក​ស្រី​បាន​ធ្វើ​ឡើង​​ ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​​របាយការណ៍​ស្តីពី​ទស្សន​វិស័យ​​​សេដ្ឋកិច្ច​​ទ្វីប​អា្រហ្វិក​​ ឆ្នាំ ២០១៩​ របស់​ធនាគារ AfDB ដែល​​បាន​បង្ហាញ​​ថា ​កំណើន​សេដ្ឋកិច្ច​​​​របស់​ទ្វីប​នេះ​មាន​អត្រា ​៣,៥​ ភាគរយ​ក្នុង ​ឆ្នាំ ​២០១៨​ ​និង​​ត្រូវ​បាន​រំពឹង​ថា​នឹង​ កើន​ឡើង​​ ៤ ​​ភាគរយ​ក្នុង​ឆ្នាំ ​២០១៩​។ ​អត្រា​កំណើន​នេះ​មាន​កម្រិត​ខ្ពស់​ជាង​កំណើន​សេដ្ឋកិច្ច​របស់​​តំបន់​នានា​ក្នុង​ពិភព​លោក​ ប៉ុន្តែ​នៅ​​​តែ​មិន​គ្រប់គ្រាន់​​​នៅ​ឡើយ​ទេ​ដើម្បី​ដោះ​ស្រាយ​​​ឱនភាព​​សារ​​ពើ​ពន្ធ​​ និង​គណនី​​ចរន្ត​ដ៏​រ៉ាំរ៉ៃ​ និង​ «​បំណុល​ដែល​គ្មាន​​និរន្តរភាព»។

ជាង​នេះ​ទៀត​ ​​សមរភូមិ​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​​កើត​មាន​រវាង​អាមេរិក​និង​ចិន​​ អាច​នឹង​ «មាន​​ផល​ប៉ះ​ពាល់​​អវិជ្ជមាន​​ ​០,៧ ​ភាគរយ​នៃ​ ផ.ស.ស ពី​ទ្វីប​អាហ្រ្វិក​។ ​ផល​ប៉ះ​ពាល់​នេះ​​នឹង​កើត​​មាន​ឡើង​​​តាម​រយៈ​កង្វះ​​លំហូរ​ពាណិជ្ជកម្ម​ និង​វិនិយោគ»។

លោក​ស្រី​បាន​បន្ថែម​ថា៖ «​ធនាគារ AfDB​ រំពឹង​​ជា​ពិសេស​ថា ​នឹង​មាន​​​ផល​ប៉ះពាល់​​គួរ​ឲ្យ​កត់​សម្គាល់​​​​ក្នុង​វិស័យ​ដែល​អាច​ធ្វើ​​​ពាណិជ្ជ​បាន​ រួម​មាន​​ទំនិញ​​ប្រើប្រាស់​សម្រាប់​​​នាំចេញ​​ដូច​ជា​ ផលិតផល​ពាក់ព័ន្ធ​នឹង​រ៉ែ ប្រេង និង​អាហារ​ជា​ដើម​»។

សហរដ្ឋ​អាមេរិក​បាន​គំរាម​ដក​ហូត​​​ពន្ធ​ទ្វេ​ដង​​ទៅ​លើ​ទំនិញ​របស់​ចិន​​នៅ​ដើម​​ខែ​មីនា​ខាង​មុខ ​ប្រសិន​បើ​មិន​មាន​ការ​​ព្រមព្រៀង​​ស្តីពី​​​វិធាន​ការ​កំណែ​ទម្រង់​ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​ ដែល​​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​អយុត្តិធម៌​ខ្លាំង។

លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​និយាយ​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​​សប្តាហ៍​មុន​ថា លោក​មិន​បាន​​រំពឹង​ថា​នឹង​ជួប​ជា​មួយ​សមភាគី​របស់​លោក​ គឺ​លោក ស៊ី ជីនភីង ​មុន​កាល​បរិច្ឆេទ​កំណត់​ថ្ងៃ​ទី ​១ ខែ​មីនា​នោះ​ទេ ​ដែល​នេះ​បាន​នាំ​ឲ្យ​មាន​​ការ​ធ្លាក់​​ចុះ​​​​ទីផ្សារ​ភាគហ៊ុន​​ពិភព​លោក។

លោក​ Larry Kudlow សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​សេតវិមាន​ បាន​ប្រាប់​សារ​ព័ត៌មាន Fox Business ​​កាល​ពី ថ្ងៃ​ព្រហស្បតិ៍​ថា បើ​ទោះ​ជា​លោក​ ត្រាំ មាន «សុទិដិ្ឋនិយម» ចំពោះ​​ចក្ខុវិស័យ​នៃ​ការ​សម្រេច​បាន​​​កិច្ច​ព្រមព្រៀង​មួយ​ក្តី ក៏​នៅ​តែ​មាន «គម្លាត​ដ៏ធំ» រវាង​​ភាគី​ទាំង ​២។​

កង្វះ​ការ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​អាច​កាន់​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ថយចុះ ដោយ​គណៈកម្មការ​អឺរ៉ុប​បាន​ព្យាករ​ពី​ការ​មាន​កំណើន​មិន​ល្អ​រួច​ហើយ​​កាល​ពី​សប្តាហ៍​មុន​ថា សេដ្ឋកិច្ច​របស់​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​នឹង​កើន​ឡើង​តែ ១,៣ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ។

ការ​ថមថយ​សេដ្ឋកិច្ច​ពិភព​លោក អាច​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​តម្រូវ​ការ​សម្រាប់​ការ​នាំចេញ​របស់​ទ្វីប​អាហ្រ្វិក ដោយ​ជាង ៦០ ភាគរយ​នៃ​ការ​នាំចេញ​នេះ​បាន​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ប្រទេស ចិន និង​អឺរ៉ុប។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​របស់​ធនាគារ AfDB។

របាយការណ៍​នេះ​​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​ចំនួន ៤០ ភាគរយ​នៃ​ប្រទេស​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ត្រូវ​បាន​ព្យាករ​ថា​ នឹង​មើល​ឃើញ​​កំណើន​សេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់ ៥ ភាគរយ៕ AFP/PS

អត្ថបទគួរចាប់អារម្មណ៍