The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​មិន​ប៉ះពាល់​ទេសចរ​មក​កម្ពុជា

ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​មិន​ប៉ះពាល់​ទេសចរ​មក​កម្ពុជា

ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​មិន​ប៉ះពាល់​ទេសចរ​មក​កម្ពុជា

ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មិន​មាន​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​កូរ៉េ ឬ​មាន​ការ​លុប​ជើង​ហោះ​ហើរ​មក​កាន់​កម្ពុជា​ក្នុង​រយៈ​ពេល​មាន​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​នោះ​ទេ។

ភាព​តាន​តឹង​រវាង​កូរ៉េ​ទាំង​ពីរ​ចាប់​ផ្ដើម​ឡើង​កម្តៅ​នៅ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​នេះ​រហូត​ដល់​មាន​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​សង្គ្រាម។

លោក​ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​លើក​ឡើង​ថា​មិន​ឃើញ​មាន​ការ​លុប​ចោល​ជើង​យន្ត​ហោះ​ឬ​ក៏​ការ​ពន្យារ​ជើង​ហោះ​ហើរ​ណា​មួយ​ក៏​ដូច​ជា​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ទេសចរ​កូរ៉េ​មក​កម្ពុជា​នោះ​ទេ​។​លោក​ថ្លែង​ថា​៖ «មិន​មាន​របាយការណ៍​ផ្ញើ​មក​ខ្ញុំ​ដែល​និយាយ​ថា ភាព​តាន​តឹង​នេះ​មាន​ឥទ្ធិពល​លើ​ឧស្សាហកម្ម​ទេសចរណ៍​របស់​យើង​ទេ​។ ប៉ុន្តែ​ជា​ធម្មតា​អំឡុង​ពេល​រដូវ​ក្ដៅ​ចំនួន​អ្នក​ទេសចរ​មាន​ការ​ធ្លាក់​ចុះ​តិច​តួច​»។

លោក បន្ថែម​ថា​តាម​ទិន្នន័យ​ភ្ញៀវ​ពី​កូរ៉េ​ខាង​ត្បូង​ឈរ​លេខ​មួយ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​ដោយ​កើន​ឡើង​៨​ភាគ​រយ​ដល់​១២០ ០០០​នាក់​។

លោក ឆឺយ ឆន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​និយាយ​ថា​មិន​មាន​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​កូរ៉េ​ទេ​នៅ​ខេត្ត​របស់​លោក​ក្នុង​ពេល​នេះ​។

លោក ខែក នរិន្ទដា ប្រធាន​ទំនាក់​ផ្នែក​សាធារណៈ​នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ​បាន​អះអាង​ថា​មិន​មាន​ការ​លុប​ចោល​ជើង​ហោះ​ហើរ​និង​ការ​ពន្យារ​ពេល​ពី​កូរ៉េ​នោះ​ទេ​។

ប៉ុន្តែ​តំណាង​វិស័យ​ឯកជន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​។

លោក ហូ វណ្ឌី បាន​ឲ្យ​ដឹង​ថា​៖ «​វា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​យើង​ទាំង​អស់​គ្នា​ដោយ​សារ​តែ​ទេសចរ​កូរ៉េ​មាន​សក្ដានុពល​សម្រាប់​យើង​។ បើ​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើងៗ​នឹង​មាន​ផល​ប៉ះពាល់​ដ៏​ធំ​ចំពោះ​ឧស្សាហកម្ម​ទេសចរណ៍​របស់​យើង​ដូច​ជា​យើង​ប្រឈម​នឹង​ទេសចរ​ជប៉ុន​ដែល​ធ្លាប់​តែ​ឈរ​លំដាប់​ទី​មួយ​មុន​ពួកគេ​ត្រូវ​បាន​រង​ឥទ្ធិពល​ដោយ​រលក យក្ស​ស៊ូណាមិ​»។

ទិន្នន័យ​ផ្លូវ​ការ​ពី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា​កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​កូរ៉េ ៤១១ ៤៩១ នាក់​ក្នុង​ឆ្នាំ​២០១២​ធៀប​នឹង​ឆ្នាំ​២០១១ មាន​ចំនួន ៣៤២ ៨១០​នាក់​៕ PB

អត្ថបទគួរចាប់អារម្មណ៍