ភ្នំពេញៈ ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​រួម​កម្សាន្ត​ក្នុង​ពិ​ធី​បុណ្យ​អុំ​ទូក​ឆ្នាំ​ ២០១៨ នៅ​​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​កើន​​ឡើង​ជិត​ ​៥០​ ភាគ​រយ ខណៈ​ដែល​​ភ្ញៀវ​ទេស​ចរ​ធ្វើ​​ដំ​ណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​​​បាន​កើន​ឡើង ​១៥,​៦ ​ភាគ​រយ។ នេះ​បើ​​យោង​ទៅ​តាម​ទំ​ព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​​ក្រ​សួង​ទេស​ចរណ៍។

ទិន្ន​ន័យ​បង្ហាញ​ថា ក្នុង​​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​រយៈ​ពេល ​៣ ​ថ្ងៃ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​មាន​ប្រ​ជា​ជន​ក្នុង​ស្រុក​ ៤,៥ ​លាន​នាក់​បាន​ចូល​​រួម​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ជាតិ​​នេះ​ ខណៈ​​ភ្ញៀវ​ទេស​ចរ​បរ​ទេស​​មាន​ប្រ​ហែល ​១២,០០០ ​នាក់។

ស្រប​ពេល​នោះ​ដែរ ​ភ្ញៀវ​ទេស​ចរ​ដែល​​ធ្វើ​ដំ​ណើរ​កម្សាន្ត​នៅ​តាម​​​បណ្តា​ខេត្ត ​​មាន​ប្រមាណ ​៩២​ ម៉ឺន​នាក់ ​ដោយ​ក្នុង​នោះ​ប្រ​ជា​ជន​​ក្នុង​ស្រុក​មាន ​៨៤ ម៉ឺន​នាក់​ កើន​ឡើង​ ១៥,៣​ ភាគ​រយ ហើយ​​ជន​បរ​ទេស​មាន ៨​ ម៉ឺន​នាក់ កើន​ឡើង​ ១៨,៥ ​ភាគ​រយ។​

លោក ងូវ សេង​កាក់ ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប បាន​ប្រាប់​​ថា ចំ​នួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តាម​ប្រា​សាទ​ និង​តំបន់​រមណីយ​ដ្ឋាន​នា​នា​ក្នុង​ខេត្ត​សៀម​រាប​នា​ឱ​កាស​​បុណ្យ​​អុំ​ទូក​ឆ្នាំ​នេះ​​​មាន​ចំ​នួន​ជាង​​ ៣៣ ម៉ឺន​នាក់ កើន​ឡើង​ ១៨,៥៣​ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​ក្នុង​នោះ​​ភ្ញៀវ​​​ក្នុង​ស្រុក ​មាន​ជាង ​២៩ ​ម៉ឺន​នាក់ កើន​ឡើង ​១៩,៦ ​ភាគ​រយ​ ហើយ​​ជន​បរ​ទេស​មាន ​៣២,៨៩៦នាក់ កើន ៣​ភាគ​រយ។

លោក​​​ថ្លែង​ថា៖ ​«​​ភ្ញៀវ​មក​កម្សាន្ត​​​ខេត្ត​សៀម​រាប​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​អា​ជ្ញា​ធរ​បាន​រៀប​ចំ​ឲ្យ​មាន​កម្ម​វិធី​ជា​ច្រើន​ ពិ​សេស​នៅ​តាម​ដង​ស្ទឹង និង​​​នៅ​ Pub Street»។

បើ​តាម​លោក សេង​កាក់ បច្ចុ​ប្បន្ន​ខេត្ត​​​សៀម​រាប​មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​ សំណាក់​ប្រ​មាណ​ជាង​ ២២,០០០។

នៅ​ក្នុង​រយៈ​ពេល​ ១០​ ខែ​​ដំ​បូង​ក្នុង​ឆ្នាំ​​ ២០១៨ ខេត្ត​សៀម​រាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ ២,០៩ លាន​នាក់​កើន​​​​ជាង ​៨ ​ភាគ​រយ​ដែល​នាំ​មុខ​ដោយ​ភ្ញៀវ​មក​ពី​ប្រ​ទេស​ ចិន កូរ៉េ ជប៉ុន និង​អា​មេ​រិក។ តាម​​ការ​ព្យា​ករ​ ក្នុង​ឆ្នាំ​ ២០១៨ នេះ​ខេត្ត​សៀម​រាប​នឹង​ទទួល​បាន​ភ្ញៀវ​ប្រ​មាណ ​៥,៥​ លាន​នាក់ ក្នុង​នោះ​ជន​បរ​ទេស​ ២,៥​ ​លាន​នាក់​។​

លោក សយ ស៊ី​ណុល ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​កំ​ពត​ បាន​និ​យាយ​ថា ​រយៈ​ពេល​ ៣​ ថ្ងៃ​​ នៃ​ពិធី​បុណ្យ​អុំ​ទូក​នេះ ខេត្ត​កំ​ពត​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ជិត ​១០ ​ម៉ឺន​នាក់ កើន ​ឡើង​ជិត​ ១៩​ភាគ​រយ​​ ដែល​ក្នុង​នោះ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ជិត ​៩០ ​ភាគ​រយ​។​

លោក​ថ្លែង​ថា៖ ​«​កំណើន​ភ្ញៀវ​ទេស​ចរ​ ដោយ​សារ​​​ខេត្ត​កំ​ពត​មាន​​ផលិត​ផល​​ទេស​ចរ​ណ៍​ជា​ច្រើន ហើយ​​ផលិត​ផល​ទាំង​នោះ​មិន​មាន​លក្ខណៈ​ដូច​តំ​បន់​ដទៃ​ទេ​»។

អ្នក​នៅ​ក្នុ​ង​ឧស្សា​ហ​កម្ម​មួយ​នេះ​​បាន​​លើក​ឡើង​ថា កត្តា​ហេដ្ឋា​​រចនា​សម្ព័ន្ធ កំ​ណើន​ប្រាក់​ចំ​ណូល និង​គុណ​ភាព​សេវា បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​កម្សាន្ត​ក្នុង​ស្រុក​កាន់​តែ​មាន​​ភាព​ទាក់​ទាញ។​

លោកស្រី ឆាយ ស៊ីវ​លីន ប្រ​ធាន​​​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ បាន​និ​យាយ​​​ថា ការ​លើក​កម្ពស់​​គុណ​ភាព​សេ​វា​កម្ម តម្លៃ និង​ស្ថិរ​ភាព​នយោ​បា​យ​បាន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​វិ​ស័យ​ទេស​ចរណ៍​។​

លោក​ស្រី​ថ្លែង​ថា​៖ ​«​ភ្ញៀវ​​​ទៅ​កម្សាន្ត​​ភូមិ​ភាគ​ឦសាន​​បាន​កើន​ឡើង​​ច្រើន​នា​អំ​ឡុង​បុណ្យ​អុំ​ទូក​ឆ្នាំ​​នេះ ដោយ​សារ​នៅ​ទី​នោះ​មាន​ផលិត​ផល​សេ​វា​កម្ម និង​ធម្ម​ជាតិ​ស្រស់​ត្រ​កាល​ជា​ច្រើន​»​។

ទោះ​យ៉ាង​ណា​ លោក​ស្រី​ បាន​អះ​អាង​ថា បើ​ទោះ​ជា​ចំ​នួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំ​ណើរ​កម្សាន្ត​ក្នុង​​ឱ​កាស​​បុណ្យ​អុំ​ទូក​បាន​កើន​ឡើង​នៅ​គ្រប់​ទី​កន្លែង​ក្តី ក៏​​ខេត្ត​ព្រះ​សី​ហ​នុ​ទទួល​រ​ង​ការ​ធ្លាក់​ចុះ។

លោក​ស្រី​​បញ្ជាក់​ថា៖​ «​​អាច​ដោយសារ​តែ​នៅ​ក្រុង​ព្រះ​សី​ហនុ​មាន​ចំ​នួន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ច្រើន​កំ​ពុង​ស្នាក់​នៅ​ ដែល​ធ្វើ​ឲ្យ​គេ​ពិ​បាក​​រក​កន្លែង​ស្នាក់​នៅ និង​​ម្ហូប​អាហារ​មាន​តម្លៃ​ខ្ពស់»។​

លោក វ៉េង ស៊ី​សុ​វង្ស អនុ​ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ដ​ព្រះ​សី​ហ​នុ​បាន​ប្រាប់​គេហ​ទំព័រ​ក្នុង​ស្រុក​​ថា រយៈ​ពេល​ ៣ ​​ថ្ងៃ​នៃ​ពិ​ធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​​ខេត្ត​ព្រះ​សី​ហ​នុ​ ​ទទួល​​ភ្ញៀវ​ទេសចរ​​​​ប្រ​មាណ ៦៣,០០០ ​​នាក់ ថយ​ចុះ​ ២៥,៨៨ ​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ក្នុង​នោះ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ប្រ​មាណ ​៥០,២៣០ ​នាក់​ថយ​ចុះ​ ៣២,០៧ ភាគ​រយ​​។

ទោះ​ជា​យ៉ាង​ណា ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​កំ​ពត​ បាន​បញ្ជាក់​​ថា ខេត្ត​កំ​ពត​មិន​សូវ​ទទួល​បាន​​កំ​ណើន​ពី​ការ​ធ្លាក់​ចុះ​​នៃ​ចំ​នួន​​ភ្ញៀវ​ទេសចរ​ពី​ខេត្ត​ព្រះ​សី​ហនុ​ទេ ព្រោះ​​ខេត្ត​ទាំង​ ២ មាន​សក្តា​នុ​ពល​​ផ្សេង​ពី​គ្នា​​៕ LA