ភ្នំពេញៈ តំបន់ឧទ្យានអង្គរបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២,៦ លាននាក់កាលពីឆ្នាំ ២០១៨ ដោយរកប្រាក់ចំណូលបានជាង ១១០ លានដុល្លារ។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរកាលពីម្សិលមិញ។
ឧទ្យាននេះត្រូវបានមើលឃើញពីកំណើនភ្ញៀវទេសចរអន្តរជាតិ ៥,៤៥ ភាគរយដល់ចំនួន ២,៥៩ លាននាក់ធៀបទៅនឹងឆ្នាំ ២០១៧ ខណៈប្រាក់ចំណូលបានពីការលក់សំបុត្របានកើនឡើង ៨ ភាគរយ ដែលរកប្រាក់ចំណូលបាន ១១៦,៦៤ លានដុល្លារ។
លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា តំបន់ប្រាសាទរបស់កម្ពុជាមួយនេះគឺជាកន្លែងដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងជាប្រភពប្រាក់ចំណូលរាប់លានដុល្លារ។
លោក សេងកាក់ បានបន្តថា ខណៈដែលឧស្សាហកម្មទេសចរណ៍មានភាពទាក់ទាញទេសចររួចហើយជាមួយនឹងប្រាសាទជាច្រើនរបស់ខ្លួននោះ ប្រតិបត្តិករទេសចរណ៍ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតដើម្បីរួមគ្នាលើកកម្ពស់ដល់វិស័យនេះដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឲ្យចូលមកប្រទេសនេះ។ លោកបន្ថែម ថា គុណភាពសេវាបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏សំខាន់មួយនៃវិស័យនេះ។
លោកថ្លែងថា៖ «ប្រាសាទរបស់យើងមានតម្លៃមិនអាចកាត់ថ្លៃបាន គ្រាន់តែកេរ្ដិ៍ឈ្មោះប្រាសាទរបស់យើងបានជួយនាំយកភ្ញៀវទេសចរអន្តរជាតិរួចស្រេចទៅហើយដល់កម្ពុជា»។
លោកបានបន្តថា៖ «ជាមួយនឹងសេវាប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អ ភ្ញៀវទេសចរនឹងត្រូវបានទាក់ទាញឲ្យស្នាក់នៅ កាន់តែយូរ និងមានផែនការវិលត្រឡប់មកវិញសម្រាប់ការធ្វើដំណើរនៅពេលក្រោយ»។
លោកបន្ថែមទៀតថា តំបន់ទេសចរណ៍ធម្មជាតិ និងអេកូសហគមន៍ គឺជាកន្លែងដ៏ល្អផងដែរ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីពួកគេទស្សនាតំបន់អង្គរ។
វិស័យទេសចរណ៍របស់ប្រទេស កម្ពុជា កំពុងទទួលកំណើនគួរឲ្យកត់សម្គាល់ខណៈ ជនបរទេសសម្រុកចូលមកទស្សនាភាពទាក់ទាញសម្រស់ធម្មជាតិ និងវប្បធម៌របស់ព្រះរាជាណាចក្រមួយនេះ។
សម្រាប់ខែធ្នូ ឆ្នាំ ២០១៨ ប្រាក់ចំណូលបានធ្លាក់ចុះ ១,៥៩ ភាគរយមកនៅត្រឹមប្រហែល ១២,១១ លានដុល្លារ ខណៈអ្នកធ្វើដំណើរដែលទៅទស្សនាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ់របស់ប្រទេស កម្ពុជា មួយបានកើនឡើង ០,១៦ ភាគរយដល់ ២៦៧ ៦៤៧ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
ក្នុងចំណោមប្រាក់ចំណូលសរុបពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងឆ្នាំ ២០១៨ ប្រាក់ចំនួនជាង ៥,១ លានដុល្លារត្រូវបានឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងអំឡុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០១៨ កម្ពុជាបានសា្វគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៤,៨២ លាននាក់ ខណៈដែលភ្ញៀវទេសចរអន្តរជាតិ ៥,៦ លាននាក់ បានមកទស្សនាកម្ពុជាកាលពីឆ្នាំ ២០១៧។ ភ្ញៀវទេសចរជនជាតិចិនជាប់លំដាប់ថ្នាក់លើ គេបន្ទាប់មកភ្ញៀវទេសចរជនជាតិវៀតណាម ឡាវ ថៃ និងកូរ៉េខាងត្បូង។ នេះបើយោងតាមទិន្នន័យបានពីក្រសួងទេសចរណ៍។
រដ្ឋាភិបាលកំណត់ទិសដៅភ្ញៀវទេសចរដល់ ៧ លាននាក់ក្នុងឆ្នាំ ២០២០៕ LA