ភ្នំពេញៈ វិស័យទេសចរណ៍នៅខេត្តភូមិភាគឦសាន ពិសេសខេត្តមណ្ឌលគិរី ត្រូវរំពឹងថានឹងមានសម្ទុះកើនឡើងខ្លាំងនៅពេលខាងមុខ ខណៈរដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនបានសម្រេចជាគោលការណ៍ឱ្យក្រុមហ៊ុនរបស់ចិន សិក្សា និងអភិវឌ្ឍសំណើសាងសង់ព្រលានយន្តហោះថ្មីខ្នាតតំបន់ក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមអ្នកក្នុងវិស័យទេសចរណ៍កម្ពុជា។
កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំមុនទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ដើម្បីផ្ញើទៅជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលព្រមទាំងអភិបាលខេត្តមណ្ឌលគិរីថា រដ្ឋាភិបាលបានសម្រេចជាគោលការណ៍ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍសំណើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរីដោយតម្រូវឱ្យក្រុមហ៊ុនទទួលរ៉ាប់រងលើចំណាយនៃការសិក្សាសមិទ្ធលទ្ធភាពគម្រោងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ជាមួយគ្នានេះរដ្ឋ ក៏អនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តកន្លងមក។
លោកស្រី ស៊ិន ចាន់សុភាព ម្ចាស់បាងហ្គាឡូ ចំការតែ ដែលស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ព្រលានយន្តហោះថ្មីនឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅមណ្ឌលគិរី ខណៈក្នុងរយៈពេល ៣ ថ្ងៃមកនេះ (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២១) លោកស្រីសង្កេតឃើញចំនួនភ្ញៀវទេសចរក្នុងស្រុកជាលក្ខណៈគ្រួសារជាច្រើនបានមកកម្សាន្តខេត្តមណ្ឌលគិរី។ លោកស្រីបន្ថែមថា ការធ្វើដំណើរមកកម្សាន្តរបស់អ្នកទេសចរក្នុងស្រុកគឺមានទាំងការស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារ និងមានមួយចំនួនតាមតង់ផ្ទាល់ខ្លួនផងដែរ។
លោកស្រីបានថ្លែងថា៖ «នៅពេលព្រលានយន្តហោះខេត្តមណ្ឌលគិរី បើកដំណើរការ ខ្ញុំជឿថាភ្ញៀវទេសចរ ពិសេសជនបរទេសនឹងមានកំណើនខ្ពស់មកកាន់ទីនេះ ដែលជាកន្លែងទេសចរណ៍បែបធម្មជាតិ»។
ជាមួយគ្នានេះដែរ លោកស្រី ដាលី ជំនួយការអ្នកគ្រប់គ្រងផ្ទះសំណាក់ Mayura Hill Resort បានប្រាប់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងគម្រោងសាងសង់ព្រលានយន្តហោះខ្នាតតំបន់នឹងជួយឱ្យខេត្តមណ្ឌលគិរី កាន់តែមានភាពទាក់ទាញសម្រាប់ការធ្វើដំណើរមកកម្សាន្ត ដោយសព្វថ្ងៃចំនួនភ្ញៀវទេសចរមានច្រើនគួរសម ប៉ុន្តែភាគច្រើនជាទេសចរក្នុងស្រុក។
លោកស្រីអះអាងថា៖ «ខ្ញុំរំពឹងថា នៅពេលកូវីដ ១៩ អាចគ្រប់គ្រងបាន និងមានព្រលានយន្តហោះទៀតនោះ ភ្ញៀវទេសចរមកមណ្ឌលគិរីនឹងមានកំណើនខ្ពស់ ខណៈទីនេះមានកន្លែងកម្សាន្តច្រើន និងមានធម្មជាតិស្រស់បំព្រងបែបធម្មជាតិ»។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបាននិយាយថា បើទោះបីជំងឺកូវីដ ១៩ កំពុងបន្តធ្វើឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាធ្លាក់ចុះជាគំហុក ប៉ុន្តែចំនួនភ្ញៀវទេសចរក្នុងស្រុកដែលមកលេងនៅមណ្ឌលគិរីនាថ្ងៃឆ្លងឆ្នាំកន្លងមក មិនបានធ្លាក់ចុះទេ ដោយមានកំណើនប្រមាណ ២,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
លោកថ្លែងថា៖ «មណ្ឌលគិរីជាតំបន់ទេសចរណ៍ធម្មជាតិ ហេតុនេះទោះបីចំនួនភ្ញៀវបរទេសធ្លាក់ចុះខ្លាំង ប៉ុន្តែជារួមក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២១ ខេត្តមណ្ឌលគិរីបានទទួលភ្ញៀវសរុប ១១ ០០៤ នាក់»។
អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង កាលពីពាក់កណ្តាលឆ្នាំ ២០២០ បាននិយាយថា អាជ្ញាធរខេត្តកំពុងធ្វើការកំណត់ព្រំដីព្រលានយន្តហោះថ្មីដែលមានផ្ទៃក្រឡាប្រមាណ ៦០០ ហិកតាស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។
លោកថ្លែងថា៖ «ទីតាំងថ្មីនេះ គឺឃ្លាតពីក្រុងសែនមនោរម្យទៅឃុំសែនមនោរម្យ ស្រុកអូររាំងប្រមាណ ២២ គីឡូម៉ែត្រ ដែលវាជាការងារមួយក្នុងការពង្រីកព្រលានយន្តហោះខ្នាតធំនៅក្នុងស្រុក និងអន្តរជាតិ ដោយអាស្រ័យលើការសិក្សារបស់អ្នកបច្ចេកទេស និងក្រសួងពាក់ព័ន្ធ»៕ LA