
ការរីករាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរធ្លាក់ចុះយ៉ាងច្រើន។ ពិសី
ភ្នំពេញៈ ការបន្តអូសបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២០ មានចំនួនសរុបជាង ១,២ លាននាក់ ធ្លាក់ចុះជាង ៧៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនបានបន្តនាំមុខគេ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍ចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ១ ២៦៧ ៨៩០ នាក់ ធ្លាក់ចុះ ៧៦,១ ភាគរយ បើធៀបនឹងរយៈពេល ១០ ខែ ឆ្នាំ ២០១៩ ដែលមានចំនួន ៥ ២៩៦ ០៨៨ នាក់។ ក្នុងនោះភ្ញៀវទេសចរមកដល់កម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣ មានចំនួន ៧៣៤ ៣០៩ នាក់ ធ្លាក់ ៨០,២ ភាគរយ ភ្ញៀវតាមផ្លូវគោក និងផ្លូវទឹកចំនួន ៥៣៣ ៥៨១ នាក់ ធ្លាក់ចុះ ៦៦,៣ ភាគរយ។
ភ្ញៀវទេសចរជនជាតិចិនបានបន្តនាំមុខគេជាមួយនឹងចំនួនសរុប ៣១៤ ២៩១ នាក់ ធ្លាក់ចុះ ៨៤,៥ ភាគរយ ថៃ ១៩៤ ៧៧៤ នាក់ ធ្លាក់ ៤១,៥ ភាគរយ វៀតណាម ១៨១ ៣២៨ នាក់ ធ្លាក់ចុះ ៧៤,៨ ភាគរយ អាមេរិក មាន ៥៥ ១៧០ នាក់ ធ្លាក់ ៧១,៦ ភាគរយ ក្រៅពីនោះភ្ញៀវមកពីប្រទេសផ្សេងៗសុទ្ធតែធ្លាក់ចុះដូចៗគ្នា។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៧ ខែធ្នូ នេះថា វិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឱ្យមានការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេសបានធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះនៅគ្រប់ទីកន្លែងលើពិភពលោកចាប់តាំងពីដើមឆ្នាំ ២០២០ មក។ ប៉ុន្តែសម្រាប់កម្ពុជា ចំនួនភ្ញៀវទេសចរបរទេសបានចាប់ផ្តើមធ្លាក់ចាប់តាំងពីអំឡុងខែមីនា រហូតមកដល់ពេលនេះ។
លោកបន្ថែមថា៖ «គ្រប់គ្នាសុទ្ធតែដឹងថា ការធ្លាក់ចុះភ្ញៀវទេសចរបរទេសនៅពេលនេះគឺជាបញ្ហាសកល ហើយភ្ញៀវដែលយើងទទួលបានពេលនេះមានភាគច្រើនគឺជាវិនិយោគិនតែប៉ុណ្ណោះ»។
ខណៈនាពេលថ្មីៗនេះកម្ពុជាបានសម្រេចឱ្យអ្នកធ្វើដំណើរចូលមកកម្ពុជាទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ពេញចាប់ពីថ្ងៃទី ១២ ខែធ្នូ នេះតទៅ បន្ទាប់ពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា លោក សុភ័ក បានប្រាប់ថា ផលប៉ះពាល់វិស័យទេសចរណ៍ប្រាកដជាមាន ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ការគិតគូរពីអាយុជីវិតរបស់ប្រជាជនគឺជារឿងចាំបាច់ដែលត្រូវតែធ្វើឱ្យបានលឿនដើម្បីបញ្ចៀសបញ្ហាធ្ងន់ធ្ងរ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេលជិត ១ ឆ្នាំមកនេះបានធ្វើឱ្យក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ជួបនឹងបញ្ហាជាច្រើន ដោយមានក្រុមហ៊ុនខ្លះបិទទ្វារ និងមួយចំនួនទៀតកំពុងត្រដរឈរតាមរយៈការបញ្ចេញនូវធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួនមកទ្រទ្រង់ប្រតិបត្តិការដែលមានតិចតួច ឬគ្មានសោះតែម្តង។
លោកស្រីបន្តថា បន្ថែមពីលើនេះការកំណត់របស់ក្រសួងសុខាភិបាលដែលតម្រូវឱ្យភ្ញៀវធ្វើដំណើរចូលមកកម្ពុជាទាំងអស់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក៏នឹងរឹតតែធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាធ្លាក់ចុះបន្ថែមទៀត។
លោកស្រីថ្លែងថា៖ «សម្រាប់រយៈពេលដែលនៅសល់ក្នុងឆ្នាំ ២០២០ នេះខ្ញុំគិតថាចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជានឹងធ្លាក់ចុះបន្ថែមទៀត»។
យោងតាមលោកស្រី ស៊ីវលីន នៅមុនពេលមានការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា វិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមកម្រើកឡើងវិញខ្លះៗហើយ ប៉ុន្តែពេលនេះអ្វីៗត្រូវបានបញ្ចប់។
ក្នុងនាមសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ស៊ីវលីន និយាយថា ក្នុងបរិបទដ៏លំបាកនេះសូមឱ្យរដ្ឋាភិបាលគិតគូរអំពីការលើកលែងពន្ធលើការផាកពិន័យសម្រាប់ឆ្នាំចាស់។
លោកស្រីបានថ្លែងថា៖ «សូមស្នើឱ្យរដ្ឋាភិបាលជួយលើកលែងបំណុលពន្ធដែលបានផាកពិន័យនាពេលកន្លងមក ព្រោះបច្ចុប្បន្នក្រុមហ៊ុននៅក្នុងវិស័យទេសចរណ៍ទាំងអស់សុទ្ធតែកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ ១៩ ដែលបានអូសបន្លាយរយៈពេលជិត ១ ឆ្នាំមកនេះ»។
លោកស្រីបន្ថែមថា ការលើកលែងពន្ធលើការផាកពិន័យឆ្នាំចាស់ ក៏នឹងជួយឱ្យក្រុមហ៊ុនទេសចរណ៍នីមួយៗមានលទ្ធភាពក្នុងការរក្សាទុកនូវបុគ្គលិកជំនាញរបស់ខ្លួនផងដែរ។
កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦,៦១ លាននាក់ កើនឡើង ៦,៦ ភាគរយ ពីចំនួន ៦,២ លាននាក់ ក្នុងឆ្នាំ ២០១៨។ ចំណែកប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានចំនួន ៤,៩១ លានដុល្លារកើនឡើង ១២,៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៤,៣៧ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍៕ LA