ភ្នំពេញៈ DaraPay ជា​ភ្នាក់ងារ​ទូទាត់​ឌីជីថល និង​ផ្ញើ​ប្រាក់​បានប្រកាស​ភាព​ជា​ដៃគូ​ជាមួយ​កម្មវិធី​ទូទាត់ Alipay របស់​ក្រុមហ៊ុន Alibaba ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ Alipay អាច​ទូទាត់​នៅលើ​កម្មវិធី DaraPay នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

សេចក្ដី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា ភាព​ជា​ដៃគូ​នេះ​អាច​ឲ្យ​ភ្ញៀវទេសចរ​ចិន​អាច​ប្រើប្រាស់​ Alipay ដើម្បី​ទូទាត់​នៅតាម​បញ្ជ​ទូទាត់ DaraPay ទាំងអស់​ដែល​មាន​ជាង​ ៣ ០០០ កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ចាម សៀមរាប និង​បាត់ដំបង​។

លោក ភុគ រដ្ឋា អ្នកគ្រប់គ្រង​ទូទៅ​របស់ DaraPay បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ប្រព័ន្ធ​ដែល​ដាក់​ឲ្យ​ដំណើរការ ពេលនេះ​អ្នកប្រើប្រាស់​កម្មវិធី Alipay លែង​ត្រូវ​ការដក​សាច់ប្រាក់​សម្រាប់​ការទូទាត់​នៅ​កម្ពុជា​ទេ​។ ​ពួកគេ​អាច​បញ្ចប់​ដោយ​ងាយស្រួល​ក្នុង​ការទិញ​របស់​ពួកគេ​តាមរយៈ​ការស្កេន QR code ពិសេស​ដែល​អាច​រកបាន​នៅ​តាម​ហាង​ដែល​មាន​ការទូទាត់​របស់ DaraPay​។

លោក​ថ្លែងថា​៖ «​យើង​រីករាយ​ក្នុង​ការធ្វើការងារ ជាមួយ Alipay តាមរយៈ​ការសហការ​នេះ អ្នកប្រើប្រាស់ Alipay នៅពេល​នេះ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាពងាយស្រួល និង​សុវត្ថិភាព​ប្រព័ន្ធ​បញ្ចូល​គ្នា​របស់​យើង និង​តាម​ហាង​ជា​ដៃគូ ខណៈ​ពួកគេ​នឹង​រីករាយ​វិស្សមកាល​របស់​ពួកគេ​នៅ​កម្ពុជា​»​។

លោក​បន្ថែមថា Alipay មាន​អ្នកប្រើប្រាស់​ជាង​ ១,២ ​ពាន់​លាន​នាក់​រួម​គ្នា​ជាមួយ​នឹង​ដៃគូ​ក្នុង​តំបន់​របស់ខ្លួន ហើយ​ជា​របៀប​នៃ​ទូទាត់​ដ៏ពេញចិត្ត​ជាងគេ​របស់​ភ្ញៀវទេសចរ​ចិន​។

ជាមួយ​នឹង​ហាង​ជា​ដៃគូ​ជាង ៣ ០០០ របស់ DaraPay ដែល​ទទួល​យក​ការទូទាត់​ឌីជីថល វា​គួរតែ​គ្មាន​បញ្ហា​នោះទេ មិន​ថា​ប្រតិបត្តិការ​នៅក្នុង​ភោជនីយដា្ឋន ហាង​កាហ្វេ និង​ផ្សារ​ទំនើប ឬ​ការទូទាត់​សម្រាប់​សេវា​ដូចជា ការហៅ​តាក់ស៊ី​ជិះ សណ្ឋាគារ និង​ការកម្សាន្ត ក៏​ភ្ញៀវទេសចរ​ចិន​អាច​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​តាមរយៈ​ការជ្រើសរើស​សេវា​នៃ​ហាង​ជា​ដៃគូ​របស់ DaraPay ដែរ​។

អតិថិជន​របស់ Alipay ដែល​ចូលចិត្ត​ទិញ​អីវ៉ាន់ សម្លៀកបំពាក់ ឬ​ស្វែងរក​អាហារ​ឆ្ងាញ់​អាច​រីករាយ​ជាមួយ​នឹង​ផ្សារ​ទំនើប​ជាទី​ពេញនិយម​បំផុត​របស់​ភ្ញៀវទេសចរ​ចិន ដូចជា​ផ្សារ​ទំនើប​សូរិយា ឬ Olympia Mall ដែលមាន​ទីតាំង​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។

លោក រដ្ឋា បន្ត​ថា​៖ «​ភាព​ជា​ដៃគូ​​ជាមួយ Alipay ​គឺជា​ជំហាន​ដ៏សំខាន់​មួយ​ដែល​ទទួល​យក DaraPay កម្រិត​បន្ទាប់​នៃ​ការអភិវឌ្ឍ​អាជីវកម្ម​របស់​យើង​។ យើង​មិន​គ្រាន់តែ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​យើង​កំពុង​ធ្វើការងារ​យ៉ាងសកម្ម​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ ជា​ផ្នែក​មួយ​នៃ​ផែនទី​យុទ្ធសាស្ដ្រ​ថ្មី​របស់​យើង​ក្នុង​ការចូល​ក្នុង​អនាគត​ថ្មី​មួយ​»៕LA