ភ្នំពេញៈ Phibious Indochina ជាទី​ភ្នាក់ងារ​ផ្សព្វផ្សាយ​ក្នុង​តំបន់ និង Active Communications ជា​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ប្រកាស​ច្របាច់​បញ្ចូល​គ្នា និង​ដំណើរការ​នូវ​គំរូ​ពាណិជ្ជកម្ម​ថ្មី​ដែល​ផ្ដល់​អាទិភាព​ដល់​អាជីវកម្ម​ឌីជីថល​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​រួម​មួយ​កាលពី​ថ្ងៃ​អង្គារ​។

ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅពេល​នេះ​ស្ថិត​ក្រោម​ឈ្មោះ Phibious Group ជាមួយ​បុគ្គលិក​មួយ​ចំនួន​របស់​ក្រុមហ៊ុន​រួម​ជាមួយ​គ្នា​ចំនួន​ជិត ៥០ ​នាក់​។

ការច្របាច់​បញ្ចូល​គ្នា​នេះ​នឹង​ធ្វើឲ្យ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ផ្សព្វផ្សាយ និង​ការរៀបចំ​ព្រឹតិ្តការណ៍​នានា​នៅ​កម្ពុជា​កាន់តែ​រឹងមាំ​។

លោក Mervyn Cheo ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Phibious Indochina បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា​មាន​ចំណេះដឹង​ខាង​បច្ចេកវិទ្យា​ច្រើន ហើយ​ក្រុមហ៊ុន​ចង់​ទាញ​យក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ​។ លោក​បាន​ថ្លែង​ថា​៖ «​ការផ្លាស់ប្តូរ​នេះ​ជា​ជំហាន​មួយ​ផ្សេង​ទៀត​ក្នុង​ការ​ទទួលស្គាល់​អ្វី​ដែល​បាន​ផ្លាស់ប្តូរ​នៅ​ក្នុង​សម័យ​ឌីជីថល​ថ្ងៃ​នេះ​»​។

លោក សៀត ស៊ីសុភ័ក្ដ អតីត​អគ្គនាយក Active Communications ហើយ​បច្ចុប្បន្ន​ជា​នាយក​គ្រប់គ្រង​ប្រតិបត្តិការ ​Phibious នៅ​កម្ពុជា​ថ្លែង​ថា លោក​មាន​សុទិដ្ឋិនិយម​ជាមួយ​ដៃគូ​ថ្មី និង​គំរូ​ពាណិជ្ជកម្ម​ថ្មី​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ជាមួយ​នឹង​ការច្របាច់​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន Phibious ជា​ក្រុមហ៊ុន​មាន​សមត្ថភាព​ខ្ពស់​ខាង​ភាពច្នៃប្រឌិត និង​ទីផ្សារ​ឌីជីថល យើង​នឹង​បន្ត​ក្នុង​ការបង្កើត​ព្រឹត្តិការណ៍​ដ៏សំខាន់​សម្រាប់​យីហោ​នៅ​កម្ពុជា​»៕LA