ក្រុងបាងកកៈ ភ្នាក់ងាររដ្ឋចំនួនប្រមាណ ៧០០០ នឹងដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធប្រតិបត្តិការតាមអេឡិចត្រូនិកសម្រាប់ការផ្ទេរប្រាក់ និងការចំណាយលើសុខុមាលភាពសង្គមដល់ប្រជាពលរដ្ឋចាប់ពី ខែមិថុនាខាងមុខនេះ។ នេះបើតាមនាយកដ្ឋានគ្រប់គ្រងការកត់ត្រាបញ្ជីរបស់ថៃ។
លោកស្រី Suttirat Rattanachot នាយកនៃនាយកដ្ឋាននេះបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានកំណត់អាណត្តិឲ្យភ្នាក់ងាររដ្ឋប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់តាមគ្រឿងអេឡិចត្រូនិកជំនួសឲ្យការទូទាត់ជាសាច់ប្រាក់ និងមូលប្បទានបត្រចាប់ពីថ្ងៃទី ២៧ ខែមីនាតទៅ។
លោកស្រី Suttirat Rattanachot បានអះអាងថា មានភ្នាក់ងាររដ្ឋចំនួន ៧០០០ កន្លែងបានដំឡើងជាបណ្តើរៗនូវម៉ាស៊ីនចាប់ទិន្នន័យអេឡិចត្រូនិក (EDC) ហើយពួកគេអាចធ្វើការទូទាត់តាមរយៈកូដ QR បាន»។
លោកស្រីបន្តថាប្រព័ន្ធទូទាត់ប្រាក់ទៅមកសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងសាច់ប្រាក់ត្រូវបានអនុញ្ញាតក្នុងជំហានដំបូង តែភ្នាក់ងាររដ្ឋទាំងអស់ត្រូវទទួលបានទាំងស្រុង និងបង្កើតល្បឿនទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកនៅត្រឹមខែមិថុនាខាងមុខនេះ។
លោកស្រីលើកឡើងថាក្រៅពីការទទួលបាន និងធ្វើការទូទាត់ប្រាក់ជាមួយពលរដ្ឋនោះ ការប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការផ្ទេរប្រាក់រវាងភ្នាក់ងាររដ្ឋផ្សេងគ្នា និងការផ្ទេរប្រាក់ពន្ធទៅកាន់មន្ទីររតនាគារខេត្ត ក៏នឹងត្រូវប្រើប្រាស់ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកនេះផងដែរ។
លោកស្រីបានបន្តថានាយកដ្ឋានគ្រប់គ្រងការកត់ត្រាបញ្ជីនឹងបើកប្រាក់ សុខុមាលភាពសង្គមដល់ចាស់ជរា និងជនពិការនៅខែក្រោយនេះតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការនេះនឹងចាប់ផ្តើមប្រើប្រាស់ជាមួយនឹងអ្នកទទួលផលចំនួន ១ លាននាក់នៅទីក្រុងបាងកក ហើយ ៩ លាននាក់នៅទូទាំងប្រទេសនឹងប្រព្រឹត្តទៅនៅជំហានបន្ទាប់។
លោក Payong Srivanich ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Krung thai Bank បានឲ្យដឹងថា ម៉ាស៊ីន EDC ចំនួន ៦ ពាន់គ្រឿងត្រូវបានដំឡើងនៅតាមភ្នាក់ងារដ្ឋទូទាំងប្រទេស ដោយភ្នាក់ងាររដ្ឋភាគច្រើនមានម៉ាស៊ីន EDC មួយគ្រឿងនៅតាមកន្លែងនីមួយៗ។
ក៏ប៉ុន្ដែភ្នាក់ងារមួយចំនួនបានស្នើសុំដំឡើងម៉ាស៊ីន EDC ច្រើនជាង ១ ដើម្បីបង្កើនល្បឿនទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។ លោក Payong បន្តថាពលរដ្ឋថៃអាចធ្វើការទូទាត់ដោយប្រើប្រាស់កាតឥណពន្ធកាតឥណទាន និងកូដ QR ចេញពីធនាគារនានាក៏ដូចជាកាតសុខុមាលភាពសង្គមផងដែរ។
ក្រុមហ៊ុន Krungthai Bank បានចេញកាត KTB ដែលមានតាមប្រភេទនៃចំនួនប្រាក់ដែលមានទឹកប្រាក់ចំនួន ១០០ បាត ៥០០ បាត ឬ ១០០០ បាតជាមួយនឹងកាតបញ្ចូលប្រាក់ដែលមានកំណត់សាច់ប្រាក់ចំនួន ២០ ម៉ឺនបាតផងដែរ។ លោកបន្តថាកាតនេះអាចប្រើប្រាស់នៅតាមម៉ាស៊ីន EDC ដោយឥតគិតថ្លៃ។
ដោយឡែកលោក Somchai Sujjapongse លេខាធិការអចិន្រៃ្តយ៍នៃក្រសួងហិរញ្ញវត្ថុលើកថា មានការធ្លាក់ចុះនៃការប្រើប្រាស់សាច់ប្រាក់ ១០ ទៅ ២០ ភាគរយចាប់តាំងពីរដ្ឋាភិបាលបានផ្តួចផ្តើមគម្រោងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះទូទាំងប្រទេសមក។
លោក Somchai បាននិយាយទៀតថា ការធ្លាក់ចុះនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការទូទាត់កាន់តែច្រើន ដែលត្រូវបានធ្វើឡើងតាមម៉ាស៊ីន EDC ការផ្ទេរប្រាក់តាម PromptPay និងកាតឥណពន្ធ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រទេសថៃសង្ឃឹមថា ការប្រើប្រាស់សាច់ប្រាក់នៅប្រទេសថៃនឹងត្រូវបានកាត់បន្ថយ ៥០ ភាគរយនៅពេលមណ្ឌលចំនួន ៤ នៃគម្រោងទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទូទាំងប្រទេសត្រូវបានអនុវត្តទាំងស្រុង៕ BP