ភ្នំពេញៈ ក្រុមហ៊ុន​ភ្នាក់ងារ​រៀបចំ​​​សេវា​សម្រាប់​​​អ្នក​លេង​ល្បែង​ថ្នាក់ VI​P ពី​ទីក្រុង​​ម៉ាកាវ​​​​ បាន​​ចាត់​ទុក​​​​កម្ពុជា​ជា​ទីផ្សារ​ថ្មី​​មួយ​​ដែល​នឹង​ជំរុញ​​​ឲ្យ​អាជីវកម្ម​ពួក​គេ​កើន​​​ឡើង​ខ្លាំង។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​​ពី​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ Morgan Stanley Asia Ltd។

ប្រទេស ​ហ្វីលីពីន និង​វៀតណាម​ ក៏​ត្រូវ​បាន​​​ប្រតិបត្តិករ​​​ភ្នាក់ងារ​រៀបចំ​​​សេវា​ជូន​​អ្នក​លេង​ល្បែង​មាន​លុយ​ច្រើន​ (Junket Operators) ទាំង​នោះ​លើក​ឡើង​ពី​សក្តានុពល​ ហើយ​បញ្ជាក់​​ថា​ ជា​ប្រភព​កំណើន​ថ្មី​របស់​ពួក​គេ​ស្រប​ពេល​អាជីវកម្ម​នៅ​ម៉ាកាវ​ចាប់​ផ្តើម​ថមថយ។

លោក​ Praveen Choudhary និង​លោក​ Jeremy An មក​ពី​ក្រុមហ៊ុន​ Morgan Stanley Asia Ltd​កាល​ពី​ខែ​មុន​ ​បាន​​ជួប​សម្ភាស​ជា​មួយ​ក្រុមហ៊ុន​ Junket Operators ជា​ច្រើន​នៅ​ម៉ាកាវ​ ​ហើយ​បាន​បង្ហាញ​ក្នុង​សេចក្តី​រាយការណ៍​មួយ​ថា​ ក្រុមហ៊ុន​ Junket Operators ទាំង​នោះ​​​លើក​ឡើង​ថា ​ទីផ្សារ​ក្រៅ​ប្រទេស​មាន​ដំណើរការ​ល្អ​ និង​មាន​កំណើន​ខ្លាំង​ជាង​​អត្រា​កំណើន​នៅ​ម៉ាកាវ​ទៅ​ទៀត​។

អ្នក​វិភាគ​ទាំង ​២ ​ត្រូវ​បាន​សារ​ព័ត៌មាន​ផ្នែក​អាជីវកម្ម​ល្បែង​នៅ ម៉ាកាវ​ GGR-Asia ស្រង់​សម្តី​ថា​៖ ​«​កំណើន​របស់​យើង ​គឺ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ពី​ប្រតិបត្តិការ​នៅ​​ហ្វីលីពីន​​ វៀតណាម និង​កម្ពុជា​ស្រប​ពេល​ដែល​អាជីវកម្ម​របស់​យើង​នៅ​កូរ៉េ​ខាង​ត្បូង និង​អូស្រ្តាលី មិន​មាន​ដំណើរការ​ល្អ​ទេ»។ ​

ក្រុមហ៊ុន​​កាស៊ីណូ​ NagaCorp ​ដែល​​ចុះ​បញ្ជី​នៅ​​ផ្សារ​ហ៊ុន​ហុងកុង និង​​​ជា​​​ក្រុមហ៊ុន​មេ​របស់​​ NagaWorld ​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ​២០១៨ ​របស់​ខ្លួន​ថា ​ខ្លួន​រំពឹង​ថា​ Junket Operators ធំៗ​ ​៤ របស់​ម៉ាកាវ​នឹង​ធ្វើ​​ប្រតិបត្តិការ​នៅ​ Naga2 ត្រឹម​ឆ្នាំ ​២០១៩ នេះ​។ ​ក្រុមហ៊ុន​ NagaCorp មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​​ក្រុមហ៊ុន​ទាំង​នោះ​ទេ ​ប៉ុន្តែ​​​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Junket Operator​s ទាំង ​៤ ​​​បាន​រួម​ចំណែក ​៧០ ​ភាគរយ​នៃ​ការ​ភ្នាល់​សរុប​ក្នុង​ចំណោម​ភ្ញៀវ​​​វីអាយភី​នៅ​ម៉ាកាវ​។​

កាស៊ីណូ ​NagaCorp បាន​ឲ្យ​ដឹង​នៅ​​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា៖ «សេវា​ភ្នាល់​លំដាប់​វីអាយភី​ ដែល​កំពុង​កើន​ឡើង​ ប្រកប​ដោយ​ភាព​ប្រកួត​​ប្រជែង​ កំពុង​ទាក់ទាញ​កំណើន​​​ប្រតិបត្តិករ​ Junket Operators ហើយ​យើង​រំពឹង​ថា នឹង​មាន​ការ​បើក​ដំណើរការ​បន្ទប់​សម្រាប់​ភ្នាក់ងារ​​រៀបចំ​​​សេវា​ជូន​​អ្នក​លេង​ល្បែង​លំដាប់​ VIP បន្ថែម​ទៀត​​ក្នុង​ឆ្នាំ ​២០១៩ នេះ​»​។

ចំនួន​កាស៊ីណូ​នៅ​កម្ពុជា​បាន​កើន​ឡើង​​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ​មុន​ ដោយ​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាស៊ីណូ​ដែល​ផ្តល់​​​ដោយ​​រដ្ឋាភិបាល​បាន​កើន​ដល់​​ចំនួន​សរុប​ ១៥០ គិត​ត្រឹម​ដំណាច់​ឆ្នាំ​​ ២០១៨ ដែល​​ភាគ​ច្រើន​ជា​អាជ្ញាប័ណ្ណ​​​សម្រាប់​​ធ្វើ​ប្រតិបត្តិការ​​​នៅ​ខេត្ត​ព្រះ​សីហនុ។

យោង​តាម​របាយការណ៍​ពី​ខាង​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​​ជា​​និយតករ​អាជីវកម្ម​​​កាស៊ីណូ ចំនួន​​​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាស៊ីណូ​សរុប​​គិត​ត្រឹម​​ដំណាច់​ឆ្នាំ ២០១៨ ​មាន​កំណើន​​រហូត​ដល់​ទៅ​​ ៥៣ ភាគរយ​​ធៀប​នឹង​ដំណាច់​ឆ្នាំ ២០១៧ ​ដែល​​កាល​នោះ​ចំនួន​អាជ្ញាប័ណ្ណ​​សរុប​មាន​​ត្រឹមតែ​​ ៩៨ ​ប៉ុណ្ណោះ​។​ ក្នុង​ចំណោម​​កាស៊ីណូ​ដែល​មាន​អាជ្ញាប័ណ្ណ​​ចំនួន ១៥០ នៅ​ដំណាច់​​​​​ឆ្នាំ ២០១​៨ នេះ គ្រាន់​តែ​ខេត្ត​ព្រះ​សីហនុ​តែ​ ​១ ​មាន​ទីតាំង​​កាស៊ីណូ​ ៨៨ ​ទីតាំង​ទៅ​ហើយ។

តំណាង​មក​ពី​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​។​

លោក ​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​​កម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កំណើន​ចំនួន​កាស៊ីណូ ​អាច​រួម​ចំណែក​បង្កើន​ប្រាក់​ចំណូល​ពន្ធ ​និង​បង្កើត​ឱកាស​​ការងារ​​​កាន់តែ​ច្រើន​ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ វា​ក៏​បាន​បង្ក​បញ្ហា​ដែល​ ត្រូវ​បារម្ភ​ផង​​ដែរ​។​ ​​​

លោក​បន្ថែម​ថា ការ​ចូល​មក​យ៉ាង​គំហុក​របស់​ភ្ញៀវ​ទេសចរ​អ្នក​លេង​​ល្បែង ​និង​​វិនិយោគិន​ក្នុង​វិស័យ​នេះ​ បាន​នាំ​មក​នូវ​​ផល​​​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​មិន​ខាន​ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​​មិន​ខ្លាំង​គ្រប់គ្រាន់។​

លោក​ថ្លែង​ថា​៖ «​ហានិ​ភ័យ​ធំ​ជាង​គេ ​ទាក់ទង​នឹង​កំណើន​លំហូរ​ចូល​អាជីវកម្ម​កាស៊ីណូ ​គឺ​ជា​បញ្ហា​ការ​លាង​លុយ​កខ្វក់​»។

លោក​​បាន​បន្ត​ថា​ អង្គការ​​ឃ្លាំមើល​ ការ​លាង​លុយ​ពិភព​លោក ​Financial Action Task Force (FATF) ទើប​បាន​ដាក់​​​ប្រទេស ​កម្ពុជា ​នៅ​​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​​ពួក​គេ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ។ ​​

លោក​​​ ​ព្រាប ​កុល ​បាន​​ថ្លែង​​​ទៀត​ថា​៖ «កំណើន​អាជីវកម្ម​កាស៊ីណូ ក៏​អាច​​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​​ភាព​ងាយ​ទទួល​រងគ្រោះ​ ដោយ​សារ​​តែ​ការ​ជួញដូរ​​គ្រឿង​ញៀន អស្ថិរភាព​​សង្គម​ និង​បញ្ហា​ផ្សេង​ទៀត​ជា​ច្រើន​ផង​ដែរ»​៕​LA