ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ (​ម.ជ.ម.) ក្នុង​ឆ្នាំ​ ២០២១ នេះ​បានធ្វើ​វិសោធនកម្ម​លើ​វិធាន​ស្តីពី​មជ្ឈត្តការ ឆ្នាំ​ ២០១៤ ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​អភិវឌ្ឍ​នានា​ក្នុង​វិស័យ​មជ្ឈត្តការ​ពាណិជ្ជកម្ម និង​ដើម្បី​ផ្តល់​សេវា​របស់ខ្លួន​ទៅកាន់​អ្នកប្រើប្រាស់​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

វិធាន​ស្តីពី​មជ្ឈត្តការ​ថ្មី​នេះ ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃទី​ ២៨ ខែ មីនា ឆ្នាំ​ ២០២១ និង​ត្រូវ​បានកំណត់​ឱ្យចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ២៨ ខែ មិថុនា ឆ្នាំ​ ២០២១​។ វិធាន​ស្តីពី​មជ្ឈត្តការ​ថ្មី​នេះ គឺជា​លទ្ធផល​នៃ​ការចំណាយ​ពេល​ជាច្រើន​របស់ ម.ជ.ម. លើ​ការស្រាវជ្រាវ ការវិភាគ ការកែតម្រូវ និង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកអនុវត្ត​ច្បាប់ ក៏ដូចជា​មជ្ឈត្តករ​ជាតិ និង​អន្តរជាតិ ដែល​មាន​បទពិសោធ​ខ្ពស់​។

គិត​ត្រឹម​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ​ ២០២១ មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម (​ម.ជ.ម.) បានទទួល​ចាត់ចែង​ធ្វើ​មជ្ឈត្តការ​លើ​សំណុំរឿង​ក្រោម​វិធាន​ស្តីពី​មជ្ឈត្តការ ឆ្នាំ​ ២០១៤ ចំនួន ២៥ សំណុំរឿង (​រួមទាំង​សំណុំរឿង​អន្តរជាតិ​) ដែល​ទំហំ​វិវាទ​សរុប​មាន​លើសពី ៧២ ​លាន​ដុល្លារ​។ ដោយឡែក​បើ​គិតតែ​ក្នុង​ឆ្នាំ​ ២០២០ ទំហំ​វិវាទ​មាន​ទឹកប្រាក់​ប្រហែល ២៩ ​លាន​ដុល្លារ ស្មើនឹង ៣៥ ​ភាគរយ​នៃ​ទំហំ​វិវាទ​សរុប​ចន្លោះ​ពី​ឆ្នាំ​ ២០១៤-២០២០​។

បើតាម ម.ជ.ម. «​មជ្ឈត្តការ​ពាណិជ្ជកម្ម​បានក្លាយ​ជា​ជម្រើស​ដ៏សមស្រប​មួយ​សម្រាប់​គូភាគី​វិវាទ​ដែលមាន​បំណង​ដោះស្រាយ​វិវាទ​របស់ខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​និន្នាការ​នេះ​ត្រូវគេ​រំពឹង​នឹង​បន្ត​កើនឡើង​ខ្លាំង​នៅពេល​អនាគត​»​។

ចំណុច​សំខាន់ៗ​នៃ​វិសោធនកម្ម​មានដូចជា ការអនុញ្ញាត​ឱ្យ ម.ជ.ម. អាច​ចាត់ចែង​សំណុំរឿង​មជ្ឈត្តការ និង​ផ្តល់​សេវាកម្ម​ផ្សេងៗ ក្រោម​វិធាន​ស្តីពី​មជ្ឈត្តការ​របស់ ម.ជ.ម. និង​ការអនុញ្ញាត​ឱ្យ​គូភាគី​វិវាទ​អាច​បន្ថយ​ពេលវេលា​កំណត់​ដែល​មានចែង​នៅក្នុង​វិធាន​ស្តីពី​មជ្ឈត្តការ ប្រសិនបើ​មាន​ការព្រមព្រៀង​ពី​គូភាគី​វិវាទ​។

ដើម្បី​ឆ្លើយតប​ទៅ​បញ្ហា​នានា​ដែល​អាច​កើតមាន​ទាក់ទង​នឹង​ឯករាជភាព និង​អព្យាក្រឹតភាព​របស់​មជ្ឈត្តករ ដែល​កើតចេញពី​ការផ្លាស់ប្តូរ​អ្នកតំណាង​របស់​ភាគី​វិវាទ បន្ទាប់ពី​វេទិកា​មជ្ឈត្តកម្ម​ត្រូវ​បាន​បង្កើត​រួច វិសោធនកម្ម​ថ្មី​បានអនុញ្ញាត​ឱ្យ​វេទិកា​មជ្ឈត្តកម្ម​មាន​សិទ្ធិ​អំណាច​ក្នុង​ការចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ចៀសវាង​ការកើត​មាន​ទំនាស់​ផលប្រយោជន៍ ចេញពី​ការផ្លាស់ប្តូរ​នោះ​។ វិធាន​ថ្មី​នេះ ក៏បាន​កំណត់​វិធីសាស្ត្រ​ថ្មី​ក្នុង​ការកំណត់​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ដំណើរការ​មជ្ឈត្តការ​ដែលមាន​សារៈសំខាន់ ជាពិសេស​សម្រាប់​វិវាទ​ដែលមាន​ភាគី​ឆ្លើយតប​ច្រើន​។

លោក ប៊ុន យូឌី ប្រធាន ម.ជ.ម. បានឱ្យ​ដឹងថា ស្ថាប័ន​របស់លោក​ពិតជា​មាន​មោទនភាព​ក្រៃលែង​ដែល ម.ជ.ម សម្រេច​បាន​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ផ្តល់នូវ​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព ទោះបី​មាន​ឧបសគ្គ​ដែល​កំពុង​កើតឡើង​ដោយសារ​ការរីករាលដាល​ជា​សកល​ក៏ដោយ​។

លោក​ថា​៖ «​ជោគជ័យ​នេះ​ជា​លទ្ធផល​នៃ​ការវិនិយោគ​យ៉ាងច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា ចាប់តាំងពី​ដើម​ឆ្នាំ​នេះ ក៏ដូចជា ការត្រៀម​រៀបចំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សំណាក់ អគ្គលេខាធិការដ្ឋាន​របស់​យើង​។ យើងខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ចំពោះ​ការសម្រេច​បាន​នូវ​គោលការណ៍​ថ្មី​មួយ​នេះ សម្រាប់​ការផ្តល់​សេវាកម្ម​ក្នុង​ការជួយ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​»​។

បន្ថែម​លើ​នេះ វិធាន​ថ្មី​ក៏បាន​ចែង​អំពី​ការប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ដំណើរការ​មជ្ឈត្តការ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ច្បាស់​ជាង​មុន ដើម្បី​ឆ្លើយតប​នឹង​ទម្លាប់​ថ្មី​នាសម័យ​បច្ចុប្បន្ននេះ​។ វិធាន​ថ្មី​នេះ​ក៏បាន​កំណត់​ពី​ពេលវេលា​ជាក់លាក់​សម្រាប់​វេទិកា​មជ្ឈត្តកម្ម​ក្នុង​ការប្រកាស​បិទ​ដំណើរការ​មជ្ឈត្តការ ដើម្បី​អនុញ្ញាត​ឱ្យ​គូភាគី​វិវាទ​អាច​ស្មាន​ទុក​ជាមុន​នូវ​កាលបរិច្ឆេទ​ចេញ​មជ្ឈត្ត​វិនិច្ឆ័យ​ស្ថាពរ​។

លើសពីនេះ វិធាន​ស្តីពី​មជ្ឈត្តការ​ថ្មី​ក៏​បាន​បន្ថែម​នីតិវិធី​ពន្លឿន និង​មជ្ឈត្តករ​បន្ទាន់​ជា​លើកដំបូង​ផងដែរ​។ ភាគី​វិវាទ​អាចដាក់​សំណើសុំ​នីតិវិធី​ពន្លឿន និង​មជ្ឈត្តករ​បន្ទាន់​ជា​លើក​ដំបូង​ផងដែរ​។ ភាគី​វិវាទ​អាចដាក់​សំណើសុំ​នីតិវិធី​ពន្លឿន​បាន ប្រសិនបើ​តម្លៃ​កម្មវត្ថុ​នៃ​វិវាទ​មាន​តម្លៃ​មិន​លើសពី ៣ លាន​ដុល្លារ មាន​ការព្រមព្រៀង​ពី​គូភាគី​វិវាទ​ក្នុង​ករណី​ពិសេស​បន្ទាន់​ខ្លាំង​។

ក្រោម​ដំណើរការ​នីតិវិធី​ពន្លឿន​នេះ មជ្ឈត្ត​វិនិច្ឆ័យ​ស្ថាពរ​នឹងត្រូវ​ចេញ​ក្នុង​អំឡុងពេល ២៧០ ​ថ្ងៃ ​ប្រតិទិន​គិត​ចាប់​ពីថ្ងៃ​ដែល​វេទិកា​មជ្ឈត្តកម្ម​ត្រូវបាន​បង្កើត​។ មុនពេល​វេទិកា​មជ្ឈត្តកម្ម​ត្រូវបាន​បង្កើតឡើង ភាគី​វិវាទ​ក៏​អាច​ដាក់សំណើ​នោះ​នឹង​ត្រូវ​ចេញ​ក្នុង​អំឡុងពេល ១៥ ថ្ងៃ​ប្រតិទិន បន្ទាប់ពី​ថ្ងៃ​ដែល​មជ្ឈត្តករ​បន្ទាន់​ត្រូវ​បាន​តែងតាំង​។

ម.ជ.ម. បញ្ជាក់ថា​៖ «​តាមរយៈ​វិធាន​ថ្មី​នេះ អ្នកប្រើប្រាស់​អាច​ដោះស្រាយ​វិវាទ​ខ្លួន​នៅ​ ម.ជ.ម ជាមួយ​នឹង​ភាពបត់បែន ប្រសិទ្ធភាព និង​តម្លាភាព​កាន់តែ​ខ្ពស់​ជាង​មុន​ថែមទៀត​»​។

លោក លី តៃសេង នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេធាវី និង​មន្ទីរ​សារការី អេច ប៊ី អេស បាន​លើកឡើង​ថា ភាពជោគជ័យ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម គឺ​អាស្រ័យ​លើ​ច្បាប់ និង​វិធាន​នៃ​មជ្ឈត្តការ​ល្អ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ដំណើរការ ភាពអព្យាក្រឹត និង​ភាព​វិជ្ជាជីវៈ​របស់​មជ្ឈត្តករ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​តុលាការ និង​ស្ថាប័នរដ្ឋ​ផ្សេងទៀត​នៅ​កម្ពុជា​នឹង​ផ្តល់​ការគាំទ្រ​ចាំបាច់​សម្រាប់​បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​ការរីកចម្រើន​ឆាប់រហ័ស​នៃ​មជ្ឈត្តការ​ពាណិជ្ជកម្ម ដែលជា​សេចក្តីត្រូវការ​នៃ​សហគមន៍​ធុរកិច្ច​»៕ LA