ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អះអាង​ថា ការសិក្សា​លទ្ធភាព​បឋម​ (pre-feasibility study) ​ការបង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ភ្នំពេញ​ឡូជីស្ទីក បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​។

លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការសិក្សា​លទ្ធភាព​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ភ្នំពេញ​ឡូជីស្ទីក​បាន​ចប់សព្វគ្រប់​អស់ហើយ​កាលពី​ថ្មីៗ​នេះ​។ លោក​បន្តថា ការសិក្សា​បង្ហាញ​ថា គម្រោង​នេះ​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន ព្រម​ទាំង​អាច​រកប្រាក់​ចំណេញ​បាន​ទាំង​ផ្នែក​ឯកជន និង​រដ្ឋ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​បាន​បញ្ចប់​ការសិក្សា​លទ្ធភាព​បង្កើត​គម្រោង​នេះ​ក្រសួង​សាធារណការ​ក៏​បាន​រាយការណ៍​រួច​ហើយពី​លទ្ធផល​ការសិក្សា​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ប្រសិន​បើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​យើង​បន្ត​ការសិក្សា​លើ​លទ្ធភាព​ពេញលេញ​នោះ យើង​នឹង​ធ្វើ​ការសហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដើម្បី​រៀបចំ​ការសិក្សា​បន្តទៀត​»​។

គម្រោង​ភ្នំពេញ​ឡូជីស្ទីក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​លើ​ផ្ទៃដី​សរុប ៩៨ ហិកតា​ដែល​ជា​ទីតាំង​យុទ្ធសាស្ដ្រ​មួយ​តភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ផ្លូវដែក​ភាគ​ខាងជើង​ដែល​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ក្រុង​ប៉ោយប៉ែត​ព្រំដែន​ប្រទេស​ថៃ​។

វា​ជា​ទីតាំង​ស្ថិតនៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ផ្លូវជាតិ​លេខ ៤ និង​ផ្លូវជាតិ​លេខ ៣ ព្រមទាំង​ទីតាំង​ស្ដុក​ទំនិញ​នៅ​ស្ថានីយ​រថភ្លើង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) បាន​ប៉ាន់ប្រមាណ​ក្នុង​របាយការណ៍​ឆ្នាំ​ ២០១៦ ថា ប្រទេស​កម្ពុជា​បាន​គិត​សេវា​នាំ​ចេញពី​ក្រុមហ៊ុន​នាំចេញ​សរុប ៥៤០ ​ដុល្លារ​ក្នុង​មួយ TEU (​ទូ ២០ ហ្វីត​ទំហំ​ស្ដង់ដា​របស់​កុងតឺន័រ​) ខណៈ​ប្រទេស​ថៃ​​ បាន​គិត​ប្រាក់​ប្រហែល ២០០ ​ដុល្លារ និង​ប្រទេស​វៀតណាម ២៥០ ដុល្លារ​ប៉ុណ្ណោះ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​នេះ​នឹង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​វិស័យ​ឯកជន​ដែល​កំពុង​វិនិយោគ​លើ​វិស័យ​ឡូជីស្ទីក​ក្នុង​ការដឹកជញ្ជូន​ទំនិញ ដោយ​វា​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទំនិញ​ផលិត​នៅ​កម្ពុជា​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា សព្វថ្ងៃ​យើង​កំពុង​រង់ចាំ​វិនិយោគិន​ដែល​អាច​ធ្វើ​ឲ្យ​គម្រោង​នេះ​ដំណើរការ​បាន​ឆាប់​។ ខ្ញុំ​សង្ឃឹមថា វា​នឹង​សម្រេច​បាន​ក្នុងពេល​ឆាប់ៗ​»៕ LA