ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី ១ កន្លែងក្នុងក្រុងព្រះសីហនុដែលមានឈ្មោះថា «មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង» វិនិយោគដោយក្រុមហ៊ុនក្នុងស្រុកក្នុងតម្លៃជាង $១,៥ លាន បានសម្ពោធបើកដំណើរការផ្លូវការហើយកាលពីចុងសប្តាហ៍មុន ជាមួយក្តីរំពឹងថានឹងរួមចំណែកលើកកម្ពស់សក្តានុពលខេត្តព្រះសីហនុ។
«មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង» ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ ៤ ទល់មុខរោងចក្រស្រាបៀរអង្គរក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ (អតីតឃ្លាំងស្រូវ និងឃ្លាំងអំបិលគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ហើយត្រូវបានក្រុមហ៊ុនជួលយកមកវិនិយោគ)។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះសាងសង់លើផ្ទៃដី ១២ ៨៨៦ ម៉ែត្រការ៉េ ដោយចំណាយថវិកាសាងសង់ជាង ១,៥៣ លានដុល្លារ និងមានតូប និងស្តង់សម្រាប់ជួលសរុប ៤០៨ ដែលត្រូវបានបែងចែកជាតំបន់អាជីវកម្មដោយឡែកពីគ្នាមានដូចជាទីតាំងលក់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងសម្អាង អាហារដ្ឋាន និងតំបន់លក់ទំនិញផលិតផលជាច្រើនទៀត។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលបានចូលរួមក្នុង1ពិធីបើកដំណើរការ «មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង» បានសាទរចំពោះការបើកដំណើរការនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដោយលោកលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះមិនត្រឹមតែជួយលើកកម្ពស់មុខមាត់ក្រុងព្រះសីហនុ និងការបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាជននៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការបញ្ជាក់ពីទំនុកចិត្តរបស់អ្នកវិនិយោគលើស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជាផងដែរ។
លោកថ្លែងថា៖ «នេះជាសក្ខីភាពដែលបង្ហាញឲ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះនឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ»។
ក្នុងឱកាសនោះលោកក៏បានប្រាប់ឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងទៅលើការងារសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាននៅក្នុងមជ្ឈមណ្ឌល និងទីតាំងជុំវិញផងដែរ។
លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងខាងលើកាលពីថ្ងៃចន្ទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវបានក្រុមហ៊ុនធ្វើការវិនិយោគក្នុងបំណងដើម្បីឆ្លើយតបនឹងតម្រូវការកន្លែងលក់ដូរទំនិញដែលមានសណ្តាប់ធ្នាប់មានសុវត្ថិភាព និងអនាម័យ។
លោកបានបន្ថែមថា ស្ថានភាពនៅក្រុងព្រះសីហនុកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសបន្ទាប់ពីអាជ្ញាធរបានធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគ។
លោកអះអាងថា៖ «សក្តានុពលនៃទីតាំង និងការរៀបចំរចនា បច្ចុប្បន្នតូប និងស្តង់ទាំងអស់ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដារា សំណាង ត្រូវបានអតិថិជនជួលអស់ ១០០ ភាគរយ»។
ខេត្តព្រះសីហនុត្រូវបានរដ្ឋាភិបាលកម្ពុជាកំណត់ថា ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ១ របស់កម្ពុជា ខណៈទីនោះជាតំបន់កំពង់ផែទឹកជ្រៅតែ ១ គត់នៅកម្ពុជា។ កន្លងមករដ្ឋាភិបាលបានបញ្ចេញនូវថវិកាជាច្រើនសម្រាប់ការជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងការវិនិយោគ។
លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីធ្លាក់ចុះសកម្មភាពពាណិជ្ជកម្មមួយរយៈ បច្ចុប្បន្នសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមមានកំណើនឡើងវិញបណ្តើរៗហើយ។ លោកបន្ថែមថា បច្ចុប្បន្នគេសង្កេតឃើញថា ចំនួនវិនិយោគិន និងភ្ញៀវទេសចរទាំងក្នុងស្រុក និងជនបរទេស ធ្វើដំណើរមកខេត្តព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់។
លោកនិយាយថា៖ «ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបញ្ជាក់ថា ខេត្តព្រះសីហនុចាប់ផ្តើមមានការវិនិយោគកើនឡើងវិញហើយ»។
លោកបានប្រាប់ទៀតថា នៅពេលពាណិជ្ជកម្មមានកំណើន សកម្មភាពនៃការទិញ លក់ និងជួលអចលនទ្រព្យក៏កើនឡើងទៅតាមនោះដែរ។
បើយោងតាមលោក សេងហួ ទីផ្សារជួលអគារបើកអាជីវកម្ម និងកន្លែងស្នាក់នៅក្នុងក្រុងព្រះសីហនុ នៅពេលនេះបានកើនឡើងប្រមាណ ៤០ ភាគរយ បើធៀបនឹងដើមឆ្នាំ ២០២០។
ទោះយ៉ាងណាលោកប្រាប់ថា តម្លៃអចលនទ្រព្យក្នុងក្រុងព្រះសីហនុនាត្រីមាសទី ៣ ធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០ នេះមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់ទេ ដោយតំបន់ពាណិជ្ជកម្មកណ្តាលក្រុងមានតម្លៃជាមធ្យមពី ៣ ៥០០-៥ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ និងតំបន់ជាយក្រុងមានតម្លៃពី ៤០០-៨០០ ដុល្លារ៕ LA