ក្រុង​ព្រះ​សី​ហ​នុៈ ​ ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ​ Furi Real Estate បាន​ប្រ​កាស​ពី​គម្រោង​​វិ​និ​យោគ​រួម​គ្នា ​ជា​មួយ​​ក្រុម​ហ៊ុន​មក​ពី​ម៉ា​កាវ​​លើ​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​តម្លៃ​ ១០​ លាន​ដុល្លារ លើក​ដំ​បូង​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ ដោយផ្តោត​ជា​សំ​ខាន់​លើ​ជន​ជាតិ​ចិន​។ ​នេះ​បើ​យោង​តាម​នា​យក​ក្រុម​ហ៊ុន​ Furi​ Real ​Estate​។​

លោក​ស្រី ​ជិន​ ចាន់​ឡែន ​នា​យិ​កា ​Furi Times Squre បាន​និ​យាយ​ថា ​លំ​ហូរ​ចូល​ភ្ញៀវ​​ទេស​ចរ​ និង​វិនិ​យោ​គិន​​ជន​ជាតិ​ចិន​យ៉ាង​គំ​ហុក​ ​​ធ្វើ​ឲ្យ​​ក្រុង​ព្រះ​សី​ហ​នុ​ប្រ​ឈម​នឹង​កង្វះ​​​កន្លែង​ស្នាក់​នៅ​ និង​​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​​កម្ម​​​ជា​ច្រើន​កន្លែង​។

លោក​ស្រី​បន្ត​ថា ភ្ញៀវ​​បរ​ទេស​ ពិ​សេស​ជន​ជាតិ​ចិន តែង​ពិ​បាក​រក​កន្លែង​​ទិញ​ទំ​និញ និង​​​អា​ហារ​​​។​

​លោក​ស្រី​​បាន​ថ្លែង​ថា៖ ​«​ក្រុង​ព្រះ​សី​ហ​នុ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ស្ទើរ​គ្រប់​វិ​ស័យ​ តែ​​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​​ទេ​។ ដោយ​សារ​ភ្ញៀវ​ជន​ជាតិ​ចិន​មាន​ចំ​នួន​ច្រើន​នៅ​ទី​នោះ​ដូច្នេះ​​ការ​សង​សង់​ Furi Times Squre នឹង​ផ្តោត​សំ​ខាន់​ទៅ​លើ​អតិ​ ថិ​ជន​ជន​ជាតិ​ចិន​»។​

របាយ​ការណ៍​​របស់​មន្ទីរ​ទេស​ចរណ៍​​ខេត្ត​ព្រះ​សី​ហនុ​ បង្ហាញ​ថា​ ក្នុង​ឆ​មាស​ទី​ ១​ ឆ្នាំ​ ២០១៨​ ខេត្ត​ព្រះ​សី​ហ​នុ​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ ១,៣ លាន​នាក់ កើន​ឡើង​​ ១០,១២ ​ភាគ​រយ​បើ​ធៀប​​​​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៧ ដែល​មាន​ជាង ១,១ លាន​​​នាក់​​។ ក្នុង​នោះ​​ភ្ញៀវ​​​ទេស​ចរ​មក​ពី​ប្រ​ទេស​ចិន​​បាន​​​​ឈាន​មុខ​គេ​ ដោយ​មាន​ចំនួន​ ៨៤ ៦៦៤ ​នាក់​កើន​ឡើង​ ​៤៣​,៦៣ ​ភាគ​រយ។

មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​នេះ​មាន​ទី​តាំង​ស្ថិត​ក្នុង​ខណ្ឌ​មិត្ត​ភាព ក្រុង​ព្រះ​សី​ហ​នុ ដែល​នឹង​​សាង​សង់​លើ​ ផ្ទៃ​ដី​ទំ​ហំ​ ១ ​ហិក​តា​មាន​កម្ពស់​​៤​ជាន់ និង​មាន​ទុន​វិ​និ​យោគ​​​ ១០ ​លាន​ដុល្លារ​។​

តាម​លោក​ស្រី ​ជិន ​ចាន់​ឡែន ​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​​នេះ​រួម​មាន​​​ផ្សារ​ទំ​នើប ហាង​លក់​អា​ហារ​ កន្លែង​លក់​សម្លៀក​បំ​ពាក់ ​​រោង​ភាព​យន្ត​ និង​ ​Skybar។ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ចុង​ខែ​នេះ​ ហើយ​តាម​ផែន​ការ​​នឹង​បើក​ដំ​ណើរ​ការ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០១៩​។​

Furi Real Estate គឺ​ជា​ក្រុម​ហ៊ុន​បម្រើ​សេ​វា​កម្ម​ទាក់​ទង​នឹង​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​ក្នុង​ស្រុក ដែល​ធ្លាប់​​​ទទួល​ជោគ​ជ័យ​ក្នុង​ការ​លក់​គម្រោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា Casa Meridian Condo, TheBhumi Emerald និង​គម្រោងDe Castle Royal ជា​ដើម​។​ ទោះបី​យ៉ាង​នេះ​ក្តី​ក្រុម​ហ៊ុន​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុម​ហ៊ុន​ម៉ា​កាវ​ដែល ​វិ​និ​យោគ​រួម​គ្នា​នេះ​ទេ។

អភិ​បាល​ខេត្ត​ព្រះ​សី​ហ​នុ​ លោក ​យន្ត ​មីន ​ដែល​ទើប​ត្រ​ឡប់​មក​ពី​ប្រ​ទេស​​ចិន​កាល​ពី​ថ្ងៃ​ ២២ កញ្ញា​ បាន​និ​យាយ​ថា​ ក្រុម​ការ​ងារ​របស់​លោក​បាន​​​ខិត​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើ​ម្បី​បង្ហាញ​​​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះ​សី​ហ​នុ​​ទៅ​ដល់​ថ្នាក់​ដឹក​នាំ និង​វិ​និ​យោ​គិន​ជន​ជាតិ​ចិន​។ លោក​បន្ត​ថា ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេស​ចរ ​និង​វិ​និ​យោ​គិន​ បាន​ធ្វើ​ឲ្យ​ក្រុង​ព្រះ​សី​ហ​នុ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​។

លោក​បាន​​បន្ត​​​ថា៖ ​«​​គ្រប់​​ប្រ​ទេស​​សុទ្ធ​តែ​ចង់​ឲ្យ​វិ​និ​យោគ​គិន​ និង​ភ្ញៀវ​ទេស​ចរ​ចិន​​​ទៅ​ទស្សនា​​ប្រ​ទេស​ខ្លួន ព្រោះ​ចិន​មាន​លុយ​ច្រើន​»។

របាយ​ការណ៍​ស្រាវ​ជ្រាវ​​ប្រ​ចាំ​ឆមា​ស​​ទី​ ១ ឆ្នាំ​ ២០១៨ របស់​ក្រុម​ហ៊ុន​អច​ល​ន​​​ទ្រព្យ​ ឃី រៀល​អីុ​ស្ទេត បង្ហាញ​​​ថា ដី​នៅ​​កណ្តាល​ក្រុង​ព្រះ​សី​ហ​នុ​បាន​ហក់​ឡើង​យ៉ាង​គំ​ហុក​តែ​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​ចាប់​ពីឆ្នាំ​ ២០១៧​​។

ទិន្ន​ន័យ​ពី​ក្រ​សួង​ទេស​ចរណ៍​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ ៧ ខែ ឆ្នាំ​ ២០១៨​ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ដែល​មក​ទស្សនា​កម្ពុ​ជា​មាន​​ចំនួន​ ៣,៤៥​ លាន​នាក់​ កើន​ឡើង​ ១១,​១ ​ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០១៧ ក្នុង​នោះ​ជន​ជាតិ​ចិន​មាន​ប្រ​ហែល​១​លាន​នាក់​។

តួ​លេខ​ពី​ក្រ​សួង​មហា​ផ្ទៃ​បាន​​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ ២០១៨ នេះ ​ជន​ជាតិ​ចិន​រស់​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​បាន​​កើន​ឡើង​ដល់​ជាង​ ២១ ​ម៉ឺន​​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ដែល​មាន​ត្រឹម​​តែ​​ជាង​​ ១០ ​ម៉ឺន​នាក់​ប៉ុ​ណ្ណោះ ​ហើយ​ក្នុង​នោះ​ជាង​ ៧៨ ០០០ ​​នាក់​កំ​ពុង​​រស់​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​៕LA