ភ្នំពេញ: មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ ផ្នែក​ផលិតកម្ម​ម្ហូបអាហារ​ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​ Thalias ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ ដែល​គេ​រំពឹងថា​នឹង​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​។

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​បាន​ចូលរួម​បើក​ដំណើរការ​មជ្ឈមណ្ឌល​នេះ​បាន​ឲ្យ​ដឹងថា វា​នឹង​ជួយ​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ទៅ​ស្របតាម​ស្តង់ដា​អន្តរជាតិ​របស់​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ទាក់ទាញ​ទេសចរ​។ លោក​ថ្លែង​ថា​៖ «​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​ការបណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​គឺជា​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​មួយ​របស់​ក្រសួង​ទេសចរណ៍ និង​បាន​ឆ្លើយតប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​ផងដែរ​»​។

លោក​បន្ថែម​ថា​ការទទួល​ស្គាល់​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នេះ​គឺ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​សម្រាប់​វិស័យ​ទេសចរណ៍​ឆ្នាំ​ ២០១៧-២០២៥ របស់​រដ្ឋាភិបាល​។ លោក​បន្ត​ថា​៖ «​ការជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ បុគ្គលិក​បម្រើ​ការងារ ពិសេស​ជំនាញ​ចុងភៅ​ឲ្យ​ផ្សព្វផ្សាយ និង​ចូលរួម​វាយតម្លៃ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​»​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ លោក​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ចង់​ឲ្យ​ម្ហូបអាហារ​យើង​មាន​គុណភាព​ទទួល​បាន​ការគាំទ្រ​ពី​អតិថិជន ភ្ញៀវទេសចរ រួម​ទាំង​សុវត្ថិភាព​ចំណីអាហារ យើង​ចង់​លើកតម្កើង​ម្ហូប​ខ្មែរ​ដោយ​ទទួលស្គាល់​ពី​អន្តរជាតិ​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ​នឹង​ជួយផ្តល់​ជំនាញ​ម្ហូបអាហារ​ច្បាស់លាស់​ដល់​អ្នក​ចង់​សិក្សា​ផ្នែក​នេះ​។ លោក​ថ្លែង​ថា​៖ «​មជ្ឈមណ្ឌល​ដែល​មាន​បង្រៀន​ជំនាញ​ទេសចរណ៍ និង​ម្ហូបអាហារ​អាច​ផ្តល់​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​តាមរយៈ​សេវាកម្ម​ម្ហូបអាហារ​»​។

បើ​តាម​លោក សុភ័ក ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ក្រសួង​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​ ១ ​ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​ដែល​នឹង​​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​ ២១ ខែ​សីហា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ភ្នំពេញ​។

តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​នៅ​ឆមាស​ទី​ ១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៣,៣ លាន​នាក់​កើនឡើង​ ១១,២ ភាគរយ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៨​។ បើ​តាម​ទិន្នន័យ​ពី​គ្រឹះស្ថាន​អង្គរ ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង​ ៦២,៣ លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០១៩ នេះ​ធ្លាក់​ចុះ ១០,៥៦ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕LA