
ប្លង់ 3D របស់គម្រោងសាងសង់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ស្ថិតនៅខណ្ឌសែនសុខទល់មុខផ្សារទំនើបអ៊ីអនទី ២ ។ រូបថត ក្រុមហ៊ុន
ភ្នំពេញៈ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ថ្មីមួយដែលស្ថិតនៅខណ្ឌសែនសុខទល់មុខផ្សារទំនើបអ៊ីអនទី ២ នឹងចាប់ផ្តើមដំណើរការទទួលការរៀបចំកម្មវិធីផ្សេងៗរួមទាំងពិធីអាពាហ៍ពិពាហ៍ផងដែរចាប់ពីចុងឆ្នាំនេះទៅ។ នេះបើតាមអ្នកគ្រប់គ្រងគម្រោងមជ្ឈមណ្ឌលនេះកាលពីម្សិលមិញ។
លោក មាន សំអុល អ្នកគ្រប់គ្រងទូទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខបានថ្លែងថា ការសាងសង់មជ្ឈមណ្ឌលថ្មីនេះដែលវិនិយោគទឹកប្រាក់ ១០ លានដុល្លារដោយក្រុមហ៊ុន LYP Group របស់លោក លី យ៉ុងផាត់ ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែកក្កដាឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនទទួលការកក់ទុកសម្រាប់តែពិធីជប់លៀងដែលរៀបចំចាប់ពីខែវិច្ឆិកាប៉ុណ្ណោះ។
យោងតាមលោក សំអុល មជ្ឈមណ្ឌលនេះមានទីតាំងនៅក្នុងតំបន់ដ៏មានសក្ដានុពលខ្លាំងបំផុត ដោយសារតំបន់នេះត្រូវបានឡោមព័ទ្ធដោយតំបន់លំនៅឋានតម្លៃខ្ពស់ដែលមានប្រជាជនមានប្រាក់ចំណូលខ្ពស់ ដែលចង់បានទំនិញ សេវា និងទីកន្លែងប្រណីតៗ។
លោកថ្លែងថា៖ «តំបន់នេះកំពុងអភិវឌ្ឍយ៉ាងរហ័ស និងមានតម្រូវការសម្រាប់អាពាហ៍ពិពាហ៍ធំៗ ឬសាលសន្និសីទ ប៉ុន្តែរហូតមកដល់ពេលនេះកន្លែងដែលមានស្រាប់នៅតំបន់នេះអាចមានសមត្ថភាពបម្រើពិធីដែលរៀបចំឡើងត្រឹមតែ ៥០ តុប៉ុណ្ណោះ»។
លោកបន្ថែមថានៅពេលប្រជាជននៅជុំវិញតំបន់នេះចង់រៀបចំពិធីមាន ១០០ តុ មិនមានការផ្គត់ផ្គង់ទេ ហើយអ្នករៀបចំពិធីត្រូវការកន្លែងផ្សេងទៀតនៅឆ្ងាយដូចជាកោះពេជ្រជាដើម «ដូច្នេះយើងនៅទីនេះដើម្បីឆ្លើយតបតាមតម្រូវការនោះ»។
សង់លើផ្ទៃដី ៥ ហិកតា មជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍នេះនឹងជាសាលសន្និសីទតម្លៃខ្ពស់ក្នុងតំបន់ដែលមានសាលចំនួន ៧ ដែលសាលនីមួយៗអាចបម្រើយ៉ាងហោចណាស់ ៥០ តុ។ ជញ្ជាំងខណ្ឌផ្ដាច់សាលនេះងាយស្រួលក្នុងការយកចេញដែលមានន័យថាវាអាចបម្រើពិធីដែលមានច្រើនតុ ដោយពឹងផ្អែកលើការចង់បានពីអ្នករៀបចំពិធី។ មជ្ឈមណ្ឌលនេះមានកម្ពស់ ៨ ម៉ែត្រ។ មានកន្លែងចតរថយន្ត ១ ២០០ គ្រឿង និងម៉ូតូ ៧០០ គ្រឿង។
លោក ទូច រដ្ឋា អ្នកគ្រប់គ្រងទូទៅអាជីវកម្មចុងភៅ សេង ហុងហេង បានថ្លែងថា LYP បានជ្រើសរើសទីតាំងត្រឹមត្រូវក្នុងការបង្កើតមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងសន្និសីទ ហើយរំពឹងថាមជ្ឈមណ្ឌលនេះនឹងនាំយកប្រជាជនជិតកន្លះលាននាក់សម្រាប់ការចូលរួមព្រឹត្តិការណ៍នៅឆ្នាំដំបូង។
លោកថ្លែងថា៖ «បន្ទាប់ពីការវិនិយោគរាប់លានដុល្លារសម្រាប់សាលអាពាហ៍ពិពាហ៍ និងសន្និសីទ ខ្ញុំចង់និយាយថា ឆាប់ៗនេះយើងនឹងមានសាលអាពាហ៍ពិពាហ៍កាន់តែច្រើននៅតំបន់ផ្សេងទៀតរបស់ទីក្រុងភ្នំពេញ»។
លោកព្យាករថា៖ «បឹងទំពុននៅជិតផ្លូវ ៦០ ម៉ែត្រ [ផ្លូវ ហ៊ុន សែន] គឺជាទីតាំងបន្ទាប់»៕ LA