ភ្នំពេញៈ អ្នក​ផលិត​សូត្រ​នៅ​កម្ពុជា​នឹង​មាន​ជម្រើស​ក្នុង​ការទទួល​បាន​ពូជ​ដង្កូវនាង​ចេញ​ពី​មន្ទីរពិសោធន៍​បង្កាត់​ពូជ​ត្រឹមត្រូវ​នាពេល​ឆាប់ៗ​ស្រប​ពេល​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) បាន​រៀបចំ​ក្រុម​ការងារ​ជំនាញ​មួយ​ដើម្បី​ប្រែក្លាយ​ឧស្សាហកម្ម​សូត្រ​កម្ពុជា​ដែល​ស្ទើរតែ​ផុតជីវិត​ឲ្យ​រស់​ឡើង​វិញ​។

RUPP កំពុង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សូត្រ​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ ហើយ​បាន​រៀបចំ​ក្រុម​ការងារ​ដើម្បី​ពង្រឹង​គុណភាព​ចង្វាក់​ផលិតកម្ម​សូត្រ​រាប់​ចាប់ពី​ដំណាក់កាល​បន្សុទ្ធ​ពូជ​ដង្កូវនាង រហូត​ដល់​ការផលិត​សូត្រ និង​ការកែច្នៃ​សូត្រ​ជា​ផលិតផល​ផ្សេងៗ​។

សាកលវិទ្យាល័យ RUPP កាលពី​ថ្ងៃ​អង្គារ​បាន​រៀបចំ​ការ​ចែកចាយ​ដង្កូវនាង​មាន​សុខភាព​ល្អជា​និមិត្តរូប​ដល់​អ្នក​ផលិត​សហគមន៍​សូត្រ​ ៣ ខណៈ​សាកលវិទ្យាល័យ​នេះ​កំពុង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ​នៅក្នុង​បរិវេណ​របស់​ខ្លួន ហើយ​រំពឹង​ថា​នឹង​ផលិត​ចែកចាយ​ដង្កូវនាង​មាន​សុខភាព​ពិតប្រាកដ​នៅ​ឆ្នាំ​នេះ​។

លោក ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល RUPP បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បច្ចុប្បន្ន​ផលិតផល​សូត្រ​របស់​កម្ពុជា​មិនមែន​ជា​ចង្វាក់​ការផលិត​ពេញលេញ​នោះ​ទេ ដោយសារ​ប្រទេស​នេះ​ពឹង​ផ្អែក​ទាំងស្រុង​លើ​ការ​នាំចូល​សូត្រ​មកពី​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ផលិត​ទៅ​ជា​ផលិតផល​សម្រេច​។

លោក ម៉ី កល្យាណ បាន​ថ្លែង​ថា​កសិករ​កម្ពុជា​ជាច្រើន​ចិញ្ចឹម​ដង្កូវនាង​តាម​បែប​ប្រពៃណី​ចាស់​ដោយ​មិន​មាន​មជ្ឈមណ្ឌល បង្កាត់​ពូជ​នោះ​ទេ​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ផលិត​នៅក្នុង​ទិន្នផល​ទាប​បំផុត​។

លោក​បន្ថែម​ថា​​ ជា​លទ្ធផល​ កម្ពុជា​អាច​ផលិត​ប្រហែល ១ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​តម្រូវការ​សូត្រ​សរុប ៤០០ តោន​ក្នុង​ ១ ​ឆ្នាំ​ដែល​ចំណាយ​ជាង ៣០ លាន​ដុល្លារ​លើ​ការ​នាំ​ចូល​។

លោក​ថ្លែង​ថា​៖ «​ទិសដៅ​របស់​យើង​នឹង​លើក​កម្ពស់​ផលិតផល​សូត្រ​សម្រេច​ដែល​ផលិត​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​យើង​ចង់​ឲ្យ​សាកលវិទ្យាល័យ​របស់​យើង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំនាញ ដើម្បី​ផ្គង់ផ្គង់​ដង្កូវនាង​មាន​សុខភាព​ល្អ និង​ជួយ​កសិករ​ក្នុង​ការផលិត​សូត្រ​មាន​គុណភាព​ខ្ពស់​»​។

តាម​លោក ម៉ី កល្យាណ បើ​កសិករ​ចិញ្ចឹម​ដង្កូវនាង ១០០ ក្បាល​ដោយ​ដៃ អត្រា​រស់​មាន​ប្រហែល ២០ ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា ក្រុម​ជំនាញ​មកពី RUPP មាន​បទពិសោធ​ក្នុង​ការ​ចិញ្ចឹម​ដង្កូវនាង តាមរយៈ​បច្ចេកទេស​ជំនាញ ហើយ​អត្រា​រស់រាន​មាន​ជាង ៩០ ​ភាគរយ​។

សហគមន៍​ ៣ ដែល​ទទួល​បាន​ការចែក​ចាយ​ដង្កូវ​នាង​មាន​សុខភាព​ល្អ​ជា​និមិត្តរូប​មកពី RUPP រួមមាន​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក​នៅ​ខេត្ត​កណ្ដាល វិទ្យាស្ថាន​វាយនភ័ណ្ឌ​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប និង​សហគមន៍​សូត្រ​ឱរ៉ាល់​នៅ​ខេត្ត​កំពង់ស្ពឺ​។

លោក ហួត សុខា តំណាង​សហគមន៍​សូត្រឱរ៉ាល់​ថ្លែង​ថា​សហគមន៍​លោក បច្ចុប្បន្ន​ដាំដុះ​ដើម​មន​លើ​ផ្ទៃដី​ ១២ ​ហិកតា ហើយ​នឹង​ត្រូវការ​ដង្កូវ​នាង​ប្រហែល ១៨០ ០០០ ក្បាល​ក្នុង​មួយ​វដ្ដ (​មាន​ប្រហែល ៤ ​វដ្ដ​ក្នុង​​​ ១ ​ឆ្នាំ​) ដើម្បី​ផលិត​សូត្រ​បាន​ប្រហែល ៨ ​គីឡូក្រាម​ក្នុង​ ១ ​វដ្ដ​។

លោក​ថ្លែង​ថា​៖ «​នៅពេល​យើង​មាន​ដើម​មន និង​ដង្កូវនាង​មាន​សុខភាព​ល្អ ជំហាន​បន្ទាប់​យើង​នឹង​ប្រតិបត្តិការ​រោងសិប្បកម្ម ឬ​រោងចក្រ​ខ្នាតតូច​ដើម្បី​ផលិត​សូត្រ​»៕LA