The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មណ្ឌល​សន្និសីទ​នឹង​ទាក់ទាញ​ទេសចរ​នៅ​សៀមរាប

មណ្ឌល​សន្និសីទ​នឹង​ទាក់ទាញ​ទេសចរ​នៅ​សៀមរាប

Content image - Phnom Penh Post
ភ្ញៀវទេសចរមកផ្តិតរូបថត ពេល​ព្រឹក​ព្រលឹម​នៅ​ប្រាសាទ​អង្គរវត្ត នា​ខេត្ត​សៀមរាប កាល​ពី​ដើម​ឆ្នាំ​នេះ។ ផា លីណា

មណ្ឌល​សន្និសីទ​នឹង​ទាក់ទាញ​ទេសចរ​នៅ​សៀមរាប

សៀមរាបៈ ​សណ្ឋាគារ​សុខា​នឹង​​បើក​ដំណើរការ​មជ្ឈមណ្ឌល​សន្និសីទ​ឈាន​មុខ​គេ​នៅ​ខេត្ត​សៀមរាប​នៅ​ខែ​ក្រោយ​ដែល​នឹង​​ធ្វើ​ឲ្យ​ជា​ទិសដៅ​​ទេសចរណ៍​មួយ​នេះ​ទាក់ទាញ​ក្រុម​​វិនិយោគិន​បរទេស​កាន់​តែ​ច្រើន​។

សណ្ឋាគារ​នេះ​នឹង​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​សន្និសីទ​ទំហំ​​ ៩ ០០០ ​ម៉ែត្រការ៉េ​នៅ​ជិត​បរិវេណរ​មណីយដ្ឋាន​ និង​សណ្ឋាគារ​ដែល​មាន​ ៧៧០ បន្ទប់​របស់​ខ្លួន​។

ការ​សាងសង់​អគារ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៤ ​ហើយ​គ្រោង​នឹង​បើក​សម្ពោធ​​​នៅ​ខែ​កញ្ញា​ដើម្បី​​ឲ្យ​ស្រប​​គ្នា​​នឹង​​ការ​បើក​ដំណើរ​សណ្ឋាគារ​ផ្កាយ​ ៥​។

លោកស្រី​ Leena Rajagopal​ នាយក​ផ្នែក​លក់​របស់​មជ្ឈមណ្ឌល​នេះ​​​ថ្លែង​ថា​សណ្ឋាគារ​​ដែល​មាន​ស្រាប់​​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​មាន​កម្រិត​​សម្រាប់​ការ​ប្រជុំ​ និង​សន្និសីទ​។ ​

លោកស្រី​បន្ត​​ថា​៖ «​កាលពី​មុន​សន្និសីទ​​​សំខាន់ៗ​ភាគច្រើន​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​»​។ ​លោកស្រី​បន្ត​ថា​៖ «​ការ​ប្រកាស​​នេះ​នឹង​អនុញ្ញាត​​ឲ្យ​ឧស្សាហកម្ម​នេះ​ដឹង​ថា​សៀមរាប​នៅ​ពេល​នេះ​ជា​ជម្រើស​ដ៏ល្អ​បំផុត​​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​រួម​បញ្ចូល​អាជីវកម្ម​ជាមួយ​នឹង​បទពិសោធ​វប្បធម៌​»​។

លោក ឆឺយ ឆន ​អនុប្រធាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​​ថ្លែង​ថា​មជ្ឈមណ្ឌល​សនិ្នសីទ​​ថ្មី​នេះ​​នឹង​បង្កើត​ជា​ទីកន្លែង​សមរម្យ​សម្រាប់​សន្និសីទ​ និង​ព្រឹត្តិការណ៍​អាជីវកម្ម​ធំៗ​ដែល​ព្រឹត្តិការណ៍​មួយ​ចំនួន​មាន​​អ្នក​ចូលរួម​ជាង​​មួយ​ពាន់​នាក់​។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា​មជ្ឈមណ្ឌល​សន្និសីទ​ថ្មី​របស់​សណ្ឋាគារ​សុខា​នឹង​ដើរ​តួនាទី​​ដ៏សំខាន់​​​ក្នុង​ការ​លើក​កម្ពស់​ទេសចរណ៍​ខេត្ត​សៀមរាប​ដែល​ផ្ដល់​​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​កាន់តែ​ទូលំ​ទូលាយ​។

លោក​ថ្លែង​​ថា​វា​ជា​ផ្នែក​មួយ​នៃ​ការ​​នាំ​យក​ទេសចរ​រាប់​ពាន់​នាក់​មក​កម្ពុជា​៕ LA/រាយការណ៍​បន្ថែមៈ ចេង សុខហ័ង

អត្ថបទគួរចាប់អារម្មណ៍