ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​កម្ពុជា​អំពាវនាវ​ឲ្យ​មាន​ការពង្រឹង​កិច្ចសហប្រតិបត្តិ​ការបន្ថែម​ទៀត​ក្នុង​ការប្រែក្លាយ​មហា​អនុតំបន់​មេគង្គ​ (GMS) ​ឲ្យ​កាន់តែ​មាន​ភាពទាក់ទាញ សម្រាប់​ការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​កិច្ចប្រជុំ​ចង្អៀត​លើក​ទី​ ៣ ​នៃ​គណៈកម្មាធិការ​រួម​ការងារ​ដឹកជញ្ជូន​ឆ្លងត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​មហាអនុតំបន់​មេគង្គ​កាលពី​ថ្ងៃ​ពុធ​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​ជា​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន មន្ត្រី​ជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស​មកពី​បណ្តា​ប្រទេស​សមាជិក​នៃ​មហា​អនុតំបន់​មេគង្គ (GMS) រួមមាន​៖ ប្រទេស ​កម្ពុជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​វិទ្យាស្ថាន​មេគង្គ​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនាញ ពេលនេះ​នឹង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ចំណោម​ប្រទេស​សមាជិក GMS និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​បន្ថែម​ទៀត​ក្នុង​ការសម្របសម្រួល និង​ការលើកកម្ពស់​ការដឹកជញ្ជូន​សំដៅ​បង្កើន​បរិមាណ​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​»​។

យោងតាម​លោក ស៊ុន ចាន់ថុល នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​នៃ​កិច្ចព្រមព្រៀង CBTA លើក​ទី​ ៧ នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ១៣ ខែ​​ មីនា ឆ្នាំ​ ២០១៩ តំបន់​នេះ​បាន​ទទួលស្គាល់​ថា ការ​កាត់បន្ថយ​ឧបសគ្គ​មិនមែន​រូបវន្ត​ក្នុង​ការដឹកជញ្ជូន និង​ពាណិជ្ជកម្ម​គឺជា​គន្លឹះ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​។

លោក​បាន​ថ្លែងថា​៖ «​ជា​លទ្ធផល​រយៈពេល​ ៩ ​ខែ​ ចាប់តាំងពី​ពេលនោះ​មក យើង​បាន​កត់សម្គាល់​ឃើញថា មាន​ការរីកចម្រើន​មួយចំនួន​ដូចជា​ការចាប់ផ្តើម​ប្រើប្រាស់​លិខិតអនុញ្ញាត​បណ្តោះអាសន្ន​សម្រាប់​ការដឹកជញ្ជូន ក្រោម​អនុស្សរណៈ​យោគយល់​លើ​ការអនុវត្ត​កម្មវិធី​ការប្រមូលផល​ដំបូង​ (CBTA)»​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ទោះបី​ជា​មានការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​សម្រេច​បាន​នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង CBTA ក៏ដោយ បញ្ហា​ប្រឈម​ថ្មីៗ​បានកើតឡើង​ ស្រប​ពេល​ដែល​ពិភពលោក​កំពុង​វិវឌ្ឍ​ទៅជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤.០ ដែល​តម្រូវ​ឲ្យ​មាន​ការច្នៃប្រឌិត ដើម្បី​បង្កើត​នូវ​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការលើកកម្ពស់​ប្រសិទ្ធភាព​កិច្ចព្រមព្រៀង CBTA​។

លោក​បន្តថា​៖ «​យើង​មិនត្រូវ​មើលរំលង​កិច្ចសហប្រតិបត្តិការ និង​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​អនុតំបន់​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​សមាគម​សេដ្ឋកិច្ច​អាស៊ាន កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន ដែល​អាច​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​ប្រកប​ដោយ​ចីរភាព​នៅក្នុង​រដ្ឋ​សមាជិក​នៃ​មហាអនុតំបន់​ទន្លេមេគង្គ​ទេ​»​។

លើសពីនេះ​ទៀត​កម្ពុជា និង​វៀតណាម​បាន​ជួបពិភាក្សា​បញ្ហា​ច្រកទ្វារ​អន្តរជាតិ​បាវិត-ម៉ុកបៃ ​កាលពី​ថ្ងៃទី​ ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ និង​មាន​ជំនួប​ទ្វេភាគី​នៅ​ទីក្រុង​ហូជីមិញ​ដើម្បី​ពិភាក្សា​ និង​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំង​ ២​។

កម្ពុជា​ក៏​នឹង​គ្រោង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ថៃ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សម្រាប់​ប្រតិបត្តិការ​បណ្តោះអាសន្ន​នៃ​ច្រកព្រំដែន​ស្ទឹង​បត់ច្រក​ទ្វារ​ព្រំដែន​បាន​ណងអៀន​ផងដែរ​។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់ថុល​។

គួររំឭកថា សម្រាប់​ការបង្កើត​នៃ​កិច្ចព្រមព្រៀង​មហាអនុតំបន់​នេះ​គឺ​ចាប់ផ្តើម​ជា​កិច្ចព្រមព្រៀង​ត្រីភាគី​ក្នុង​ចំណោម​ប្រទេស​ វៀតណាម ឡាវ និង​ថៃ​ ក្នុង​ឆ្នាំ ១៩៩៩ កិច្ចព្រមព្រៀង​ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បន្ទាប់មក​ត្រូវ​បាន​ពង្រីក​ដោយ​មាន​ការចូលរួម​ពី​កម្ពុជា ចិន និង​មីយ៉ាន់ម៉ា​៕