
សណ្ឋាគារ អប្សរាអង្គរ រីសត ដែលមានអាយុកាល ១៨ ឆ្នាំ ដែលប្រកាសបិទទ្វារ។ រូបថត សហការី
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងទេសចរណ៍បដិសេធថាមិនមានសណ្ឋាគារណាមួយក្នុងខេត្តសៀមរាបបានបិទដំណើរការទេ ខណៈមានព័ត៌មាននៅក្នុងស្រុកជាច្រើនសរសេរថា សណ្ឋាគារ អប្សរាអង្គរ រីសត ដែលមានអាយុកាល ១៨ ឆ្នាំ ប្រកាសបិទទ្វារ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីល្ងាចម្សិលមិញថា តំណាងសណ្ឋាគារទើបជូនដំណឹងមកមន្ទីរទេសចរណ៍ខេត្តថា ការផ្អាកដំណើរការនេះ គឺដើម្បីកែលម្អឡើងវិញប៉ុណ្ណោះ។ លោកថ្លែងថា៖ «សណ្ឋាគារបានជូនដំណឹងមកមន្ទីរទេសចរណ៍ខេត្តថា ផ្អាកបណ្តោះអាសន្ន គឺដោយសារអគារនេះវាចាស់យូរហើយ ដែលគេត្រូវការជួសជុល និងកែលម្អឡើងវិញ»។
ទាក់ទងនឹងចំនួនភ្ញៀវទេសចរបរទេសទៅទស្សនាខេត្តសៀមរាបក្នុងឆ្នាំ ២០១៩ នេះលោក សុភ័ក ថាអាចមានការធ្លាក់ចុះប្រហែល ១០ ភាគរយ ខណៈទេសចរបរទេសមកកម្ពុជាសរុបអាចមានកំណើនប្រហែល ៩ ភាគរយ។
លោក នួន ទេវិភា ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ អប្សរាអង្គរ បានឲ្យដឹងថា ការបិទទ្វារសណ្ឋាគារនេះគឺជាការពិត ហើយលោកមិនបានដឹងថា តើនៅពេលណាសណ្ឋាគារនេះនឹងបើកដំណើរការឡើងវិញឡើយ។ លោកថ្លែងថា៖ «ការបិទនេះគឺជាការពិត។ ការបើកដំណើរការឡើងវិញគឺអាស្រ័យលើថ្នាក់ដឹកនាំរបស់សណ្ឋាគារ»។ ទោះបីជាយ៉ាងណា លោកបានបដិសេធផ្តល់ហេតុផលនៅពីក្រោយការបិទអាជីវកម្មនេះ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរបាននិយាយថា ការធ្លាក់ចំនួនភ្ញៀវស្នាក់នៅអាចជាមូលហេតុចម្បងដែលនាំទៅដល់ការផ្អាកសកម្មភាពរបស់សណ្ឋាគារ អប្សរាអង្គរ ព្រោះចាប់តាំងពីដើមឆ្នាំ ២០១៩ មកនៅគ្រប់សណ្ឋាគារក្នុងខេត្តសៀមរាបគឺមិនមានភ្ញៀវចូលស្នាក់នៅច្រើនដូចពេលមុនទេ។
លោកបន្តថា បើតាមការប៉ាន់ស្មានចំនួនបន្ទប់ដែលមានភ្ញៀវស្នាក់នៅរបស់សណ្ឋាគារក្នុងខេត្តសៀមរាបអាចមានកម្រិតក្រោម ៥០ ភាគរយ ខណៈកាលពីមុនឆ្នាំ ២០១៩ អាចមានដល់ជាង ៧០ ភាគរយ។ លោកថ្លែងថា៖ «ខេត្តសៀមរាបស្ងាត់ភ្ញៀវគ្រប់ទីកន្លែង ពិសេសភ្ញៀវពីតំបន់អឺរ៉ុប។ មគ្គុទ្ទេសក៍ទេសចរ និងអ្នករកស៊ីក្នុងវិស័យនេះកំពុងប្រឈមនឹងការបាត់បង់អាជីព»។
តាមលោក ខៀវ ធី បើស្ថានភាពបែបនេះបន្តអូសបន្លាយយូរទៅទៀតនោះ នឹងអាចមានសណ្ឋាគារ និងផ្ទះសំណាក់ផ្សេងទៀតផ្អាកសកម្មភាពជាមិនខាន។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២ ២០៥ ៦៩៧ នាក់ធ្លាក់ចុះ ១៤,៨៦ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។ ចំណែកប្រាក់ចំណូលបានពីការលក់សំបុត្រមានចំនួន ៩៩,០៨ លានដុល្លារ ធ្លាក់ចុះ ១៥,០៥ ភាគរយពីចំនួន ១១៦,៦៤ លានដុល្លារកាលពីឆ្នាំ ២០១៨។
ទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែឧសភាឆ្នាំ ២០១៩ ខេត្តសៀមរាបមានសណ្ឋាគារសរុបចំនួន ៦០ ស្នើនឹងបន្ទប់សរុប ៨ ១៤៣ ដោយសណ្ឋាគារផ្កាយ ៥ មានចំនួន ២២ ផ្កាយ ៤ ចំនួន ២៥ ផ្កាយ ៣ ចំនួន ៨ ផ្កាយ ២ ចំនួន ៣ និងផ្កាយ ១ ចំនួន ២។ សណ្ឋាគារផ្កាយ ៥ ដ៏ចំណាស់ជាងគេនៅទីក្រុងភ្នំពេញបានប្រកាសបិទទ្វារជាស្ថាពរកាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ ក្រោមហេតុផលបញ្ហាសេដ្ឋកិច្ច៕LA