ភ្នំពេញៈ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​ដើម្បី​ពិភាក្សា​ពី​ផលប៉ះពាល់​មួយចំនួន​ទាក់ទង​នឹង​កង្វះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​បាន​កាន់តែ​ប្រសើរ​។

ក្នុង​ជំនួប​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក Yang Weiqun អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា គោលបំណង​ចម្បង​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ដែល​កើតឡើង​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ប៉េកាំង​កាលពី​ដើម​ខែកុម្ភៈ​។

លោក Yang Weiqun ថ្លែងថា​៖ «​ខណៈ​ប្រទេស ​កម្ពុជា​ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​កង្វះ​វត្ថុធាតុ​ដើម​ជាច្រើន​នៅក្នុង​វិស័យ​កាត់ដេរ​ដោយសារ​មេរោគ COVID-19 និង​ផលប៉ះពាល់​មួយចំនួន​ពី​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​រដ្ឋាភិបាល​ប្រទេស​ចិន​បាននិង​កំពុង​ពិនិត្យ​លទ្ធភាព​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​»​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ចិន​ក៏​នឹង​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ចិន​ឲ្យ​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផងដែរ​។

លោក ជា វុទ្ធី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​បាន​និយាយថា ការផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ចាប់ផ្តើម​មាន​ផលប៉ះពាល់​ជា​បណ្តើរៗ​សម្រាប់​មក​កម្ពុជា​តាមរយៈ​ការខ្វះខាត​វត្ថុ​ធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ​។ លោក​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ជួយ​សម្រួល​ដល់​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដល់​រោងចក្រ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន និង​ទាន់ពេលវេលា ខណៈ​កម្ពុជា​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ចិន កើតមាន​ឆាប់ៗ​។ លោក​ថ្លែងថា​៖ «​កម្ពុជា​ក៏​សូម​ស្នើ​ឲ្យ​ភាគី​ចិន​ជួយ​ជំរុញ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​កើតមាន​កាន់តែ​ឆាប់រហ័ស​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​មុន​បាន​អះអាង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​រំពឹង​ថា​នឹង​សម្រេចបាន​នៅ​ចុង​ឆ្នាំនេះ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ភាព​កាន់តែ​សម្បូរបែប​ក្នុង​ការនាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​ទីផ្សារ​របស់​ចិន​ទាំង​បរិមាណ និង​មុខទំនិញ​តាមរយៈ​ការផ្តល់​ការអនុគ្រោះ​ពន្ធ​ប្រសើរ​ជាង​មុន​៕ LA