ភ្នំពេញ៖ លោកស្រី ​ជា​ សេរី ​អគ្គនាយក​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​វិទ្យាស្ថាន Global FinTech របស់​ប្រទេស​សិង្ហបុរី​ជុំវិញ​ការដឹកនាំ​របស់​លោកស្រី​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ និង​ការច្នៃប្រឌិត​ថ្មី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ការតែងតាំង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តាមរយៈ​វីដេអូ​នៅ​ថ្ងៃទី ៦ ខែ​មេសា​កន្លងមកនេះ។

លោកស្រី​ ជា ​សេរី ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​ថា៖“ ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អន្តរជាតិ - រួមជាមួយ​បុគ្គល​ល្បី​មួយចំនួន​ទៀត​នៅក្នុង​បណ្ឌិតសភា​ផ្នែក​ឯកជន​នៃ​វិទ្យាស្ថាន Global FinTech នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​សិង្ហបុរី។

លោកស្រី​បាន​បន្ថែមថា៖ “ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ជា​សក្ខីភាព​នៃ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង GFI និង​ក្រុមហ៊ុន FinTech និង​ក្រុមហ៊ុន​ World Scientific Publishing លើ​កិច្ចសហប្រតិបត្តិការ​នានា"។

ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោកស្រី​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី ២៧ ខែតុលា​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​ដែលមាន​ឈ្មោះថា“ ប្រព័ន្ធ​បាគង” ក្នុង​គោលបំណង​ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​នៅ​តាម​ជនបទ និង​ការលើកកម្ពស់​ការរួម​បញ្ចូល​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

“ ប្រព័ន្ធ​ទូទាត់​គឺជា​ឆ្អឹងខ្នង​នៃ​ការទូទាត់” ដែល​មាន​គោលបំណង​ធ្វើឱ្យ​ការទូទាត់​រវាង​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​កាន់តែ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់។

វិទ្យាស្ថាន Global FinTech មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី​គឺជា​ស្ថាប័ន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ជា​សកល​ដែល​ត្រូវបាន​បង្កើតឡើង​ ដើម្បី​បង្កើត​ឲ្យ​មាន​កិច្ចសហការ ការតស៊ូ​មតិ​ក្រមសីលធម៌​ និង​ចំណេះដឹង​សម្រាប់​អ្នកជំនាញ​ក្នុង​វិស័យ FinTech នេះ៕