ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉ង សាំងកុមារ បាន​អំពាវនាវ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​រៀបចំ​ស្តង់​សម្រាប់​អាជីវករ​លក់ដូរ​នៅ​តំបន់​បិទ​ខ្ទប់។

ការអំពាវនាវ​នេះ​ស្របពេល សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ផ្សារ​រដ្ឋ​ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ទីក្រុង​ភ្នំពេញ​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ថ្លៃ​ទី ២៤ មេសា ដល់ ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ ២០២១ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់ចែង​បើក​ស្តង់​លក់ទំនិញ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់ នេះ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ល្អ ប៉ុន្តែ​ថា ក្រសួងពាណិជ្ជកម្ម​អាច​លក់​បង់​រំលស់​ជូន​អ្នក​ដែល​មិនមាន​លុយ​គ្រប់គ្រាន់ ហើយ​អនុញ្ញាត​ឲ្យ​អ្នកលក់ដូរ​ធម្មតា​លក់​នៅ​ជិត​នោះ​សម្រាប់​អ្នកមាន​លុយ​គ្រប់គ្រាន់។

លោក​សរសេរ​ថា៖ «ធ្វើ​យ៉ាងនេះ យើង​ជួយ​អ្នកមាន​ជីវភាព​ខ្វះខាត​ផង អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ (អ្នក​ចាក់​វ៉ាក់សាំង​បាន ២ លើក​ហើយ ) មាន​ប្រភព​ចំណូល​វិញ​ផង ឬ​បើ​មិន​ចង់​ស្មុគស្មាញ​លក់​រំលស់​ទេ ក្រសួង​មិនបាច់​លក់ ទុក​ឲ្យ​ឯកជន​ទាំងអស់​ក៏បាន ( ក្រសួង​ត្រួតពិនិត្យ​តម្លៃ ) ធ្វើ​បែបនេះ គឺ​មន្ត្រី​រាជការ​មិន​លំបាក​នឹង​មក​លក់ដូរ​ផងដែរ»។

ជាមួយ​គ្នា​នេះ​លោក យ៉ង សាំងកុមារ ក៏បាន​អំពាវនាវ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​គួរ​បង្កើត​ទីតាំង​សម្រាប់​បោះ​ដុំ​កសិផល​មកពី​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ឲ្យ​អាជីវករ​អាច​រកប្រាក់​ចំណូល​ក្នុង​អំឡុងពេល​បិទ​ខ្ទប់​នេះ។

លោក សាំងកុមារ ឲ្យ​ដឹងថា ការលក់ដូរ​គឺជា​មុខរបរ ឬ​ជា​ឆ្នាំងបាយ​របស់​អាជីវករ​តូចតាច​ដែល​ភាគច្រើន រក​មួយថ្ងៃ​រស់​មួយថ្ងៃ។

លោក​បន្ថែមទៀត​ថា៖ «តាម​យោបល់​ខ្ញុំ​ក្រសួង​គួរផ្តោត​លើ​ការជួយ​គាំទ្រ​ដល់​អាជីវករ​ដើម្បី​ដំណើរការ​អាជីវកម្ម​ពួកគាត់​បានល្អ​ដោយ​មាន​ទីតាំង​សមស្រប​ទទួល​បាន​ការផ្គត់ផ្គង់​កសិផល​ពី​ប្រភព​ផ្សេងៗ​បាន​ដោយ​រលូន និង​ដំណើរការ​លក់ដូរ​ដោយ​គោរព​តាម​គោលការណ៍​សុខាភិបាល​បានល្អ។ ការចែកគ្នា​ទទួលខុស​ត្រូវ​ និង​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋ​ និង​ពលរដ្ឋ​នាំ​ឲ្យ​យើង​ទប់ទល់​ជាមួយ​កូវីដ១៩​បាន​ជោគជ័យ»។

បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន ហ្គ្រីន ត្រេដ បាន​បញ្ចេញ​រថយន្ត​ចល័ត និង​បង្កើត​ស្តង់​យ៉ាងហោចណាស់​ចំនួន ២២ ដើម្បី​លក់ទំនិញ​ចាំបាច់​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​នៅ​តំបន់​ក្រហម។

ជាមួយ​គ្នា ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែល​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ចេញ​រថយន្ត​ចល័ត​ចំនួន ៦៤ គ្រឿង លក់​គ្រឿង​ឧបភោគបរិភោគ ដែលមាន​បន្លែ ត្រី សាច់ ដែលមាន​តម្លៃ​សមរម្យ​លក់​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ផង​ដែរ។

ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៩ ខែ​មេសា ក្រសួង​ពាណិជ្ជកម្ម​តាម​ក្រុមហ៊ុន ហ្គ្រីន ត្រេដ បាន​បញ្ចេញ​លក់​អង្ករ​បាន​ចំនួន ១ ២៤១ បេ និង​មីជាតិ​ចំនួន ៤ ៦២០ កេស ដល់​ប្រជាជន​ក្នុង​តំបន់​បិទ​ខ្ទប់ (តំបន់​ក្រហម)។

ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ទៀតថា ក្រៅពីនេះ​ក្រសួង​ក៏បាន​លក់​ទឹកត្រី​ចំនួន ១ ១៥៣ យួរ ទឹកស៊ីអ៊ីវ ៧៨៥ យួរ ត្រីខ ១ ៦២៧ យួរ ទឹក​សុទ្ធ ១៤០ យួរ ព្រមទាំង​បន្លែ ១១៥ គីឡូក្រាម សាច់ក្រក ១៣ គីឡូក្រាម និង​ឆាយប៉ូវ ៣៥៦ ថង់។

ការបញ្ចេញ​រថយន្ត​ចល័ត​លក់​គ្រឿង​ឧបភោគបរិភោគ​ ដើម្បី​រក្សា​លំនឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទទួលបាន​ម្ហូបអាហារ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់។ រាល់​ទំនិញ​ទាំងអស់​របស់​ក្រសួងពាណិជ្ជកម្ម​លក់​ក្រោម​តម្លៃ​ទីផ្សារ។

ក្រៅពី​រថយន្ត​ចល័ត ក្រសួង​ក៏បាន​ដំឡើង​ស្តង់​ទំនិញ​ចំនួន ១១ ស្តង់​បន្ថែមទៀត​សម្រាប់​លក់​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ដល់​ប្រជាពលរដ្ឋ៕