ភ្នំពេញ: ផែនការ​នៃ​ការចាប់​ផ្តើមធ្វើ​អាជីវកម្ម​ប្រេង​ជា​លើកដំបូង​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំនេះ​របស់​ក្រុមហ៊ុន KrisEnergy នឹង​ទទួលរង​ប៉ះពាល់​ដោយសារ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​នៅតែ​បន្ត​អូសបន្លាយ​នឹង​ការធ្លាក់​ថ្លៃ​ប្រេង​អន្តរជាតិ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការរាតត្បាត​វីរុស​កូរ៉ូណា​ជា​សកល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A របស់​កម្ពុជា​។ ប៉ុន្តែ​ក្រុមហ៊ុន​ដំណើរការ​អភិវឌ្ឍ​គម្រោង​នេះ​ជាធម្មតា​នាពេល​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​នៅតែ​ខិតខំ​អនុវត្ត​ការងារ​របស់ខ្លួន ប៉ុន្តែ​វា​មាន​ការលំបាក​សម្រាប់​គាត់​ដោយសារ​រឿង​កូវីដ​១៩ ហើយ សូម្បី​ការបញ្ជូន​អ្នកបច្ចេកទេស​ទៅ​កន្លែង​សាងសង់ platform សាងសង់​នាវា​ផលិត​ប្រេង ក៏មាន​ការរាំងស្ទះ​ខ្លះ​ដែរ ហើយ​ការដំណើរការ​នៅ​ការដ្ឋាន​ក៏មាន​ការលំបាក​»​។

លោក ជៀប សួរ អះអាង​ថា ក្រសួង​មិនទាន់​អាច​វាយតម្លៃ​បាន​នោះទេ​ថា​តើ​ក្រុមហ៊ុន​នឹង​ផលិត​ប្រេង​តាម​ផែនការ​ឬ​យ៉ាងណា​នោះទេ ដោយ​លោក​បញ្ជាក់ថា​៖ «​រឿង​ដំណើរការ​​បូម​ប្រេង​លើកដំបូង​របស់​កម្ពុជា យើង​មិនទាន់​អាច​វាយតម្លៃ​បានទេ ព្រោះ​យើង​ក៏​មិនទាន់បាន​ជួបប្រជុំ​ផ្ទាល់​ជាមួយ​គាត់ ដើម្បី​ពិភាក្សា​ឲ្យ​បាន​ជាក់លាក់​នោះទេ​»​។

លោក​បន្តថា​៖ «​ដោយសារ​បញ្ហា​កូវីដ​១៩​នៅតែ​បន្ត ជាពិសេស​នៅ​សិង្ហបុរី​ចំនួន​ឆ្លង​វីរុស​នេះ​កើនឡើង​ច្រើន ការបិទ​ប្រទេស​នៅតែ​បន្ត ដូច្នេះ​គាត់​នៅ​មិនទាន់​អាច​វាយតម្លៃ​អ្វី​បានទេ​។ ជាការ​ចាប់អារម្មណ៍​ឥឡូវនេះ​មាន​ការប៉ះពាល់​ដល់​ការអនុវត្ត​គម្រោង ប៉ុន្តែ​អ្វីដែល​គាត់​អាច​ធ្វើបាន​គាត់​នៅតែ​ខំប្រឹង​ធ្វើ​»​។

កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​តម្លៃ​ប្រេង​ក្នុង​រយៈពេល​ ៤ ខែ​ដំបូង​ នៃ​ឆ្នាំ ២០២០ ដែលជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​ទៅលើ​តម្រូវការ​ប្រេង​ និង​ឧស្ម័ន​ និង​ការផ្គត់ផ្គង់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដល់​ប្រតិបត្តិករ​ប្រេង និង​ឧស្ម័ន​។

ក្រុមហ៊ុន​នេះ​ក៏បាន​អះអាង​ដែរ​ថា​ទោះបី​មាន​ឧបសគ្គ​ច្រើន ការអភិវឌ្ឍ ប្រេង​នៅ​ប្លុក​អប្សរា​នៅតែ​បន្ត​តាម​ការគ្រោងទុក​ដែល​នឹង​ទាញយក​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​នៅក្នុង​ឆ្នាំ​ ២០២០​នេះ ហើយ​ប្លុក​នេះ​ត្រូវគេ​រំពឹងថា​នឹង​ឈានដល់​កម្រិត​ខ្ពស់បំផុត ៧ ៥០០ bopd​។

ក្រុមហ៊ុន KrisEnergy បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយ​ពិចារណា​លើ​កត្តា​ទាំងអស់ និង​រួមទាំង​ការរៀបចំ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដែល​នឹង​កើត​មាន​ក្នុងពេល​ឆាប់ៗ​នេះ​ការអភិវឌ្ឍ Mini Phase 1A ដំណាក់កាល​ទី​ ១ នឹង​ផ្តល់នូវ​ព័ត៌មាន​អំពី​ដំណើរការ​ដ៏សំខាន់ៗ​បន្ថែម​លើ​លំហូរ​សាច់ប្រាក់​ និង​អាចឈាន​ទៅដល់​ដំណាក់កាល​អភិវឌ្ឍន៍​នាពេល​អនាគត​»​។

បច្ចុបន្ន Cambodia Resource Energy Development Co ltd ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​បរទេស​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​រុករក​ប្រេង​រយៈពេល​ ៣ ​ឆ្នាំ​នៅ​ប្លុក​ D ដែលមាន​ទំហំ​ ៥ ៥០០ គីឡូម៉ែត្រ​ការ៉េ​ក្នុង​តំបន់​ឈូង​សមុទ្រ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​ចាប់ផ្តើម​ការរុករក​ប្លុក​ D នៅ​ឆ្នាំនេះ​។

បើ​យោងតាម​លោក ជៀប សួរ ប្រទេស​កម្ពុជា​បាន​បែងចែក​តំបន់​សម្រាប់​រុករក​ប្រេងកាត​ចំនួន​ ៦ ​ប្លុក​នៅក្នុង​តំបន់​សមុទ្រ និង​ ១៩ ​ប្លុក​នៅ​ដែន​ដីគោក​៕