ភ្នំពេញៈ​ មន្ដ្រី​មក​ពី​ក្រសួង​កសិកម្ម បង្ហាញ​ការ​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ ដោយ​ថ្លែង​ថា​ ទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​អង្ករ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ក៏​ដោយ​។​

របាយ​ការណ៍​ពី​អគ្គ​នាយក​ដ្ឋាន​កសិ​កម្ម ​បង្ហាញ​កាល​ពី​ម្សិល​​មិញ​ថា ​ការ​​នាំ​ចេញ​អង្ករ​កម្ពុជា​​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដំបូង​​​ធ្លាក់​ចុះ​ ៧​ ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​។​

ការ​ធ្លាក់​ចុះ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ឧស្សា​ហកម្ម​ស្រូវ​អង្ករ​​កម្ពុជា​ ទោះ​បី​ជា​កិច្ចព្រ​ម​ព្រៀង​នាំ​​ចេញ​​អង្ករ​រាប់​ពាន់​តោន​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ សម្រាប់​ការ​នាំ​ចេញ​ក៏​ដោយ​​។​ នេះ​បើ​យោង​តាម​លោក ​ហ៊ាន វណ្ណ​ហន ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិ​កម្ម​របស់​ក្រសួង​កសិកម្ម​បាន​ថ្លែង​ កាល​ពី​ម្សិល​មិញ​។​

​ទិន្ន​ន័យ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​​អគ្គនាយក​ដ្ឋាន​កសិ​កម្ម​កាល​ពី​ម្សិល​មិញ បា​នផ្ដល់​ព័ត៌​មាន​លម្អិត​លើ​​កា​រ​នាំ​ចេញ​អង្ករ​សរុប​នៅ​រយៈ​ពេល​​ ៤ ​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​ មាន​ចំនួន​សរុប ​១៩៧ ​៣៥៤ ​តោន​ ធៀប​នឹង​ចំនួន ​២១២​ ៣៩៤ ​តោន​ដែល​បាន​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន គឺ​ធ្លាក់​ចុះ​ ៧ ​ភាគ​រយ​។​

លោក ​ហ៊ាន ​វណ្ណ​ហន ​ថ្លែង​ថា​៖ «​វា​ជា​ការ​បារម្ភ​ពិត​ប្រាកដ​សម្រាប់​ឧស្សា​ហ​កម្ម​ស្រូវ​អង្ករ​»។ ​លោក​ថ្លែង​ថា ឧស្សា​ហ​កម្ម​ស្រូវ​អង្ករ​​កម្ពុជា​អាច​ផលិត​​ស្រូវ​បាន​ ១០ ​លាន​តោន​ ខណៈ​​កិច្ចព្រម​ព្រៀង​នាំ​ចេញ​អង្ករ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​សម្រាប់​ការ​បង្កើន​ការ​នាំ​ចេញ​ ប៉ុន្តែ​ ភាព​ពិត​នៃ​ការ​នាំ​ចេញ​នៅ​ធ្លាក់​ចុះ។​

លោក​ថ្លែង​ថា​៖ «​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​សម្រាប់​ការ​នាំចេ​ញ​អង្ករ​​ក៏ដោយ​ ប៉ុន្តែ ​​វា​នៅ​តែពឹង​ផ្អែក​លើ​ការ​ចរចា​​លក្ខ​ខណ្ឌ ​និង ​តម្លៃ​ រវាង​អ្នក​ទិញ ​និង​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​របស់​យើង​»។ លោក​បន្តថា​៖​ «យើង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជា​មួយ​វិស័យ​ឯក​ជន​ និង​ក្រសួង​ពាក់​ព័ន្ធ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​ប្រឈម​នៅពី​ក្រោយ​»​។​

ប្រទេស​ចិន ​ដែល​យល់​ព្រម​ទទួល​ទិញ​​អង្ករ​ ២០០ ​០០០​ តោន ពី​ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ​ ២០១៧​ ហើយ​នឹង​បង្កើន​កូតា​ដល់ ​៣០០ ០០០ ​តោន​នៅ​ឆ្នាំ​នេះ​ គឺជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ប្រទេស​​ កម្ពុជា​។​

កាល​ពី​ឆ្នាំ​មុន​ប្រទេស​ កម្ពុជា ​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ នាំ​ចេញ​អង្ករ​ ១​ លានតោន​ទៅ​ប្រទេស​បង់​​ក្លា​​ដែស​ ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ ដោយ​យល់​ព្រម​នាំ​ចេញ ​២៥០ ០០០ ​តោន​ក្នុង​ ១ ​ឆ្នាំ​។​

​ប៉ុន្តែ​ កិច្ច​ព្រម​ព្រៀង​​នេះ ​ត្រូវ​បាន​លុប​ចោល​ ដោយ​ប្រទេស​បង់ក្លាដែស​ ខណៈ​ការចរចា​ និង​លក្ខខណ្ឌ​ មិន​ត្រូវ​បាន​ធ្វើ​រួម​គ្នា​នោះ​ទេ​។​

​ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក ​ឡុង ​កែម​វិចិត្រ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ​នៅ​តែ​បញ្ជាក់​ថា ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​​ជា​មួយ​ ប្រទេស​បង់​ក្លា​​ដែស​ នៅតែ​ដំណើ​រការ​នៅ​ឡើយ​។​ លោក​ថ្លែង​ថា​៖​ «​MoU នេះ​កំពុង​អនុវត្ត​នៅ​ឡើយ​ ហើយ​ទាំង​កម្ពុជា​ និង​បង់ក្លាដែស​ កំពុង​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​ការ​អនុវត្ត ​MoU​ នេះ​»​៕ LA