ភ្នំពេញៈ កម្ពុជា​កំពុង​ក្លាយជា​ទិសដៅ​សម្រាប់​ការវិនិយោគ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​មួយ​នេះ​បាន​ចូលរួម​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​​ជាមួយ​បណ្តា​ប្រទេស​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ នេះ​បើ​យោងតាម​លោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​។

ថ្លែង​ក្នុងជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​មកពី​ខេត្ត​គួងស៊ី ប្រទេស​​​ ចិន ​ចំនួន ៥៧ ក្រុមហ៊ុន រួមជាមួយ​ពាណិជ្ជករ​មកពី​ប្រទេស ​ថៃ ឥណ្ឌូនេស៊ី និង​វិនិយោគិន​ ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ភ្នំពេញ​លោក ឈួន ដារ៉ា បាន​ឲ្យ​ដឹងថា ជំនួប​ពាណិជ្ជកម្ម​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ឱកាស​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា ការបង្កើត​ឱកាស​នៃ​ការចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ប្រទេស ​កម្ពុជា​។

លោក​បន្តថា សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ (​ចំ​កណ្តាល​តំបន់​អាស៊ាន​) បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ​។

លោក​បន្ថែមថា​៖ «​កម្ពុជា​គឺជា​ទិសដៅ​សម្រាប់​ពាណិជ្ជករ​មក​វិនិយោគ​ដើម្បី​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន ហើយ​កម្ពុជា​ក៏បាន​ចូលរួម​ចរចា​ក្នុង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​នៅ​ឆ្នាំ​ ២០១២ ជាមួយនឹង​អាស៊ាន​បូក​ប្រទេស​ទាំង​ ៦ និង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទៀតផង​»​។

លោក​បាន​បន្តថា​ កម្ពុជា​ក៏​ជា​ប្រទេស​ដែលមាន​គោលនយោបាយ​លើកទឹកចិត្ត​ច្រើន​សម្រាប់​វិនិយោគិន ព្រម​ជាមួយ​នឹង​ការទទួល​បាន​នូវ​ភាពអនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និង​អាមេរិក​ផង​ដែរ​។

គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិនិយោគិន​បរទេស​មានដូចជា ការបន្ទាប​ពន្ធ​លើ​ប្រាក់ចំណេញ ការ​បង្វិលទុន និង​ការប្រើប្រាស់​ដើមទុន​របស់ខ្លួន​ ១០០ ​ភាគរយ​ជាដើម​។ នេះ​បើតាម​លោក ឈួន ដារ៉ា​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា ជំនួប​នេះ​នឹង​ផ្តល់ឱកាស​ដល់​ពាណិជ្ជករ​កម្ពុជា​បាន​ជួប​ជាមួយ​ពាណិជ្ជករ​ចិន ថៃ និង​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់ ព្រមទាំង​ពង្រឹង​នូវ​ខ្សែចង្វាក់​ផលិតកម្ម ការចាប់​ដៃគូ​រកស៊ី និង​នាំចេញ-នាំចូល​រវាង​គ្នា​ឲ្យ​កាន់តែ​ច្រើន និង​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​បន្ថែមទៀត​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយថា ជំនួប​ពាណិជ្ជកម្ម​ពិតជា​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។ តាមរយៈ​ជំនួប​ពាណិជ្ជកម្ម អ្នកវិនិយោគ​បរទេស​មិន​ត្រឹមតែ​ទទួលបាន​ព័ត៌មាន​ទីផ្សារ និង​ឱកាស​វិនិយោគ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​អាច​ទទួលបាន​ដៃគូ​វិនិយោគ​ទៀតផង​។

លោក​ថ្លែងថា​៖ «​គ្រប់​វិនិយោគិន​បរទេស​ដែល​ចង់ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ គេ​សុទ្ធតែ​ចង់​ជួប​ពាណិជ្ជករ​ក្នុងស្រុក​ជាមុន ដើម្បី​ពិភាក្សា និង​ស្វែងយល់​ពី​សភាពការណ៍​វិនិយោគ​»​។

លោក​បាន​បន្ថែមថា​៖ «​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏​ធ្លាប់បាន​ចេញ​ទៅ​រៀបចំ​វេទិកា​បែប​នេះ​នៅក្រៅ​ប្រទេស​ផងដែរ ពិសេស​នៅពេល​ថ្នាក់ដឹកនាំ​កំពូល​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​តែង​ទៅ​ចូលរួម ឬ​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​នៅ​ទីនោះ​ដែរ​»​។

របាយការណ៍​ប្រចាំឆមាស​ទី​ ១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការនាំចេញ​ទំនិញ​កម្ពុជា​មាន​តម្លៃ​សរុប​ ៦,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ទីផ្សារ​អាមេរិក​មាន​ចំនួន​ ២៨ ​ភាគរយ តំបន់​អឺរ៉ុប ២៦,៦ ​ភាគរយ ចក្រភព​អង់គ្លេស ៦,៦​ ​ភាគរយ និង​ជប៉ុន ៧,៧ ​ភាគរយ​។

ចំណែក​ការនាំ​ចូល​មាន​តម្លៃ​សរុប​រហូត ១០,៥ ​ពាន់​លាន​ដុល្លារ​ នាំមុខ​ដោយ​ប្រទេស​ចិន​ដែល​មាន ៤៦ ​ភាគរយ ថៃ ១៥,៦ ​ភាគរយ វៀតណាម ១៣,២ ​ភាគរយ និង​ជប៉ុន ៤,៥ ​ភាគរយ​៕