ភ្នំពេញៈ បន្ទាប់ពី​ការប្រកាស​លក់​ប្រតិបត្តិការ​របស់ Uber នៅ​អាស៊ីអាគ្នេយ៍​ឲ្យ​ទៅ Grab ជា​ក្រុមហ៊ុន​គូប្រកួត​ប្រជែង​ក្នុង​តំបន់ និយតករ និង​មន្ដ្រី​រដ្ឋាភិបាល​នៅក្នុង​តំបន់​បាន​ចាត់​វិធានការ​ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា មិន​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​នៅក្នុង​វិស័យ​នេះ​។

និយតករ​នៅក្នុង​ប្រទេស​ហ្វីលីពីន និង​សិង្ហបុរី​ដែល​ជា​មូលដ្ឋាន​របស់ Grab បាន​ចាប់ផ្ដើម​ដំណើរការ​ស៊ើបអង្កេត​ប្រឆាំង​ភាព​ផ្ដាច់មុខ ខណៈ​មន្ដ្រី​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ថា​ពួកគេ​នឹង​ចាត់​វិធានការ​តាម​ក្រោយ​ផង​ដែរ​។

កាលពី​ថ្ងៃ​ចន្ទ​ នាយកដ្ឋាន​ប្រកួតប្រជែង និង​ការពារ​អតិថិជន​របស់​វៀតណាម​បាន​ចេញ​បញ្ជា​ឲ្យ Grab ត្រូវ​បង្ហាញ​ថា​ខ្លួន​មិនមែន​ជា​ក្រុមហ៊ុន​ផ្ដាច់មុខ​ក្នុង​ប្រទេស​នេះ​ទេ​។ ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​វិញ​ហាក់​មិន​មាន​ប្រតិកម្ម​នោះ​ទេ​។

លោក ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ (MPWT) ​បាន​ថ្លែង​ថា​កម្ពុជា​ស្វាគមន៍ និង​គាំទ្រ​ក្រុមហ៊ុន​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជានិច្ច​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​កាន់តែ​ច្រើន​ដែល​ចូល​មក​កម្ពុជា​ធ្វើឲ្យ​តម្លៃ និង​គុណភាព​សម្រាប់​អតិថិជន​កាន់តែ​ប្រសើរ​»​។ លោក​ហាក់​មិន​អើពើ​ការបារម្ភ​ការ​ពី​ប្រឆាំង​នឹង​ការប្រកួត​ប្រជែង​ដែល​បាន​លើក​ឡើង​ដោយ​និយតករ​របស់​បណ្ដា​ប្រទេស​ជិត​ខាង​ទេ​។

ការ​ឆ្លើយតប​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​គំនិត​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ជួប​ជាមួយ​មន្ដ្រី​ក្រុមហ៊ុន Grab អំពី​ការទិញ​ក្រុមហ៊ុន Uber កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ក្ដីសង្ឃឹម​របស់​លោក​ថា៖ «​ការច្របាច់​បញ្ចូល​គ្នា​នៃ​សេវា​ទាំង​ ២ ​នេះ​នឹង​ធ្វើឲ្យ​តម្លៃ​ធ្លាក់​ចុះ​សម្រាប់​អត្ថប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​» និង «​បាន​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​មកពី​ក្រសួង​»​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​។

មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ការគាំទ្រ​របស់​លោក​ចំពោះ​ក្រុមហ៊ុន Grab ។ ក្នុង​អំឡុង​ការ​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែ​ធ្នូ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា​លោក​បាន​សង្ឃឹម​ថា​ពួកគេ​អាច​មាន​ការបោះផ្សាយ​មូលបត្រ​សាធារណៈ​លើក​ដំបូង (IPO) មុន​ដៃគូ​ប្រកួត​ប្រជែង​ដែល​លោក​ចង់​សំដៅ​ដល់​ក្រុមហ៊ុន Uber​។

លោក Wee Tang Yee ប្រធាន​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Grab បាន​កោតសរសើរ​សម្តី​របស់​លោក​រដ្ឋមន្ដ្រី​ដោយ​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា​ក្រសួង​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​នេះ​ចាប់​តាំងពី​ពួកគេ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។

មូលហេតុ​មួយ​ដែល​និយតករ​មិន​បង្កើន​ការស៊ើបអង្កេត​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ថា​ប្រទេស​នេះ​ខ្វះ​ច្បាប់​ប្រកួត​ប្រជែង និង​ការអនុវត្ត​ប្រឆាំង​នឹង​ការប្រកួត​ប្រជែង​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​នៅ​ទីផ្សារ​កម្ពុជា​មិនមែន​មាន​តែ​ក្រុមហ៊ុន Grab នោះ​ទេ ខណៈ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​មួយ​ចំនួន​កំពុង​ទទួល​បាន​ការគាំទ្រ​ពី​អ្នក​ប្រើប្រាស់​។

Grab ប្រឈម​នឹង​ការប្រកួត​ប្រជែង​ក្នុង​ស្រុក​នៅ​កម្ពុជា​ទាក់ទង​នឹង​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​ដូចជា កម្មវិធី PassApp កម្មវិធី Exnet និង​កម្មវិធី UGo 711 Taxi ។

ប៉ុន្តែ​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ក្រុមហ៊ុន Grab បាន​ដំណើរការ​សេវា​ថ្មីៗ ដូចជា សេវា GrabBike និង​សេវា GrabTukTuk ដែល​ជា​ការប្រកួត​ប្រជែង​ដោយ​ផ្ទាល់​កាន់​ខែ​ខ្លាំង​ជាមួយ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ស្រុក​ជាច្រើន​។

លោក ហោ ដាលុច ស្ថាបនិក Exnet ជា​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ដំបូង​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៦ បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ Grab មិន​ទាន់​មាន​រ៉ឺម៉ក​ម៉ូតូ​ច្រើន​លើ​ដង​ផ្លូវ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រហែល​ជា​ក្រុមហ៊ុន​នេះ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ ហើយ​បន្ទាប់​មក​យើង​នឹង​បារម្ភ​»​។

លោក​ ដាលុច ថ្លែង​ថា​លោក​មាន​បំណង​សហការ​ជាមួយ MPWT ខណៈ​ក្រសួង​មិន​ដែល​បាន​ទាក់ទង​គាត់ ឬ​ក្រុមហ៊ុន​របស់​គាត់​ទេ ប៉ុន្តែ​លោក​មាន​ការ​ស្ទាក់ស្ទើរ​ដោយសារ​កង្វះ​ភាព​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ជុំវិញ​ការផ្ដល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង​បទប្បញ្ញត្តិ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ជួប​ជាមួយ​សាលា​រាជធានី​ជាច្រើន​ដង ដើម្បី​ពិភាក្សា​បទ​ប្បញ្ញត្តិ ប៉ុន្តែ​ពួកគេ​នៅ​តែ​និយាយ​ថា ពួកគេ​មិន​ប្រាកដ​ពី​របៀប​ក្នុង​ការ​គ្រប់គ្រង​ពួកយើង​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​អ្វី​ជា​ការ​គ្រប់គ្រង​? យើង​មិន​ដឹង​ទេ​»​។

សហគ្រិន​ក្នុង​ស្រុក​រូប​នេះ​ថ្លែង​ថា​លោក​បារម្ភ​ថា បើ​មិន​បាន​ត្រួតពិនិត្យ​នោះ​ទេ សេវា និង​តម្លៃ​ថ្មី​របស់​ក្រុមហ៊ុន Grab នឹង​នាំ​ឲ្យ​មាន «​ភាពផ្ដាច់មុខ​»​។

លោក ណាង ឃុននាង ដែល​ប្រតិបត្តិ​កម្មវិធី UGo 711 Taxi បាន​ថ្លែង​ថា​លោក​មាន​ការបារម្ភ​អំពី​ក្រុមហ៊ុន Grab និង​ថា​កម្មវិធី​ក្នុង​ស្រុក​នឹង​ត្រូវ​តែ​មាន​ភាព​ច្នៃប្រឌិត ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​។ លោក ណាង បាន​អំពាវនាវ​ឲ្យ​ MPWT ត្រូវ​សហការ​ជាមួយ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ស្រុក​ដូច​គ្នា​នឹង​របៀប​ដែល​ពួកគេ​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន Grab ។ លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​ក្រសួង​ចង់​ធ្វើ​ល្អ គេ​នឹង​ធ្វើ​ការងារ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុម​វិនិយោគិន​ក្នុង​ស្រុក និង​កម្មវិធី​ក្នុង​ស្រុក​នៅ​ពេល​អនាគត​»៕LA

​រាយការណ៍​បន្ថែមៈ ចេង សុខហ័ង