
យុវជនចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីរូបិយប័ណ្ណឌីជីថលនៅសហរដ្ឋអាមេរិកនាពេលកន្លងមកស្តីពីមូលនិធិ រូបិយប័ណ្ណឌីជីថល ២០១៨ ។ រូប AFP
ភ្នំពេញៈ បើទោះបី និយតករ ហិរញ្ញវត្ថុកម្ពុជាអះអាងដដែលជាដដែលថា អាជ្ញាធរមិនដែលបានយល់ព្រមណាមួយដល់ការជួញដូររូបិយប័ណ្ណឌីជីថល និងថែមទាំងប្រាប់ឲ្យសាធារណជនប្រុងប្រយ័ត្នពីទម្រង់នៃការជួញដូរនេះក៏ដោយ ក៏ក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល Entapay នៅតែបន្តអះអាងពីការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញដោយថា ខ្លួនទទួលបានការគាំទ្រពីកងយោធពលខេមរភូមិន្ទ (RCAF) ជាការអះអាងមួយដែលត្រូវបានបដិសេធដោយមន្ដ្រីយោធា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះឲ្យដឹងថា មន្ដ្រីក្រុមហ៊ុនបានជួបជាមួយអគ្គមេបញ្ជាការរងរបស់ RCAF និងជាមេបញ្ជាការកងរាជអាវុធហត្ថ។ សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា កិច្ចប្រជុំនេះ «មានន័យថា សមាគមអភិវឌ្ឍន៍ឧស្សាហកម្មរូបិយប័ណ្ណឌីជីថលកម្ពុជា ហើយក្រុមហ៊ុន Entapay បានទទួលការគាំទ្រពីយោធាកម្ពុជា»។
ឧត្តមសេនីយ៍កម្ពុជាដែលក្រុមហ៊ុននេះអះអាងនោះគឺឈ្មោះ Benxian Xing ប៉ុន្តែនៅកម្ពុជាមិនមានឈ្មោះ Benxian Xing ជាឧត្តមសេនីយ៍ណាមួយនោះទេ។ ទោះបីយ៉ាងនេះក្តីនៅលើគេហទំព័ររបស់ Entapay បានដាក់រូបលោក ហ៊ីង ប៊ុនហៀង បញ្ជាក់ពីការទទួលស្គាល់នេះ។
ពេលទាក់ទងកាលពីម្សិលមិញលោក ហ៊ីង ប៊ុនហៀង សួរអ្នកយកព័ត៌មានវិញថា «អ្នកជឿលើក្រុមហ៊ុននេះទេ?» លោកបន្តថា មានមនុស្សមួយចំនួនបានប្រើប្រាស់ឈ្មោះលោកក្នុងហេតុផលអាក្រក់។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកមិនបានឮពីការរាយការណ៍អំពីមន្ដ្រី RCAF មានស័ក្តិខ្ពស់ជួបប្រជុំជាផ្លូវការជាមួយក្រុមហ៊ុនចិននោះទេ។
នៅពេលសួរថា តើ RCAF បានគាំទ្រក្រុមហ៊ុននេះឬអត់? លោក ឈុំ សុជាតិ បានឆ្លើយថា៖ «ខ្ញុំមិនជឿ [ការអះអាង] នេះជាការពិតនោះទេ។ ខ្ញុំមិនគិតថា [RCAF] បង្ហាញការគាំទ្រលើក្រុមហ៊ុននេះទេ»។
វាមិនមែនជាលើកដំបូងនោះទេដែលក្រុមហ៊ុន Entapay នេះត្រូវបានបដិសេធដោយមន្ដ្រីរដ្ឋាភិបាល។ កាលពីដើមខែនេះក្រុមហ៊ុននេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា នឹងមានរូបិយប័ណ្ណឌីជីថលជាតិរបស់កម្ពុជា។
ការអះអាងទាំងនោះត្រូវបានបដិសេធដោយមន្ដ្រីមកពីធនាគារជាតិនៃកម្ពុជា ផ្សារមូលបត្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអ្នកទាំងនោះបានថ្លែងថា ពួកគេមិនបានឮពីក្រុមហ៊ុននេះទេ និងថាមិនមានផែនការក្នុងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលជាតិនោះទេ។
កាលពីសប្តាហ៍មុនក្រុមហ៊ុននេះបានរៀបចំជំនួបកំពូល Asean-Blockchain Summit នៅទីក្រុងភ្នំពេញដោយមានការចូលរួមជាអធិបតីពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផងដែរ។
អ្នកនាំពាក្យរបស់ខុទ្ទកាល័យលោកស្រី ម៉ែន សំអន បានថ្លែងថាលោកស្រីរដ្ឋមន្ដ្រីបានជំរុញឲ្យក្រុមហ៊ុននេះត្រូវអនុវត្តតាមច្បាប់ដែលជាប់ពាក់ព័ន្ធ។ ក្រុមហ៊ុន Entapay នេះក៏បានដាក់រូបភាពលោកស្រី ម៉ែន សំអន នៅលើគេហទំព័ររបស់ខ្លួនដែលបញ្ជាក់ពីការទទួលស្គាល់នេះផងដែរ។
អ្នកចូលរួមរាប់រយនាក់ដែលបានធ្វើដំណើរពីប្រទេសចិនមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះបានបង្ហាញការយល់ច្រឡំអំពីក្រុមហ៊ុននេះ ហើយមនុស្សជាច្រើនបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ពួកគេមិនមានចំណាប់អារម្មណ៍លើរូបិយប័ណ្ណឌីជីថលទាល់តែសោះ។
តំណាងមកពីក្រុមហ៊ុនមិនអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ៕ LA