ភ្នំពេញៈ ប្រឈម​នឹង​ការបាត់បង់​គម្រោង​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ (EBA)» របស់​សហភាព​អឺរ៉ុប​ដែល​នឹង​មើលឃើញ​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​នេះ​មាន​ការលើកឡើង​ពី​ការយល់ឃើញ​ផ្សេងៗ​គ្នា​ជុំវិញ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​ចក្ខុវិស័យ​នយោបាយ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០​។

ហានិភ័យ និង​បញ្ហា​ប្រឈម​ដែល​ជាប់ទាក់ទង​នឹង​ភាពមិន​ច្បាស់លាស់​ជុំវិញ​លទ្ធភាព​ដក EBA និង​ការពឹងផ្អែក​ខ្លាំង​របស់​កម្ពុជា​លើ​លំហូរ​ចូល​មូលធន​អាច​ប៉ះពាល់​ដល់​ចក្ខុវិស័យ​កំណើន​។

ទោះយ៉ាងណា មន្ដ្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បង្ហាញ​សុទិដ្ឋិនិយម​របស់ខ្លួន​ជុំវិញ​ដំណើរ​វិជ្ជមាន​សម្រាប់​ឆ្នាំ​ ២០២០ ខណៈ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើការងារ​កាន់តែ​ច្រើន​ថែមទៀត​លើ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ទទួលស្គាល់​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មើលឃើញ​ផលប៉ះពាល់​ដោយសារ​ការដក EBA​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា វា​គ្រាន់​ជា​ផលប៉ះពាល់​មួយផ្នែក​ប៉ុណ្ណោះ ​ខណៈ​រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​រួចហើយ​នូវ​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​យើង​មិនអាច​បដិសេធ​បានទេ​។ ច្បាស់​ណាស់​វា​ត្រូវតែ​ប៉ះពាល់​នៅក្នុង​កម្រិត​ណាមួយ ដោយសារ​តែ​យើង​នឹង​បាត់បង់​ជិត ១ ​ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ពន្ធ​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​»​។ ប៉ុន្តែ​លោក​បន្តថា វា​មិនមែន​ជាការបារម្ភ​ដ៏ធំ​មួយ​នោះទេ ដោយសារ​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ល្អប្រសើរ​ក្នុង​ឆ្នាំ​ ២០២០​។

លោក វណ្ណៈ ថ្លែងថា​៖ «​វា​នឹង​មិនជា​ហានិភ័យ​ខ្ពស់​ទេ​សម្រាប់​សេដ្ឋកិច្ច​របស់​យើង​។ រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​កំណែទម្រង់​ត្រឹមត្រូវ​រួចហើយ ដើម្បី​កៀរគរ​ប្រាក់ចំណូល ខណៈ​យើង​នឹង​មាន​ប្រភព​ប្រាក់​ចំណូល​ប្រេង​ផ្សេងទៀត​ដែល​នឹង​ទាញយក​តំណក់​ប្រេង​ដំបូង​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០»​។

បច្ចុប្បន្ន​កម្ពុជា​ពឹង​ផ្អែកលើ​សម្លៀកបំពាក់ និង​វាយនភណ្ឌ​ដែល​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ឧស្សាហកម្ម​នេះ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ៧០០ ០០០ ​នាក់​នៅ​ទូទាំង​ប្រទេស​។

លោក ពេជ្រ ពិសី នាយក​ជាន់ខ្ពស់​នៃ​កម្មវិធី​អង្គការ​តម្លាភាព​កម្ពុជា (TI) បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សំណង់ ឧស្សាហកម្ម​កាត់ដេរ និង​វិស័យ​សេវា ខណៈ​ការដក EBA នឹង​ជា​ការប៉ះពាល់​ដ៏ធំ​មួយ​លើ​កំណើន​សេដ្ឋកិច្ច​។

ប៉ុន្តែ​លោក ពិសី បាន​ឲ្យ​ដឹង​ថា​ពិតណាស់ រដ្ឋាភិបាល​អាច​ប៉ះប៉ូវ​ការខាតបង់​នានា​ដែល​កើតចេញ​ពី​ការបាត់បង់ EBA តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​នៃ​ការធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា និង​ការបំបាត់​អំពើ​ពុករលួយ ដែល​ជា​បន្ទុក​សម្រាប់​ឧស្សាហកម្ម​ជា​យូរ​មកហើយ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ក៏​គួរតែ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ពង្រឹងសមត្ថភាព​ប្រកួតប្រជែង និង​បង្កើន​ផលិតភាព​ផងដែរ​»​។ លោក​បន្តថា​៖ «​ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន រដ្ឋាភិបាល​គួរ​ពិនិត្យ​ឡើងវិញ​ច្បាប់​វិនិយោគ និង​ធ្វើការ​កែប្រែ​ចំណុច​ណា​ដែល​ចាំបាច់​»​។

លោក ពិសី បាន​ឲ្យ​ដឹងថា​ការកើនឡើង​ប្រាក់ចំណូល​ពន្ធ គឺជា​សញ្ញា​ដ៏ល្អ​មួយ​ដោយសារ​វា​អាច​ឲ្យ​រដ្ឋាភិបាល​មាន​ស្វ័យ​ស្ថិរភាព​ហិរញ្ញវត្ថុ​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង​ក្នុងតម្លៃ ៧,៩៧ ពាន់​លាន​ដុល្លារ​​ ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង ​ឆ្នាំ​ ២០១៩ កើនឡើង ១៣,១៨ ​ភាគរយ​ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ពី​ចំនួន ៧,០៤៤ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ការនាំចេញ​ភាគច្រើន​ទៅ​ទីផ្សារ​អាមេរិក និង​សហភាព​អឺរ៉ុប ហើយ​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប កម្ពុជា​សន្សំ​បាន​ជាង ៧០០ ​លាន​ដុល្លារ​​ ពី​ពន្ធ​នាំចូល​លើ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្លុក​នេះ​។

សហភាព​អឺរ៉ុប​ជាថ្មី​ម្ដងទៀត​បាន​ស្នើឲ្យ​មាន​ការស្ដារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដោយ​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​ប្រឆាំងនឹង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ជា​ថ្នូរ​នឹង​ការរក្សា​ការអនុគ្រោះ​ពន្ធ​នេះ​។

ទោះយ៉ាងណា​លោក ហុង វណ្ណៈ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ហាក់ដូចជា​ប្រកាន់​ជំហរ​ដ៏ច្បាស់លាស់​របស់ខ្លួន​លើ​បញ្ហា​នេះ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ត្រៀម​អ្វីៗ​រួចរាល់​ហើយ​នៅពេល​យើង​បាត់បង់ EBA ។

លោក​បន្ថែមថា​៖ «​យើង​នៅតែ​មាន​វិស័យ​ដែលមាន​សក្ដានុពល​ជាច្រើន និង​គ្រប់​ប្រភេទ​ទាំងអស់​នៃ​ការវិនិយោគ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​»​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​សប្ដាហ៍​មុន​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មិន​ប្រែប្រួល​ខ្លាំង​ទេ ខណៈ​ឧស្សាហកម្ម​សំខាន់​របស់​ប្រទេស​នេះ​កំពុង​ស្វែងរក​ការប៉ះប៉ូវ​ដល់​ផលប៉ះពាល់​ណាមួយ​ដោយ​ការដក EBA​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ហ៊ាន​និយាយថា សម្រាប់​ឆ្នាំ​ ២០២០ ស្ថានការណ៍​សេដ្ឋកិច្ច​របស់​យើង​នៅតែ​ល្អ​»​។ លោក​បន្តថា វិស័យ​កាត់ដេរ​ដែល​ជា​ផលិតផល​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា​កំពុង​សម្លឹងមើល​ការកាត់បន្ថយ​ផលប៉ះពាល់​ណាមួយ​ដែល​កើតចេញ​ពី​ទាំង​បញ្ហា​ខាងក្នុង និង​ខាងក្រៅ​។

លោក​បន្តថា​៖ «​នៅពេល​នេះ​យើង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ដោយ​កាត់បន្ថយ​ការចំណាយ​ផលិត និង​បង្កើន​ផលិតភាព​របស់​យើង​»​។ លោក​បាន​បន្ថែមថា​៖ «​ការចំណាយ​លើ​ឡូជីស្ទិក​របស់​យើង​ខ្ពស់​ខ្លាំងណាស់​ធៀប​នឹង​វៀតណាម និង​ថៃ ដែល​ធ្វើឲ្យ​យើង​ខាតបង់​លើ​ការដឹកជញ្ជូន​»​។

លោក Jarkko Turunen សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ថ្មី​បំផុត​របស់ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុងឆ្នាំ​ ២០១៩ ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់​វិធានការ​បង្ការ​ជាមុន​ដើម្បី​ដោះស្រាយ​ហានិភ័យ​សេដ្ឋកិច្ច និង​ភាព​មិន​ច្បាស់លាស់​តាមរយៈ​ផែនការ​កែទម្រង់​រចនាសម្ព័ន្ធ សំដៅ​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង និង​ការធ្វើ​ពិពិធកម្ម​។

លោក​បាន​ឲ្យ​ដឹងថា​គម្រោង​មួយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ធ្វើការងារ​លើ​ការ​ដោះស្រាយ​ការចំណាយ​លើ​ការបង្កើត​ការងារ ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​មាន​កម្រិត​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបី​ជា​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក៏ដោយ​។ នេះ​បើ​យោងតាម IMF ។

IMF និង​ធនាគារពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​នៅតែ​រឹងមាំ​ក្នុង​អត្រា ៧ ​ភាគរយ​​ ក្នុង​ឆ្នាំ​ ២០១៩ មុនពេល​ការធ្លាក់​ចុះ​មក​នៅត្រឹម ៦,៨ ​ភាគរយ​​ ក្នុង​ឆ្នាំ ​២០២០៕ LA