ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​អះអាងថា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax) ត្រូវបាន​លើកលែង​ចំពោះ​ការលក់ និង​ផ្ទេរកម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​របស់​ស្ថាប័នរដ្ឋ កម្មសិទ្ធិ​របស់​អ្នកការទូត និង​ដី​កសិកម្ម​។

ការលើកឡើង​នេះ​លាតត្រដាង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ «​ពន្ធ​លើ​ចំណេញ​មូលធន​» ​កាលពី​ថ្ងៃ​​ទី​ ២២ ខែកុម្ភៈ​ កន្លងទៅ​នៅ​ភ្នំពេញ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លោក កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែងថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ត្រូវបាន​លើកលែង​ចំពោះ​ការលក់ និង​ផ្ទេរ​មូលធន​មួយចំនួន​ដូចជា ទ្រព្យ​ជា​កម្មសិទ្ធិ​របស់​ស្ថាប័នរដ្ឋ ទ្រព្យ​ជា​កម្មសិទ្ធិ​របស់​បេសកកម្ម​ទូត កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​នៃ​រដ្ឋាភិបាល​ដទៃ​ទៀត​។

រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើកលែង​ពន្ធ​លើ​ចំណេញ​មូលធន​ចំពោះ​ការលក់ និង​ផ្ទេរ​ដី​កសិកម្ម​ជា​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​របស់​ប្រជាពលរដ្ឋ​ដែលជា​កសិករ​កំពុង​បង្កបង្កើនផល​ពិតប្រាកដ និង​មាន​អាសយដ្ឋាន​រស់នៅ​ស្ថិតក្នុង​ឃុំ​សង្កាត់​លើ​ដី​ដែល​កំពុង​ធ្វើ​កសិកម្ម​។ ​នេះ​បើតាម​លោក សម្បត្តិ​។

រាជរដ្ឋាភិបាល​បាន​សម្រេច​ពន្យារ​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ដែល​ពីដំបូង​បំណង​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​រហូត​ដល់​ដើមឆ្នាំ​ ២០២២ ​វិញ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ បាននិង​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បន្ទាប់ពី​មាន​សមាគម​មួយចំនួន​បានស្នើ​សុំ​ពន្យារ​ការអនុវត្ត​ជា​បន្តបន្ទាប់​។

ពន្ធ​លើ​ចំណេញ​មូលធននឹង​ត្រូវអនុវត្ត​ចំពោះ​ការលក់ ឬ​ផ្ទេរ ឬក៏​បង្កើត​ឱ្យ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ ឬ​ចុះបញ្ជី​សម្រាប់​ការផ្ទេរ​កម្មសិទិ្ធ ឬ​សិទ្ធិ​កាន់កាប់​ទ្រព្យ​។

យោង​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ថ្ងៃទី ១ ខែ មេសា ឆ្នាំ​ ២០២០ ការបង់ពន្ធ​នេះ​គឺ​បានមកពី​ការលក់​នៃ​អចលនទ្រព្យ​មួយចំនួន​ដូចជា ដី អគារ ភាគហ៊ុន អាជ្ញាប័ណ្ណ ប៉ាតង់ សញ្ញា​បណ្ណ​បំណុល និង​រូបិយប័ណ្ណ​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ ២០ ​ភាគរយ​។

លោក សម្បត្តិ បានឱ្យដឹង​ទៀត ថា ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ក៏ត្រូវ​បាន​អនុគ្រោះ​ចំពោះ​និវាសនដ្ឋាន​ជា​គោល​ដើម​របស់​អ្នក​ជាប់ពន្ធ​ដែល​បាន​កាន់កាប់​ក្នុង​រយៈពេល​យ៉ាងតិច​ ៥ ឆ្នាំ​មុនពេល​លក់ និង​ផ្ទេរ​។ ក្នុងករណី​មាន​និវាសនដ្ឋាន​ច្រើនជាង​ ១ ឬ​អ្នក​ជាប់ពន្ធ និង​សហព័ទ្ធ​មាន​និវាសនដ្ឋាន​ផ្សេង ពីគ្នា និវាសនដ្ឋាន​តែ​ ១ ​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ជា​និវាសនដ្ឋាន​ជា​គោល​ដើម​។

ទន្ទឹមនឹងនេះ អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ​ដូច​មានចែង​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​ប្រថាប់ត្រា លើកលែង​តែ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​រវាង បងប្អូន​បង្កើត និង​បងប្អូន​បង្កើត​រវាង​ឪពុក​ម្តាយក្មេក និង​កូនប្រសា និង​រវាង​យាយតា​ក្មេក និង​ចៅ​ប្រសា និង​ទ្រព្យ​ដែល​ត្រូវបាន​លក់​ ឬ​ផ្ទេរ​ដើម្បី​បានជា​ប្រយោជន៍​សាធារណៈ​ស្របតាម​ច្បាប់​អស្សាមិករណ៍​។

លោក សម្បត្តិ ថ្លែង​ទៀតថា ការដាក់​ឱ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​នឹង​ធានាបាន​សមធម៌​នៃ​ការបង់ពន្ធ​ដែល​នីតិបុគ្គល​បាន​អនុវត្ត​បង់ពន្ធ​នេះ ហើយ​ក៏​នឹង​ធានាបាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​។

លោក​បញ្ជាក់ថា​៖ «​វា​នឹង​ធានា​នូវ​ចីរភាព កំណើន​ចំណូល​ពន្ធ ស្របតាម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣»​។

លោក​បាន​បន្តថា ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ក៏​នឹង​រួមចំណែក​ពង្រឹង​ស្ថិរភាព​តម្លៃ​អចលនទ្រព្យ​តាមរយៈ​ការកាត់បន្ថយ​ការលក់​បំប៉ោង​តម្លៃ​អចលនទ្រព្យ​ដែល​ប្រជាពលរដ្ឋ និង​វិនិយោគិន​អាច​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​សមរម្យ​។

លោក​បន្តថា​៖ «​ក្នុងន័យនេះ អាច​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​បាន​កាន់តែច្រើន​នាំ​ឱ្យ​បង្កើត​បាន​នូវ​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ច្រើន​ដែល​នឹង​បង្កើន​បានជា​ផលរាលដាល​វិជ្ជមាន​ (Spillover Effects) ​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឱ្យ​ដឹងថា ចំពោះ​នីតិបុគ្គល​និវាសនជន ដែល​បាន​ចុះបញ្ជី​ពន្ធដារ និង​ប្រកាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​រួចរាល់​ហើយ គឺ​ពុំ​ជាប់​បន្ទុក​ពន្ធ​នេះ​បន្ថែម​ទៀត​ទេ​។ ​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​គឺ​ប្រមូល​តែ​លើ​ចំណេញ មូលធន​ដែល​សម្រេច​បាន​នៅពេល​មាន​ប្រតិបត្តិការ​លក់ ឬ​ផ្ទេរ មូលធន​ប៉ុណ្ណោះ​ក្នុង​ករណី​មិន​ចំណេញ គឺ​មិនមាន​កាតព្វកិច្ច​បង់ពន្ធ​នោះទេ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ខែមករា​កន្លងទៅ​បានបង្ហាញ​ថា ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន​ប្រមាណ ២ ៨៨៩,០២ ​លាន​ដុល្លារ​អាមេរិក ​ស្មើនឹង​ ១០១,៣៦% នៃ​ផែនការ​ប្រចាំឆ្នាំ និង​មាន​កំណើន​ ៣,៧៣ ​ភាគរយ​ ដែលមាន​ទឹកប្រាក់​ប្រមាណ​ ១០៤,៤៩ ​លាន​ដុល្លារ​ ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA