ក្រុង​វ៉ាស៊ីនតោនៈ លោក​ Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ បាន​ទទួល​ស្គាល់ថា អតិថិជន​អាច​ចំណាយ​លើ​តម្លៃ​ទំនិញ​កាន់​តែ​​ខ្ពស់​ ដោយសារ​តែ​ការ​ហូត​ពន្ធ​នាំចូល​ក្នុង​អត្រា​​​ខ្ពស់​​​លើ​ទំនិញ​​របស់​ប្រទេស ​ចិន​។​

ការ​លើក​ឡើង​​របស់​លោក Mnuchin មិន​ត្រូវ​គ្នា​នឹង​សារ​ដែល​បាន​លើក​ឡើង​ដោយ​​លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ថា ប្រទេស ចិន នឹង​ជា​អ្នក​​ចំណាយ​លើ​ពន្ធ​នាំចូល​ ដែល​បង្កើត​អត្ថប្រយោជន៍​​សម្រាប់​​រដ្ឋាភិបាល​អាមេរិក​។

ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​សេវា​​​ហិរញ្ញវត្ថុ​សភា​​ លោក Mnuchin ​បាន​ថ្លែង​​ថា​៖ «​ក្នុង​​ករណី​ខ្លះ​អាច​មាន​ផល​ប៉ះពាល់​​ដែល​ហុច​​​បន្ត​ទៅ​ដល់​អតិថិជន​របស់​យើង​»។​

លោក​ក៏​បាន​ថ្លែង​ដែរ​ថា ​លោក​​បាន​និយាយ​ទៅ​កាន់​​ក្រុម​​មន្រ្ដី​ប្រតិបត្តិ​ជាន់​ខ្ពស់​នៅ​​ក្រុមហ៊ុន​ Walmart និង​​ក្រុមហ៊ុន​លក់​រាយ​ធំៗ​ផ្សេង​ទៀត​ផង​ដែរ អំពី​ផលិតផល​ប្រើប្រាស់​​ដែល​​ភាគ​ច្រើន​ទំនង​ជា​​មើល​ឃើញ​តម្លៃ​កើន​ឡើង​ ដោយសារ​​​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង។​

លោក​​​ថា៖ «​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អគ្គនាយក​ទាំង​នេះ។​ អាច​មាន​ទំនិញ​ចំនួន​​តូច​ដែល​ពន្ធ​នាំចូល​នេះ​អាច​ហុច​​បន្ត​ទៅ​ដល់​អតិថិជន»។​

ប៉ុន្តែ​លោក Mnuchin បាន​បញ្ជាក់​ថា រដ្ឋាភិបាល​​​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​នោះ​ទេ ថា តើ​នឹង​ដំឡើង​​ពន្ធ​នាំចូល​​លើ​ទំនិញ​​តម្លៃ​ ៣០០ ​ពាន់​លាន​ដុល្លារ ​បន្ថែម​ទៀត​ ​ឬ​យ៉ាងណា ដែល​នឹង​នាំ​ឲ្យ​​ស្ទើរ​គ្រប់​អ្វីៗ​​ទាំង​អស់​ដែល​អាមេរិក​ទិញ​ពី​ប្រទេស​ ចិន នឹង​ជាប់​ពន្ធ​ក្នុង​អត្រា​ខ្ពស់​នេះ។​​

លោក​ Mnuchin បន្ត​ថា ការ​បង្កើន​តម្លៃ​អាច​ថយ​ចុះ​មក​វិញ​តាមរយៈ​​​ការ​លើកលែង​​ប្រភេទ​ទំនិញ​​មួយ​ចំនួន​។​

លោក​​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​​ថា ​ការ​ធ្លាក់​ចុះ​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស ចិន​ អាច​រារាំង​ដល់​ការ​កើន​ឡើង​​តម្លៃ​​នេះ៕ AFP/LA​​