ក្រុងតេអេរ៉ង់ៈ លោក Miguel Arias Canete ស្នងការ​ថាមពល​សហភាព​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​តេអេរ៉ង់​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើ​បទបង្ហាញ​ផែនការ​សម្រាប់​ការបន្ត​ទិញ​ប្រេង និង​ឧស្ម័ន និង​ការពារ​ក្រុមហ៊ុន​របស់​អឺរ៉ុប បើ​ទោះបី​ជា​មាន​ទណ្ឌកម្ម​របស់​អាមេរិក​ជាថ្មី​លើ​ប្រទេស​អ៊ីរ៉ង់​ក្តី​។

លោក Canete មាន​ប្រសាសន៍​ថា​ការបន្ត​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ បើ​ទោះ​ជា​មាន​ការ​សម្រេច​របស់​សហរដ្ឋអាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ក្តី​គឺជា «​មូលដ្ឋាន​ដើម្បី​សន្តិភាព​នៅក្នុង​តំបន់​»​។

លោក Canete បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នឹង​លោក Ali Akbar Salehi ប្រធាន​អង្គការ​ថាមពល​អាតូមិក​របស់​ប្រទេស​អ៊ីរ៉ង់​​ថា​៖ «​ពិត​ណាស់​មាន​ការ​លំបាក​យ៉ាង​ច្បាស់​ជាមួយ​ទណ្ឌកម្ម​នានា​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​ត្រូវ​ស្នើសុំ​ការលើកលែង ដើម្បី​លើកលែង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ធ្វើការ​វិនិយោគ​»​។

លោក Canete ដែល​ជា​មន្ត្រី​របស់​ប្រទេស​លោក​ខាង​លិច​ដំបូង​ដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​អ៊ីរ៉ង់​គិត​ចាប់​តាំងពី​មាន​ការ​សម្រេចចិត្ត​របស់​អាមេរិក​មក បាន​ជួប​ពិភាក្សា​ជាមួយ​លោក Isa Kalantari រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក Bijan Namdar Zanganeh រដ្ឋមន្ត្រី​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក Mohammad Javad Zarif រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ផង​ដែរ​កាលពី​ថ្ងៃ​អាទិត្យ​។

លោក Salehi បាន​ទទួល​ស្គាល់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អឺរ៉ុប ដើម្បី​បន្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​។

លោក Salehi បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​យើង​មើល​ឃើញ​សហភាព​អឺរ៉ុប​... កំពុង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​។ ពួកគេ​បាន​សន្យា​ធ្វើ​បែប​នេះ និង​ជា​បំណង​របស់​ព្រះ​ជា​ម្ចាស់​។ ពួកគេ​នឹង​អនុវត្ត​តាម​ការសន្យា​»​។

មេដឹកនាំ​អឺរ៉ុប​បាន​សន្យា​បន្ត​កិច្ចព្រមព្រៀង​នេះ​ហើយ​ប្រើប្រាស់​វិធានការ​មួយ​ចំនួន ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​។

តែ​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុមហ៊ុន​របស់​អឺរ៉ុប​រួមទាំង​ក្រុមហ៊ុន Total របស់​បារាំង និង​ក្រុមហ៊ុន Maersk របស់​ហូឡង់​ផង​ដែរ​នោះ​បាន​ប្រកាស​រួច​ហើយ​ថា ក្រុមហ៊ុន​របស់​ខ្លួន​នឹង​មិន​អាច​បន្ត​នៅ​ប្រទេស​អ៊ីរ៉ង់​បាន​ទេ នៅពេល​ដែល​ទណ្ឌកម្មរ​បស់​អាមេរិក​ត្រូវ​បាន​អនុវត្ត​ជាថ្មី​ទាំង​ស្រុង​នៅក្នុង​រយៈពេល ៦ ខែ​ខាង​មុខ​នេះ​ដរាប​ណា​ក្រុមហ៊ុន​ទាំង​នេះ​មិន​បាន​ទទួល​ការលើកលែង​ទណ្ឌកម្ម​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​។

ពាណិជ្ជកម្ម​របស់​ប្រទេស​អ៊ីរ៉ង់​ជាមួយ​សហភាព​អឺរ៉ុប​មាន​ទំហំ​ប្រមាណ ២០ ​ពាន់​លាន​អឺរ៉ូ​ដែល​ការ​នាំចូល និង​ការនាំចេញ​មាន​ទំហំ​ស្មើ​គ្នា​។

ការទិញ​ភាគច្រើន​របស់​អឺរ៉ុប​ពី​ប្រទេស​អ៊ីរ៉ង់​ដែល​មាន ៩០ ភាគរយ​គឺ​ប្រេង​ដែល​ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​អេស្ប៉ាញ បារាំង អ៊ីតាលី ក្រិក ហូឡង់ និង​អាល្លឺម៉ង់​។

ប្រទេស​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​មាន​កំណប់​រ៉ែ​ប្រេង​ច្រើន​ជាង​គេ​ទី ៤ របស់​ពិភពលោក ផលិត​ប្រេង​ប្រមាណ ៣,៨ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ដែល ៧០ ភាគរយ​នៃ​ប្រេង​ទាំង​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត និង​ ២០ ​ភាគរយ​ទៅ​កាន់​តំបន់​អឺរ៉ុប​៕ BP