The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី៖ កម្ពុជា​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ផល​ ពី​ទេសចរ​តាម​នាវា

មន្ត្រី៖ កម្ពុជា​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ផល​ ពី​ទេសចរ​តាម​នាវា

Content image - Phnom Penh Post
នាវាទេសចរណ៍អន្តរជាតិដែលបានចូលមកចតនៅកំពង់ផែ ក្រុងព្រះសីហនុនាពេលកន្លងមក។ សហការី

មន្ត្រី៖ កម្ពុជា​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ផល​ ពី​ទេសចរ​តាម​នាវា

ភ្នំពេញៈ ខណៈ​ចំនួន​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធំៗ ​​ដែល​មក​ចូល​ចត​នៅ​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​​ការ​​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​នោះ​កម្ពុជា​ហាក់​នៅ​មិន​ទាន់​​​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​​ការ​មក​ដល់​របស់​​ភ្ញៀវ​ទេសចរ​​ទាំង​អស់​នេះ​ទេ។​ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ទេសចរណ៍​។

ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ ​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ស្តីពី «ការ​​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ ​និង​ដឹក​ជញ្ជូន​​ភ្ញៀវ​​ទេសចរ​ និង​អ្នក​ដំណើរ​នៅ​តំបន់​ច្រកទ្វារ​ព្រំ​ដែន​​អន្តរជាតិ ​និង​ច្រក​ទ្វារ​អន្តរជាតិ​ទូទាំង​ប្រទេស» ​កាល​ពី​ថ្ងៃ​ពុធ ​លោក ​ហោ ​សារុន ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ទេសចរ​តាម​​កប៉ាល់​មក​​កម្ពុជា​មិន​សូវ​មាន​​ឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​​កន្លែង​​ណា​ឆ្ងាយ​ពី​កំពង់ផែ​​​ទេ ដោយសារ​​ការ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​​អាកាស​​នៅ​កម្ពុជា​​មាន​ភាព​មិន​​ទៀង​ទាត់​។ ​

លោក​ថ្លែង​ថា៖​​ ​«ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ពួក​គាត់​មាន​បំណង​ចង់​ទៅ​ទស្សនា​​តាម​កោះ​នានា ​និង​ចង់​ជិះ​យន្តហោះ​​ទៅ​ទស្សនា​កម្សាន្ត​នៅ​​​អង្គរវត្ត​ ដោយ​វិល​ល្ងាច​ឲ្យ​​​ទាន់​ជើង​នាវា​ចេញ​ទៅ​វិញ ​ប៉ុន្តែ​ការ​លំបាក​លើ​ទូក​ទេសចរណ៍​​មិន​​មាន​​​ម៉ោង​កំណត់​ជាក់​លាក់ ​ហើយ​ជើង​ហោះហើរ​ក៏​មិន​ទៀង​ទាត់​ទៀត​»។

លោក​ លូ ​គឹម​ឈុន ​អគ្គនាយក​​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​​លើក​ឡើង​នៅ​ក្នុង​កិច្ច​​ប្រជុំ​នោះ​​ថា ការ​ចូល​​​ចត​​របស់​នាវា​ទេសចរណ៍​​នៅ​កំពង់ផែ​​ក្រុង​ព្រះសីហនុ ​បាន​កើន​ឡើង​ជា​លំដាប់​ពី ​១ ឆ្នាំ​ទៅ​ ១ ​​ឆ្នាំ​។​

បើ​តាម​លោក​ ​លូ ​គឹមឈុន ​​ក្នុង​រយៈពេល ​៤ ខែ ​​ឆ្នាំ ​២០១៩​ នេះ​ កំពង់ផែ​ស្វយ័ត​ក្រុង​​ព្រះសីហនុ​ទទួល​បាន​កប៉ាល់​​ទេសចរណ៍​អន្តរជាតិ​ចំនួន​ ៣០ ​គ្រឿង ​កើន​ឡើង ​៥៧,​៨៩ ភាគរយ ​បើ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨ ​ដែល​បាន​នាំ​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ​២៩ ​១១១ ​នាក់ ​កើន​ឡើង ​៧៨,​២៥ ​​​ភាគរយ។

លោក​បន្ត​ថា ​កាល​ពី​ឆ្នាំ ​២០១៨ ​កំពង់ផែ​ទទួល​បាន​កប៉ាល់​ចំនួន​ ៣៧ ​គ្រឿង ​កើន​ឡើង ​២៣,​៣៣ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ដែល​មាន​ចំនួន​ត្រឹម​ ៣០ ​គ្រឿង ​ដោយ​ទទួល​បាន​​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ​៤០​ ៥៩៨ ​នាក់ កើន​ឡើង ​៥៨,៩៧ ​ភាគរយ​។

តាម​លោក​ លូ​ គឹមឈុន ​​កប៉ាល់​ដែល​ចូល​ចត​​នៅ​កំពង់ផែ ​មាន​រយៈពេល​ជា​មធ្យម​​ប្រមាណ ​១៥ ​ម៉ោង​ប៉ុណ្ណោះ​។

លោក​ ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​កញ្ចប់ ​ហើយ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​។ ​លោក​ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​

លោក​ថ្លែង​ថា៖ «​នេះ​​មិនមែន​គ្រាន់​តែ​ជា​ឱកាស​ដែល​កម្ពុជា​អាច​ចាប់​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​ធំៗ​ប៉ុណ្ណោះ​​ទេ តែ​វា​ក៏​ជា​ឱកាស​នៃ​ការ​ត្រៀម​រៀបចំ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ​២០២២ ​ផង​ដែរ»​។

លោកស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​​​បើ​កម្ពុជា​អាច​មាន​លទ្ធភាព​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​តាម​កប៉ាល់​ធំៗ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​តំបន់​រមណីយដ្ឋាន​ផ្សេងៗ ​ពិសេស​តំបន់​ប្រាសាទ​អង្គរវត្ត​នោះ ​ជា​ការ​ល្អ​ណាស់​​។​

លោកស្រី​​ថ្លែង​ថា៖ ​«​ភ្ញៀវ​ទេសចរ​តាម​កប៉ាល់ ​ត្រូវ​បាន​គេ​ចាត់​ទុក​​ថា​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​ពេល​វេលា​​ច្រើន ​ហេតុ​នេះ​​​បើ​យើង​​អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួក​គាត់​ កម្ពុជា​នឹង​​អាច​ទទួល​បាន​​ប្រយោជន៍​ច្រើន​»​។

ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​​នៅ​ឆ្នាំ​ ២០១៨​ មាន​​ចំនួន ​៦,២ លាន​​នាក់​ កើន​​ឡើង​ ​១១ ​ភាគរយ បើ​ធៀប​​​នឹង​​ឆ្នាំ ​២០១៧ ​ហើយ​ទេសចរ​ចិន​​នៅ​តែ​បន្ត​ឈាន​មុខ​​គេ ​រយៈពេល​ ២ ឆ្នាំ​ជាប់ៗ​គ្នា​៕​LA

អត្ថបទគួរចាប់អារម្មណ៍

  • លោក អូន ព័ន្ធមុនីរ័ត្ន សុំ​ឲ្យ​​អ្នក​ការ៉ាតេ រួម​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ

    ភ្នំពេញ៖ ​លោក​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​​ជំរុញ​ឲ្យ​​ថ្នាក់​ដឹកនាំ​គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក​ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត រួបរួម​គ្នា​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ការ៉ាតេ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន និង​មាន​គុណភាព

  • សាឡង់​​បំពាក់​ថាមពល​សូឡា ​ផ្ដើម​ប្រមាញ់​ប្លាស្ទិក​លើ​ដង​ទន្លេ​ម៉ាឡេស៊ី​

    ក្រុង​គូឡាឡាំពួ៖ ដោយ​មាន​សមត្ថភាព​ដង​សំរាម​ចេញ​ពី​ទន្លេ​ម៉ាឡេស៊ី​ ដើម្បី​បញ្ឈប់​ការ​ហូរ​ចូល​សមុទ្រ សាឡង់​បំពាក់​ថាមពល​សូឡា​ឈ្មោះ «​អ្នក​រារាំង​» គឺ​ជា​អាវុធ​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កាក​សំណល់​ប្លាស្ទិក​លើ​ផ្ទៃ​ទឹក​នៅ​ជុំវិញ​ពិភព​លោក​។

  • សហភាព​អឺរ៉ុប​ ស្នើ​ឲ្យ​មីយ៉ាន់ម៉ាចាត់​វិធានការ​ទៅ​លើ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម

    ក្រុង​យ៉ាំងហ្គោន៖ កាល​ពី​ថ្ងៃ​ចន្ទ​ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ធ្វើ​តាម​​​​របាយការណ៍​មួយ​​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ ដែល​​បាន​​ឃើញ​​អំពើ​​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​កាល​ពី​ឆ្នាំ ​២០១៧​ កន្លង​ទៅ​។​

  • ផ្សារហ៊ុន​អាស៊ី​បន្ត​ធ្លាក់​ថ្លៃ ដោយសារ​ក្តីបារម្ភ​វីរុស​កូរ៉ូណា

    ក្រុងហុងកុងៈ ផ្សារហ៊ុន​អាស៊ី​បាន​ធ្លាក់ចុះ​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​ដែល​បន្ត​លក់​ចេញ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល​ចំនួន​អ្នកស្លាប់​ដោយសារ​តែ​ការរីករាលដាល​យ៉ាង​រហ័ស​នៃ​វីរុស​ក្នុងប្រទេស​ចិន​បាន​កើនឡើង​ដល់​ជាង ១០០ នាក់ និង​រាប់ពាន់នាក់​ឆ្លង​ជំងឺ​ស្រប​ពេលដែល​ក្រុម​វិនិយោគិន​បារម្ភ​ពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ចុះខ្សោយ​រួច​ទៅ​ហើយ​នោះ​។