ភ្នំពេញៈ យ៉ាងហោចណាស់កាស៊ីណូ ១០ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញចាប់តាំងពីកាស៊ីណូទាំងអស់ត្រូវបានផ្អាកប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃទី ១ ខែមេសា តាមវិធានរបស់រដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ ១៩។
លោក រស់ ភារុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា មានកាស៊ីណូ ៨ បើកដំណើរការឡើងវិញនៅក្រុងព្រះសីហនុ និង ២ ទៀតនៅទីក្រុងភ្នំពេញ និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយវានឹងធ្វើតាមដោយកាស៊ីណូមួយចំនួនទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង។
លោក ភារុណ បានថ្លែងថា៖ «កាស៊ីណូទាំងនេះបានកម្រិតប្រតិបត្តិការ និងគម្លាតសង្គម ស្អាត និងធានាសុវត្ថិភាពបុគ្គលិក និងភ្ញៀវ។ យើងរំពឹងថា នឹងមានការបើកដំណើរការឡើងវិញកាន់តែច្រើនទៀតក្នុងពេលឆាប់ៗខាងមុខនេះ»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអនុញ្ញាតឱ្យកាស៊ីណូទាំងនោះ ប្រតិបត្តិការជាថ្មីម្ដងទៀតកាលពីថ្ងៃទី ៣ ខែកក្កដា ប៉ុន្តែតុលេងល្បែងភ្នាល់ ត្រូវតែដាក់ចម្ងាយយ៉ាងហោចណាស់ ១ ម៉ែត្រពីគ្នា ដោយឡែកល្បែងភ្នាល់ជាក្រុមត្រូវបានហាមឃាត់។
យោងតាមក្រសួងសេដ្ឋកិច្ចកម្ពុជាមានកាស៊ីណូជាង ១០០ កន្លែង ធ្លាប់ប្រតិបត្តិការអាជីវកម្មដោយភាគច្រើននៅតាមច្រកព្រំដែនសំខាន់ៗ៕LA