ភ្នំពេញ: អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន KrisEnergy របស់​សិង្ហបុរី​នៅតែ​បន្ត អភិវឌ្ឍ​នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A បើទោះបី​ជា​តម្លៃ​ប្រេងឆៅ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃ​អង្គារ​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​បាន​ថ្លែង​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ​ក្រុមហ៊ុន KrisEnergy មិនទាន់​មាន​ការជូន​ដំណឹង​មក​ក្រសួង​ពី​ផលប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​ដោយសារ​ជំងឺ​កូវីដ​១៩​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ធ្វើការ​ពិភាក្សា​លម្អិត​ជាមួយ​ក្រុមហ៊ុន ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រេងកាត​ក្នុង​ប្លុក​ A ​នេះ​»​។

លោក​បាន​បន្ថែមថា​៖ «​ការធ្លាក់​ចុះថ្លៃ​ប្រេង​នេះ​នៅពេល​នេះ​នឹង​អាច​ធ្វើឲ្យ​មាន​ការបាត់​ទំនុកចិត្ត​ដល់​អ្នកផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការដាក់ទុន​វិនិយោគ​ក្នុង​វិស័យនេះ​»​។

លោក​បាន​បន្តថា ទន្ទឹម​នឹង​នេះ​ដែរ​ក្រសួង​រ៉ែ និង​ថាមពល​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ធ្វើការ​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​លើ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ខិតខំ​ទាក់ទាញ​វិនិយោគិន​មក​សិក្សា​ស្វែងរក​ប្រេងកាត និង​បន្ត​ជំរុញ​ការសាង​បន្ទប់​ទិន្នន័យ​ប្រេងកាត ហើយ​ក្រសួង​កំពុង​ជំរុញ​ឲ្យ​មាន​ការផលិត​ប្រេងកាត​ចាប់ពី​ឆ្នាំ​ ២០២០ នេះ​ទៅ​»​។

លោកស្រី Tanya Pang ប្រធាន​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន KrisEnergy មិនបាន​ឆ្លើយ​អ៊ីមែល​មកកាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

តម្លៃ​ប្រេងឆៅ​ពិភពលោក​បាន​ធ្លាក់​ក្រោម ១៥ ដុល្លារ​ក្នុង ១ ប៉ារ៉ែល​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ការធ្លាក់ចុះ​ទាប​បំផុត​អស់​រយៈពេល​ជាង​ ២ ទសវត្សរ៍ មក​ហើយ​ដោយ​មាន​ក្តីបារម្ភ​អំពី​ភាពភ័យខ្លាច​ចំពោះ​តម្រូវការ​ទីផ្សារ​បណ្តាល​មកពី​វីរុស​កូរ៉ូណា និង​ការកង្វះ​ឃ្លាំង​ស្តុក​ប្រេង​។ នេះ​បើតាម AFP​។

ក្រុមហ៊ុន​ KrisEnergy បាន​ឲ្យ​ដឹងថា ប្រេង​តំបន់​អប្សរា​គ្រោង​នឹង​ផលិត​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ហើយ​តំបន់​នេះ​ត្រូវ​រំពឹងថា​នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់​បំផុត ៧ ៥០០ បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ​។

បើតាម​លោក ជៀប សួរ ប្រទេស​កម្ពុជា​បាន​បែងចែក​តំបន់​សម្រាប់​ការរុករក​ប្រេងកាត​ចំនួន ៦ ​ប្លុក​នៅក្នុង​សមុទ្រ និង​ ១៩ ​ប្លុក​នៅ​ដែន​គោក​។

បច្ចុប្បន្ន Cambodia Resources Energy Development Co Ltd ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ចិន​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​រុករក​ប្រេង​រយៈពេល​ ៣ ​ឆ្នាំ​នៅ​ប្លុក D ដែល​មាន​ទំហំ ៥ ៥០០ គីឡូម៉ែត្រការ៉េ​ក្នុង​ឈូង​សមុទ្រ​ថៃ ហើយ​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​ការរុករក​ប្លុក D នៅ​ឆ្នាំនេះ​៕