ភ្នំពេញៈ ការជួសជុល និងពង្រីកផ្លូវជាតិលេខ ៣ មានចម្ងាយសរុប ១៣៤,៨២ គីឡូម៉ែត្រក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិនរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៤៥ ភាគរយហើយដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែតុលា ឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពតត្រូវបានបើកការដ្ឋានជួសជុល និងពង្រីកពី ២ គន្លងទៅ ៤ គន្លង កាលពីពាក់កណ្តាលខែតុលា ឆ្នាំ ២០១៨ និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ ២០២២ ដោយប្រើរយៈពេល ៤៨ ខែ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd។
លោក ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការសាងសង់ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅកំពតមកដល់ពេលនេះសម្រេចបាន ៤៥ ភាគរយ ហើយ។ លោកមានប្រសាសន៍ថា៖ «ការសាងសង់ផ្លូវជាតិលេខ ៣ ពីភ្នំពេញ-កំពតកំពុងដំណើរការទៅមុខយ៉ាងរលូន ហើយនឹងអាចបញ្ចប់ក្នុងខែតុលា ឆ្នាំ ២០២២ តាមផែនការដែលបានគ្រោងទុក»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបាននិយាយថា ផ្លូវជាតិលេខ ៣ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូន ព្រោះមិនត្រឹមតែជាផ្លូវដឹកជញ្ជូនទំនិញ និងភ្ញៀវទៅកាន់ខេត្តកំពតប៉ុណ្ណោះទេ តែវាថែមទាំងជាផ្លូវវាងចរាចរណ៍ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ ពិសេសនៅពេលមានទឹកជំនន់លិចផ្លូវជាតិលេខ ៤។
លោកបន្តថា ដោយសារខេត្តកំពតជាទីតាំងមានចម្ងាយជិតជាងគេពីរាជធានីភ្នំពេញទៅកាន់កំពង់ផែសមុទ្រផ្សេងទៀតនោះ ហេតុនេះនៅពេលផ្លូវនេះសាងសង់រួចរាល់ វានឹងរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកអះអាងថា៖ «ខណៈបច្ចុប្បន្នខេត្តកំពតកំពុងធ្វើការអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅបន្ថែមនោះ ដូច្នេះកំណើនដឹកជញ្ជូនតាមផ្លូវនេះនឹងមានកំណើនខ្ពស់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ»។
បើតាមលោក ចន្ធី ដោយសារផ្លូវកំពុងជួសជុល និងមានទំហំតូចនោះ បច្ចុប្បន្នការធ្វើដំណើររវាងកំពត និងភ្នំពេញ គេត្រូវចំណាយពេលរហូតដល់ជាង ៤ ម៉ោង។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ថា ផ្លូវជាតិលេខ ៣ មិនត្រឹមតែមានសក្តានុពលក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ និងការវិនិយោគទៅក្នុងទឹកដីខេត្តកំពតប៉ុណ្ណោះទេ តែវាថែមទាំងមានឥទ្ធិពលដល់ខេត្តកែបផងដែរ។ លោកបន្តថា ខណៈខេត្តទាំង ២ ជាតំបន់ដែលប្រមូលផ្តុំទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើន និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតនោះផ្លូវនេះនឹងជួយច្រើនដល់វិស័យទេសចរណ៍។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខ បាននិយាយថា វិស័យអចលនទ្រព្យក្នុងខេត្តកំពតបានស្ទុះឡើងយ៉ាងលឿនចាប់តាំងពីឆ្នាំ ២០១៨ មកដោយតម្លៃដីកន្លែងខ្លះកើនឡើងលើសពីជាង ៥០ ភាគរយ កាលពីចុងឆ្នាំ ២០១៩ ធៀបនឹងចុងឆ្នាំ ២០១៨។ លោកបន្តថា បច្ចុប្បន្នខេត្តកំពតកំពុងទាក់ទាញបាននូវចំណាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនឲ្យចូលទៅបណ្តាក់ទុនលើវិស័យជាច្រើន ពិសេសការសាងសង់កន្លែងកម្សាន្ត។
កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ កន្លងមកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេលចុះទៅពិនិត្យការដ្ឋានផ្លូវជាតិលេខ ៣ បានលើកឡើងថា៖ «ក្រសួងក៏ដូចជារាជរដ្ឋាភិបាលគឺទទួលយកតែផ្លូវមានគុណភាពរឹងមាំជាប់បានយូរតែប៉ុណ្ណោះ។ ដូចនេះក្រុមហ៊ុនសាងសង់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានម៉ឺងម៉ាត់បំផុត បើមិនចង់បញ្ចប់កិច្ចសន្យាមុនពេលកំណត់»៕LA