ភ្នំពេញៈ មន្រ្តី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​ដែល​ជា​សមា​ជិក​តាក់​តែង​ច្បាប់​ស្តី​ពី​ឧបា​ស្រ័យ​ពា​ណិជ្ជ​កម្ម (ឬ​ច្បាប់​ប្រ​ឆាំង​ការ​លក់​បង្ខូច​ថ្លៃ) បាន​លើក​ឡើង​កាល​ពី​​ថ្ងៃ​អង្គារ​ថា​ ក្រ​សួង​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​ណា​មួយ​​ទាក់​ទង​នឹង​បណ្តឹង​​​ការ​ប៉ះ​ពាល់​​​ផលិត​កម្ម​ក្នុង​ស្រុក​​​ដោយ​សារ​ការ​លក់​បង្ខូច​ថ្លៃ​នៅ​ឡើយ​ ​បន្ទាប់​ពី​ច្បាប់​នេះ​បាន​ចូល​ជា​ធរ​មាន​រយៈ​ពេល​ ១ ​ឆ្នាំ​មក​។

ច្បាប់​ស្ដី​ពី​ឧ​បា​ស្រ័យ​ពា​ណិជ្ជ​កម្ម​ ត្រូវ​បាន​អនុ​ម័ត​​ដោយ​​សភា​ កាល​ពី​ខែ​តុ​លា​មុន ដោយ​មាន​បំ​ណង​​ការ​ពារ ​និង​ ជួយ​​ក្រុម​ហ៊ុន​ក្នុង​ស្រុក ​និង​អន្តរ​ជាតិ​ដោយ​ការ​ប្រើ​ប្រាស់​វិ​ធាន​ការ​ប្រ​ឆាំង​ការ​លក់​បង្ខូច​តម្លៃ ទប់​ស្កាត់​ការ​នាំ​ចូល​ទំ​និញ​ដោយ​​ «​ភាព​មិន​ស្មោះ​ត្រង់​» ​និង​ការ​លក់​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ធម្មតា​នៃ​ប្រ​ទេស​ផលិត​។

​ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​យក​ព័ត៌​​មាន​ នៅ​ក្នុង​សិក្ខា​សា​លា​ច្បាប់​ឧ​បា​ស្រ័យ​ពា​ណិជ្ជ​កម្ម​​ នៅ​​ទី​ក្រុង​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​អង្គារ​ លោក ​តាន់​ យុវ​រដ្ឋ ​អគ្គ​នា​យក​រង​ នៃ​អគ្គ​នា​យក​ដ្ឋាន​ ជំ​រុញ​​ពា​ណិជ្ជ​កម្ម​នៃ​ក្រ​សួង​ពា​ណិជ្ជ​កម្ម​ និង​​ក្រុម​ការ​ងារ​​បច្ចេក​ទេស​តាក់​តែង​ច្បាប់​​​​ឲ្យ​ដឹង​ថា ​មក​ដល់​ពេល​នេះ​​មិន​មាន​ករ​ណី​បណ្ដឹង​ ទាក់​ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

លោក​បន្ត​​ថា អាច​មាន​មូល​ហេតុ​​សំ​ខាន់​ៗ​មួ​យ​ចំ​នួន​ រួម​មាន​​ការ​មិន​យល់​ដឹង​ ក្នុង​ចំ​ណោម​​ក្រុម​ហ៊ុន ដែល​ជាប់​ទាក់​​ទង​នឹង​ច្បាប់​ដែល​មាន​ស្រាប់​ និង​ការ​ពិ​បាក​​ក្នុង​ការ​ចំ​ណាយ​លើ​ថ្លៃ​​ច្បាប់​ ក៏ដូច​ជា​​​ការ​​​ប្រ​ឈម​នៃ​ការ​ប្រ​មូល​ទិន្ន​ន័យ​ និង​ភ័ស្ដុ​តាង​​ នៅ​ពេល​​ក្រុម​ហ៊ុន​ចង់​ប្ដឹង​​។

​​​​លោក យុវរដ្ឋ ថ្លែង​ថា​៖ «​​បើ​យើង​​រក​ឃើញ​បណ្ដឹង​​ត្រឹម​ត្រូវ​ និង​​មាន​ការ​បង្ខូច​តម្លៃ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​ការ​​ផលិត​ក្នុង​ស្រុក​ យើង​អាច​បង្កើន​ពន្ធ​គយ​​លើ​ទំ​និញ​ ដែល​បង្ខូច​តម្លៃ​នោះ​ទៅ​ក្នុង​ទី​ផ្សារ​រហូត​ដល់​​កម្រិត​ដែល​បាន​កំ​ណត់​ដោយ​អង្គ​ការ​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក​»​។​

​លោក​ ស្រ៊ុន ពៅ ​ប្រ​ធាន​សមា​គម​អ្នក​ចិញ្ចឹម​​សត្វ​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា ​ផលិត​កម្ម​ជ្រូក​កម្ពុជា​បាន​​រង​ផល​ប៉ះ​ពាល់​ពី​ការ​បង្ខូច​​ថ្លៃ​ពី​ប្រ​ទេស​ជិត​ខាង។

លោក​ថ្លែង​ថា​៖ «​​​បើ​ច្បាប់​នេះ ត្រូវ​បាន​អនុវត្ត​ត្រឹម​ត្រូវ​ យើង​​មិន​ខ្លាច​​ចំ​ណាយ​លើ​ថ្លៃ​​ច្បាប់​ទេ​ ទោះ​បី​ជា​វា​មាន​​តម្លៃ​ខ្ពស់​ក៏​ដោយ ​ព្រោះ​​ពេល​យើង​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ​យើង​ខាត​បង់​​ប្រាក់​ច្រើន​»​។

លោក​បាន​​​បញ្ជាក់​ថា​៖ «នៅ​ពេល​នេះ​ យើង​​មាន​ច្បាប់ ប៉ុ​ន្តែ​ថា​ តើ​ច្បាប់​នេះ​មាន​ប្រ​សិទ្ធ​ភាព​ដូច​ម្ដេច​នោះ​? វា​នៅ​តែ​ជា​បញ្ហា​មួយ​»​៕​LA