ភ្នំពេញៈ មន្ត្រីកម្ពុជាអះអាងជាថ្មីម្តងទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៣ មាន៧ភាគរយ ទោះបីមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ពិសេសអាមេរិក និងវិបត្តិបំណុលនៅអឺរ៉ុបក៏ដោយ។
អ៊ូ ព្រំវីរៈ អនុប្រធាននាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា សេដ្ឋកិច្ចសកលកំពុងតែងើបឡើងវិញ ហើយសេដ្ឋកិច្ចកម្ពុជាបានដំណើរការយ៉ាងល្អកាលពីឆ្នាំមុន ហើយនឹងនៅតែបន្តកំណើនដដែលនៅឆ្នាំនេះ។ លោកថ្លែងនៅឯសិក្ខាសាលាស្តីពីពាណិជ្ជកម្មកាលពីព្រឹកម្សិលមិញថា៖«ដោយមានកំណែទម្រង់ដ៏រឹងមាំរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិសេដ្ឋកិច្ចសកលនិងរក្សាកំណើន៧ភាគរយកាលពីឆ្នាំមុន ហើយនឹងនៅតែរក្សានៅកម្រិតដដែលក្នុងឆ្នាំនេះ»។
ការនាំចេញសម្លៀកបំពាក់វិស័យទេសចរណ៍ កសិកម្ម និងសំណង់នៅតែបន្តកើនឡើង។ ស្ថានភាពសេដ្ឋកិច្ចសកលនៅចុង២០១២និង២០១៣នៅតែមានហានិភ័យខ្ពស់ដែលបណ្តាលមកពីវិបត្តិបំណុលនៅអឺរ៉ុប និងការងើបឡើងវិញយឺតៗនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
លោក អ៊ូ ព្រំវីរៈ លើកឡើងថា ៖«កត្តាទាំងនេះនៅតែប្រឈមចំពោះកម្ពុជាក្នុងការបង្កើនការនំាចេញនិងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ធ្នូបានបង្ហាញពីការព្យាកររបស់ខ្លួនថា កំណើន GDP របស់កម្ពុជានឹងឈានដល់៧ភាគរយនៅឆ្នាំនេះ។
កាលពីសប្តាហ៍មុនមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ច៦,៧ភាគរយនៅឆ្នាំនេះ៕CC