
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអ្នករកស៊ីក្នុងវិស័យដំណាំកៅស៊ូសម្តែងការព្រួយបារម្ភពី តម្លៃកៅស៊ូដែលបានបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្ទៃដីដាំដុះកៅស៊ូកំពុងតែបន្តកើនឡើង។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃសុក្រថា ការអភិវឌ្ឍដំណាំកៅស៊ូមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខេត្តទាំង១៩។
មិនមែនតែកម្ពុជាទេដែលប្រឈមនឹងបញ្ហានេះ ប្រទេសក្នុងតំបន់ក៏ដូចគ្នាដែរ។
លោក បន្តថា ប្រទេសក្នុងតំបន់នឹងជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានេះ។ លោកថ្លែងថា៖ «កម្ពុជានិងវៀតណាមត្រូវបានក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិ រួមមាន ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី អញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំរួមដើម្បីរិះរកយន្តការនិងវិធានការក្នុងការបង្កើនតម្លៃកៅស៊ូធម្មជាតិឲ្យមានស្ថិរភាពក្នុងកម្រិតខ្ពស់សម្រាប់រយៈពេលវែង»។
រហូតមកដល់ពេលនេះ ផ្ទៃដីដាំដុះសរុបនៅកម្ពុជាមាន៣ ២៨ ០០០ហិកតា កើន១៧ភាគរយធៀបនឹងឆ្នាំ២០១២។ក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូ ជាង៧៨ ០០០ហិកតា ដែលមានបរិមាណផលិតផលគិតជាជ័រស្ងួតជិត៩ម៉ឺនតោនសម្រាប់នាំចេញ គឺកើនលើស ឆ្នាំ២០១២ ជាង៣២ភាគរយ។
ខណៈតួលេខបង្ហាញពីកំណើននៃការដាំដុះដំណាំកៅស៊ូ តម្លៃដំណាំកសិឧស្សាហកម្មនេះកំពុងបន្តធ្លាក់ចុះ។
លោក អ៊ុក រ៉ាប៊ុន បន្តថា៖ « អង្គសន្និបាតបានសម្តែងការព្រួយបារម្ភចំពោះនិន្នាការនៃទីផ្សារ និងតម្លៃកៅស៊ូធម្មជាតិ ដែលធ្លាក់ចុះពីជាង៤ ៥០០ដុល្លារក្នុងមួយតោនជាមធ្យមកាលពីឆ្នាំ២០១១ មកនៅចន្លោះពី១ ៨០០ ទៅ២ ០០០ដុល្លារក្នុងមួយតោននៅឆ្នាំ២០១៣»។ លោកបន្ថែមថា ការបន្តធ្លាក់ថ្លៃនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលកសិករដាំកៅស៊ូក៏ដូចជា វិនិយោគិនផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាធ្លាក់ថ្លៃនេះ លោក ម៉ែន សុភ័ក្រ អគ្គនាយករងចម្ការកៅស៊ូ ជប់ ប្រាប់មកភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា មូលហេតុគឺមកពីកម្ពុជានាំចេញកៅស៊ូពាក់កណ្តាលសម្រេច ហើយពឹងផ្អែកខ្លាំងតែទៅលើទីផ្សារប្រទេសចិនមួយ។
តម្លៃ កៅស៊ូធម្មជាតិបន្តធ្លាក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ដែលបច្ចុប្បន្នកៅស៊ូថ្លៃជាមធ្យមត្រឹម១ ៩៨០ដុល្លារ ជាតម្លៃដែលផ្តល់ប្រាក់ចំណេញតិចតួចសម្រាប់កសិករកម្ពុជា។
លោកថ្លែងថា៖ «ថ្លៃប៉ុណ្ណឹង វាចំណេញដែរ តែចំណេញតិចមែនទែន។ បើគិតទៅសម្ភារដែលចាំបាច់សម្រាប់ប្រមូលផលកៅស៊ូក៏ឡើងថ្លៃ កម្លាំងពលកម្មក៏ថ្លៃជាងមុន។ និយាយទៅថ្លៃដើមកាន់តែថ្លៃ។ ខ្ញុំរំពឹងថាតម្លៃកៅស៊ូនឹងអាចប្រសើរជាងពេលនេះ នៅក្នុងឆ្នាំបន្ទាប់ៗ ព្រោះតម្លៃពិតជាមិនអាចធ្លាក់នៅក្រោមនេះទៀតបានទេ»។
តម្លៃកៅស៊ូធ្លាក់ចុះដោយសារតម្រូវការកៅស៊ូកម្ពុជានៅទីផ្សារចិនធ្លាក់ចុះ។ លោកបន្តថា៖ «បើតាមអ្វីដែលខ្ញុំដឹងគឺកៅស៊ូក្នុងឃ្លាំងនៅស៊ាងហៃឥឡូវនេះ នៅសល់៣៦ម៉ឺនតោន ហើយពេលនេះធនាគារក៏កំពុងប្រមូលប្រាក់កម្ចីពីអ្នកទិញកៅស៊ូ វិញដែរ ដូច្នេះហើយបានជាកៅស៊ូធ្លាក់ថ្លៃ»។
លោក ម៉ែន សុភ័ក្រ និយាយថា កន្លងមកក្រុមហ៊ុនរបស់លោកក៏បានព្យាយាមរកទីផ្សារនាំចេញក្រៅពីប្រទេសចិនដែរ តែថា ប្រទេសផ្សេងៗត្រូវការផលិតផលកៅស៊ូ តិចតួចជាងប្រទេសចិន។ លោកបន្តថា ទិន្នផលកៅស៊ូប្រមាណ៨០ភាគរយនៃផលិតផលសរុបដែលផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅប្រទេសចិន។
នៅឆ្នាំ២០១៣ កម្ពុជាបាននាំចេញផលកៅស៊ូសរុបចំនួន ៧៤ ១៩៨ តោន មានតម្លៃ ១៧០ លានដុល្លារ។
ថ្មីៗនេះ ក្រសួងកសិកម្មដែលចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដោយបានព្យាករ ថា ផ្ទៃដីដាំដុះកៅស៊ូនៅកម្ពុជាអាចនឹងកើនដល់ប្រមាណ ៤៥ម៉ឺនហិកតានៅឆ្នាំ២០២០ ដែលនឹងអាចផ្តល់ជ័រកៅស៊ូប្រមាណ៤០ ទៅ ៥០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។
លោកស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនិយាយថា តម្លៃកៅស៊ូធម្មជាតិនឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំខាង មុខនេះ ប្រសិនបើតម្លៃកៅស៊ូសំយោគចុះថោក។
លោកបន្តថា ដើម្បីកម្ពុជារក្សាតម្លៃកៅស៊ូរបស់ខ្លួនឲ្យបានល្អនោះ កម្ពុជាត្រូវពិចារណាលើការនាំចេញដោយផ្ទាល់ទៅក្នុងទីផ្សារ អន្តរជាតិ ផ្តោតសំខាន់លើគុណភាព និងការគ្រប់គ្រងថ្លៃផលិតឲ្យបានទាប។
លោកថ្លែងថា៖«យើងត្រូវតែគ្រប់គ្រងផ្នែកចំណាយថ្លៃដើមរបស់យើង។ វាត្រូវតែមានមូលដ្ឋានកែច្នៃ មូលដ្ឋានស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន សេវាភ័ស្តុភារដឹកជញ្ជូនបានតម្លៃថោកទៅ វាចូលរួមបានមួយចំណែកហើយ»។
លោកបន្តថា៖ «មួយទៀត យើងធ្វើម៉េចការផលិតរបស់យើងហ្នឹងគឺត្រូវពង្រីកឲ្យបានបរិមាណច្រើន មានគុណភាពល្អ ទើបតម្លៃបានថ្លៃ។ យើងនាំចេញទៅទីផ្សារដោយខ្លួនឯង មានន័យថា យើងមានបរិមាណគ្រប់គ្រាន់មានមូលដ្ឋានថែរក្សា កែច្នៃស្តុកទុក។ កាលណាផលិតផលយើងមានឈ្មោះ យើងអាចបង្កើនតម្លៃបានហើយ»។
ផលិតផលកៅស៊ូពាក់កណ្តាលសម្រេចរបស់កម្ពុជាត្រូវបាននាំចេញទៅចិន ជាទីផ្សារធំ ឆ្លងកាត់ម៉ាឡេស៊ី សិង្ហបុរី និង វៀតណាម ហើយក៏មានមួយចំនួនតូចទៅដល់សហគមន៍អឺរ៉ុបផងដែរ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃកៅស៊ូចំនួន៦០៕