
ភ្នំពេញៈ កសិករ និងមន្ត្រីមន្ទីរ កសិកម្ម ខេត្តកំពង់ចាម មានបំណងចង់បញ្ជូលម្រេចមេមត់ ជាដំណាំសម្គាល់ទីទាំងភូមិសាស្ត្រ (GI) ដូចម្រេចកំពត ដែរ តែថា ការអនុវត្តបច្ចេកទេសដាំដុះម្រេច មេមត់ ឲ្យត្រឹមត្រូវតាមស្តង់ដារ និងកង្វះការជ្រោមជ្រែងពីភាគីពាក់ព័ន្ធនៅតែជាឧបសគ្គ។
លោក ស៊ឹម ថាវីរៈ មន្ត្រីមន្ទីរកសិកម្ម ខេត្តកំពង់ចាម បានអះអាងថា ម្រេចមេមត់ មានគុណភាពមិនចាញ់ម្រេច កំពត នោះទេ ហើយម្រេចមេមត់ គួរតែត្រូវបានដាក់បញ្ជូលជាដំណាំសម្គាល់ភូមិសាស្ត្រដូច ម្រេច កំពត ដែរ។ លោកថ្លែងថា៖ «ម្រេច កំពត ចេញមុខចេញមាត់ខ្លាំងដោយសារមានការគាំទ្រពីអង្គការនានា។ គេក៏បានចុះទៅជាផលិតផល G.I ។ អ៊ីចឹងហើយបានជាគេទទួលស្គាល់ច្រើន។ ការពិតគុណភាពតាមការពិនិត្យមិនខុសគ្នាទេ»។ លោកបន្តថា៖ «គុណភាពប្រហែលគ្នាទេ ទាំងគុណភាព ទាំងក្លិន សម្បុរ ហើយបរិមាណក៏ច្រើនជាង កំពត ដែរ។ ខាងខ្ញុំក៏មានបំណងផ្សព្វផ្សាយឲ្យគេស្គាល់ជាទូទៅដែរ តែយើងមិនទាន់មានជ្រោមជ្រែង អីធំដុំនៅឡើយ»។
ម្រេចជាដំណាំសក្តានុពលមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មដូចជា កៅស៊ូ និងស្វាយចន្ទី ដែលកំពុងលើកស្ទួយជីវភាពរស់នៅរបស់កសិករ។ លោកបន្ថែមថា ម្រេច ដែលដាំនៅ ស្រុកមេមត់ ផ្តល់ទិន្នផលច្រើន ហើយការបញ្ចូលម្រេច មេមត់ ជាដំណាំសម្គាល់ភូមិសាស្ត្ររឹតតែជួយលើកតម្កើងជីវភាពកសិករ។
ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដំណាំសម្គាល់ភូមិសាស្រ្ត កសិករតម្រូវឲ្យអនុវត្តតាមបច្ចេកទេសដាំដុះជាក់លាក់ក្នុងស្តង់ដារណាមួយ និងត្រូវប្រើជីសរីរាង្គ។ ម្រេច កំពត ត្រូវបានដាំដោយប្រើបច្ចេកទេសដាំដុះពីបុរាណហើយថែមទាំងប្រើតែជីធម្មជាតិខុសពីកសិករនៅ ស្រុកមេមត់ ដែលដាំម្រេចដោយប្រើជីគីមីដើម្បីទទួលបានទិន្នផលច្រើន។
លោក ហុង សាន្ត ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មដំណាំម្រេច ដា-មេមត់ ឲ្យដឹងថា ការអនុវត្តការដាំដុះដោយប្រើជីសរីរាង្គផ្តល់ផលតិច មិនអាចឲ្យកសិករចំណេញបានទេ។ ម៉្យាងទៀតការដាំដុះម្រេចនៅ ស្រុកមេមត់ មានទំហំធំជាងការដាំដុះនៅ កំពត ដែលជីសរីរាង្គមិនមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ លោកបន្តថា៖ «យើងចង់ណាស់ការចូលជាដំណាំសម្គាល់ភូមិសាស្រ្ត ប៉ុន្តែការដាំដោយគ្មានប្រើថ្នាំគីមីឬថ្នាំបាញ់សត្វល្អិតឲ្យទិន្នផលតិចមិនរួចថ្លៃប្រេង និងកម្លាំងពលកម្មនោះទេ»។ លោកបន្តថា កង្វះធនធានមនុស្សក៏ជាកតា្តរារាំងការបញ្ចូលម្រេច មេមត់ ជាដំណាំសម្គាល់ភូមិសាស្រ្តដែរណាមួយសហគមន៍ការពារប្រយោជន៍ទើបតែត្រូវបង្កើតកាលពី ឆ្នាំ២០១០ ប៉ុណ្ណោះ។
លោក ហុង សាន្ត បានបន្ថែមថា៖ «យើងមិនទាន់អាចធ្វើទៅបានទេ។យើងនៅមានការខ្វះខាតច្រើន។ យើងខ្វះធនធានមនុស្សនៅក្នុងសហគមន៍។ នៅទីនេះអ្នកដែលធ្វើការសុទ្ធតែស្ម័គ្រចិត្ត និងមិនទទួលបានប្រាក់ខែអ្វីទាំងអស់»។
លោក ហ៊ឹម អ៊ីម ជាកសិករដែលដាំម្រេចលើផ្ទៃដី ៧ ហិកតារយៈពេលជាង ២០ឆ្នាំ មកហើយនោះ និយាយថា តម្លៃម្រេចទើបតែមានការកើនឡើងគួរឲ្យកត់សម្គាល់នៅពេលដែល សហគមន៍ត្រូវបានបង្កើតឡើងតែប៉ុណ្ណោះ។
លោកបានបន្តថា លោកក៏ចង់ឲ្យម្រេច មេមត់ ត្រូវចាត់ចូលជាដំណាំសម្គាល់ភូមិសាស្រ្តដែរ ប៉ុន្តែបន្ទាប់ពីការសាកល្បងដាំដុះដោយប្រើជីធម្មជាតិ ឃើញថាទទួលបានទិន្នផលទាបពេក លោកក៏ងាកមករកការដាំដុះដោយប្រើជីគីមីលាយជាមួយ នឹងជីធម្មជាតិដែរ។ លោកបន្ថែមថា គុណភាពម្រេចមេមត់មិនខុសពីម្រេច កំពត ប៉ុន្មានទេ។
បច្ចុប្បន្នផ្ទៃដីដាំដំណាំម្រេចសរុបមានចំនួន ១ ១៧០ ហិកតាឲ្យផលចន្លោះពី ៥ ០០០ ទៅ ៦ ០០០ តោនក្នុងមួយឆ្នាំៗ។ ម្រេច មេមត់ ថ្លៃ ៧ ដុល្លារក្នុងមួយគីឡូក្រាម និងត្រូវបាននាំចេញទៅ ប្រទេសថៃ និង ប្រទេសវៀតណាម ជាម្រេច ខ្មៅ ដែលហាលស្ងួត។
អ្នកស្រី ឆាយ ស អ្នកប្រមូលទិញម្រេចដ៏ល្បីឈ្មោះម្នាក់នៅ ស្រុកមេមត់ ប្រាប់ថា ការចាត់ម្រេច មេមត់ ជាដំណាំសម្គាល់ភូមិសាស្រ្តនឹងពង្រីកទីផ្សារម្រេច មេមត់ ដែលសព្វថ្ងៃពឹងផ្អែកខ្លាំងលើទីផ្សារ ប្រទេសថៃ។ អ្នកស្រីបានបន្តថា៖ «ឥឡូវនេះប្រសិនបើមិនមាន ថៃ ទិញម្រេចពី ស្រុកមេមត់ ទេច្បាស់ជាមិនដឹងជាយកទៅណាទេ។មួយឆ្នាំៗ ថៃ ទិញពីយើងរាប់ពាន់តោន»។ អ្នកស្រីចង់ឃើញការផ្សព្វផ្សាយឲ្យរឹតតែទូលំទូលាយថែមទៀតពី ម្រេច ស្រុកមេមត់។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម ប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការជំរុញទំនិញនាំចេញជាងការបញ្ចូលទំនិញជាដំណាំសម្គាល់ភូមិសាស្រ្ត។ លោកបានថ្លែងថា៖ «ម្រេចនេះត្រូវបានបញ្ជូលក្នុងបញ្ជីទំនិញសម្រាប់ជំរុញការនាំចេញ ដោយសារការដាំដុះមានទ្រង់ទ្រាយធំ។ ការបញ្ចូលមុខទំនិញជាដំណាំសម្គាល់ភូមិសាស្រ្តត្រូវការការទទួលស្គាល់ពីអន្តរជាតិដែលទាមទារការចំណាយច្រើន។ រដ្ឋាភិបាលកំពុងស្វែងរកម្ចាស់ជំនួយដែលអាចសហការគ្នាធ្វើការទៅលើបញ្ហានេះ»។
កាលពី ឆ្នាំ២០១៣ កម្ពុជា នាំម្រេចចេញសរុប ៧៤៩,៦៥ តោន ដែលមានតម្លៃប្រមាណ ៤,៣ លានដុល្លារកើន ៦២ ភាគរយធៀបនឹង ឆ្នាំ២០១២ ដែលបាននាំចេញត្រឺមចំនួន ៤៥៧,១៩ តោនមានតម្លៃជាង ១ លានដុល្លារ៕