ក្រុងញូវយ៉កៈ បន្ទាប់ពីមានគ្រោះមហន្តរាយធ្លាក់យន្តហោះទី២ ពាក់ព័ន្ធនឹងយន្តហោះម៉ូដែល 737 MAX 8 ក្រុមហ៊ុន Boeing របស់អាមេរិក បានធ្លាក់ចូលក្នុងវិបត្តិ ដោយបានបាត់បង់មូលធនីយកម្មទីផ្សារចំនួន ២៥ ពាន់លានដុល្លារ និងរងការវាយប្រហារធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន។
យោងតាមក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា បញ្ហានេះត្រូវបានធ្វើឲ្យកាន់តែអាក្រក់ឡើងដោយសារការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងបញ្ហានេះ ដែលក្រុមអ្នកជំនាញទាំងនេះបានពិពណ៌នាកិច្ចប្រឹងប្រែងក្នុងការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងបញ្ហានេះថា «គួរឲ្យខ្លាច» និង «មិនច្បាស់លាស់»។
សោកនាដកម្មនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines កាលពីថ្ងៃទី ១០ ខែ មីនា ដែលបណ្តាលឲ្យមនុស្ស ១៥៧ នាក់បានស្លាប់ បានបង្កឲ្យមានក្តីបារម្ភជាថ្មីអំពីសុវត្ថិភាពរបស់យន្តហោះនេះ និងបានឈានទៅរកការហាមឃាត់យន្តហោះម៉ូដែលនេះមិនឲ្យហោះហើរនៅទូទាំងពិភពលោក បើទោះជាអាមេរិកបានសម្រេចហាមឃាត់ ៣ថ្ងៃក្រោយគេក៏ដោយ។
លោក Matt Yemma អ្នកឯកទេសខាងទំនាក់ទំនងពេលមានវិបត្តិប្រចាំក្រុមហ៊ុន Peaks Strategies ដែលមានមូលដ្ឋាននៅរដ្ឋ Connecticut បានថ្លែងថា៖ «វាជាសប្តាហ៍មួយដ៏តានតឹងសម្រាប់ពួកគេ»។
លោកថ្លែងថា ក្រុមហ៊ុន Boeing ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីឧប្បត្តិហេតុបានឲ្យដឹងថា យន្តហោះ 737 MAX អាចទុកចិត្តបាន និងមានសុវត្ថិភាពនោះ [នៅពេលនោះ] អាចប្រកាសថា ក្រុមហ៊ុននឹងចតយន្តហោះចោលដោយស្ម័គ្រចិត្តនៅថ្ងៃអាទិត្យ ដើម្បីស្តារទំនុកចិត្ត និងធានាថា ការហោះហើររបស់សាធារណជន គឺជាបញ្ហាសំខាន់បំផុត»។
លោកថ្លែងថា៖ «ជំនួសមកវិញ ពួកគេ [ក្រុមហ៊ុន Boeing] ត្រឹមតែទុកឲ្យរឿងរ៉ាវបន្តកើតមាន ហើយពួកគេបានបញ្ចប់ជាមួយនឹងការខាតបង់មូលធនីយកម្មទីផ្សារយ៉ាងច្រើន និងខាតបង់យ៉ាងច្រើនចំពោះអាជីវកម្ម»។
ក្រុមហ៊ុនមិនបានធ្វើអ្វីនោះទេ រហូតទាល់តែដល់ថ្ងៃពុធសប្តាហ៍មុន [៣ ថ្ងៃក្រោយឧប្បត្តិហេតុ] បន្ទាប់ពីរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក បានហាមឃាត់ការហោះហើរយន្តហោះនេះរួចហើយនោះ ទើបក្រុមហ៊ុន Boeing បានធ្វើតាមក្រោយ។
នេះគឺជាឧប្បត្តិហេតុលើកទី២ ហើយក្នុងរយៈពេលតិចជាង ៥ ខែពាក់ព័ន្ធនឹងយន្តហោះម៉ូដែលនេះ ដែលបានដំណើរការហោះហើរដំបូងក្នុងខែឧសភា ឆ្នាំ ២០១៧។ ការធ្លាក់ដំបូងកើតមានចំពោះយន្តហោះដែលប្រតិបត្តិការដោយក្រុមហ៊ុន Lion Air កាលពីខែតុលា ឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១៨៩ នាក់។
កំហុសប្រព័ន្ធទប់ស្កាត់ការរលត់ម៉ាស៊ីនឈ្មោះថា MCAS ដែលបំពាក់ក្នុងយន្តហោះ MAX មានការពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air នៅឥណ្ឌូនេស៊ី។
អាជ្ញាធរអាកាសចរណ៍អាមេរិក (FAA) បានឲ្យដឹងថា មានភ័ស្តុតាង និងទិន្នន័យដែលធានាឲ្យមានការស៊ើបអង្កេតបន្ថែមទៀតពីភាពអាចកើតមានបុព្វហេតុរួមគ្នានេះការធ្លាក់យន្តហោះទាំង ២ នេះ។
បើទោះជាមានការកើនឡើងការប្រើប្រាស់យន្តហោះ MAX នៅទូទាំងពិភពលោកក៏ដោយជាពិសេសនៅប្រទេស ចិន និងអឺរ៉ុបក្តី ក៏ក្រុមហ៊ុន Boeing ត្រឹមតែចេញផ្សាយសេចក្តីថ្លែងការណ៍ខ្លីៗ ហើយទន្ទឹមនឹងនេះដែរ ទំនងជាប៉ុនប៉ងទប់ស្កាត់អាជ្ញាធរអាមេរិកមិនឲ្យហាមឃាត់ការហោះហើរយន្តហោះនេះទៀតផង។
FAA បានបញ្ជាឲ្យក្រុមហ៊ុន Boeing ជួសជុលសូហ្វវែរ MCAS របស់ខ្លួន ដែលអ្នកបើកបរយន្តហោះមួយចំនួនក៏បានជួបបញ្ហានេះដែរ ដោយបានលើកជាចម្ងល់អំពីថា តើក្រុមហ៊ុនផលិតយន្តហោះនេះធ្វើការបានគ្រប់គ្រាន់ដែរឬទេ ដើម្បីដោះស្រាយបញ្ហានេះ។
ប្រភពមួយដែលស្និទ្ធនឹងក្រុមហ៊ុនផលិតយន្តហោះមួយនេះបានប្រាប់ AFP ថា៖ «វាជាភាពក្រអឺតក្រទមរបស់អាមេរិក ដែលបង្កគ្រោះថ្នាក់ ពីព្រោះវាបង្ហាញថា ការងារនេះមិនត្រូវបានធ្វើសមស្របទេ» ដោយសារទំនុកចិត្តជ្រុលហួសហេតុ។
អ្នកផ្សេងទៀតបានឲ្យដឹងថា ក្រុមហ៊ុន Boeing គួរតែចាត់វិធានការឲ្យបានលឿនជាងនេះ និងចេញមុខមុនគេចំពោះបញ្ហានេះ។
លោក Yemma ថ្លែងថា៖ «ជាធម្មតាក្នុងស្ថានភាពបែបនេះ អ្នកចង់ផ្តល់ព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើបាន» ជាពិសេសដោយសារព័ត៌មានបាចសាចយ៉ាងលឿននៅទូទាំងពិភពលោក។
លោកបន្ថែមថា៖ «អ្នកចង់ធ្វើឲ្យអតិថិជន អ្នកដំណើរ និងអារម្មណ៍សាធារណជនធូរស្រាលអំពីការហោះហើរលើយន្តហោះរបស់អ្នក។ ហើយទីផ្សារ និងវិនិយោគិនចាំបាច់ត្រូវដឹងថា តើមានអ្វីខុសដែរឬយ៉ាងណា ហើយបើមានអ្វីខុសនោះ ត្រូវតែជួសជុល»។
លោក Michael Priem មកពីក្រុមហ៊ុនទំនាក់ទំនង Modern Impact នៅទីក្រុង Minneapolis បានយល់ស្របថា ក្រុមហ៊ុន Boeing គួរចាត់វិធានការឲ្យបានលឿនជាងនេះ ដើម្បីធានាទំនុកចិត្តសាធារណជនទូទៅឡើងវិញ។
លោកប្រាប់ AFP ថា សាធារណជនរំពឹង «ការឆ្លើយតបយ៉ាងរហ័ស ហើយខ្ញុំគិតថា ក្រុមហ៊ុន Boeing មិនបានចូលរួមក្នុងសន្ទនាឆាប់រហ័សគ្រប់គ្រាន់នោះទេ»។
ប្រភពពីឧស្សាហកម្មនេះចំនួន ២ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Boeing នឹងដាក់បង្ហាញការធ្វើបច្ចុប្បន្នភាពសូហ្វវែរសម្រាប់ប្រព័ន្ធ MCAS ក្នុងរយៈពេល ១០ ថ្ងៃទៀត ដែលបានជួយឲ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះឡើងថ្លៃមកវិញ។
ចំពោះលោក Chesley Sullenberger បរិបាល (Captain) អ្នកបើកបរយន្តហោះ ដែលត្រូវបានគេស្គាល់ដោយសារការចុះចតប្រកបដោយសុវត្ថិភាពនៃយន្តហោះដែលខូចខាតរបស់លោកក្នុងទន្លេ Hudson River ក្នុងទីក្រុងញូវយ៉កដោយគ្មានមនុស្សស្លាប់នោះ បានចោទសួរចំពោះការឆ្លើយតបរបស់ក្រុមហ៊ុន Boeing ផងដែរ។
លោកថ្លែងថា៖ « ចាប់ពីការធ្លាក់យន្តហោះ Lion Air វាច្បាស់ណាស់ថា ការរចនាឡើងវិញចំពោះយន្តហោះ 737 MAX 8 ត្រូវធ្វើឡើងបន្ទាន់ជាចាំបាច់ [...] ហើយការជួសជុលដែលត្រូវបានស្នើ និងប្រកាសឡើងមិនបានទៅឆ្ងាយគ្រប់គ្រាន់ទេ»។
ក្រុមហ៊ុនផលិតយន្តហោះ Boeing អាចត្រូវបើកយុទ្ធនាការទំនាក់ទំនងសាធារណៈមួយ ដើម្បីព្យាយាមស្តារទំនុកចិត្តឡើងវិញចំពោះយន្តហោះរបស់ខ្លួន៕ AFP/KC