
អេក្រង់បង្ហាញថ្លៃភាគហ៊ុនជាប្រាក់រៀលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងពេលបើកជួញដូរដំបូង។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ខណៈពេលដែលការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មគ្រោងនឹងធ្វើឡើងជាលើកដំបូងក្នុងទីផ្សារមូលបត្ររបស់កម្ពុជាក្នុងឆ្នាំនេះ អ្នកនៅក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា ការប្រើប្រាស់ប្រាក់ដុល្លារក្នុងប្រតិបត្តិការជួញដូរនឹងជួយជំរុញឲ្យវិស័យនេះកាន់តែមានភាពរីកចម្រើនលឿនជាងនេះ។
ក្នុងកិច្ចពិភាក្សាមួយក្នុងសិក្ខាសាលាស្តីពី «ការយល់ដឹងពីទីផ្សារមូលបត្រនៅកម្ពុជា» ដែលរៀបចំធ្វើឡើងកាលពីចុងសប្តាហ៍មុននៅអគាររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) លោក អុីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុនមូលបត្រ RHB Indochina Securities Plc បានថ្លែងថា ការកំណត់យកប្រាក់រៀលក្នុងទីផ្សារមូលបត្រកម្ពុជា អាចជាបញ្ហាប្រឈមដ៏ធំមួយនាពេលបច្ចុប្បន្នដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
លោកបន្ថែមថា លោកធ្លាប់បានជជែកជាមួយអ្នកជំនាញមូលបត្រនៅក្រៅបរទេស ហើយមានការលើកឡើងថា ដោយសារកម្ពុជាជាទីផ្សារប្រើប្រាក់ដុល្លារច្រើន ដូច្នេះបើទីផ្សារមូលបត្រកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារ កម្ពុជានឹងមានឱកាសរីកចម្រើនលឿន ហើយអាចក្លាយជាផ្សារមូលធនប្រចាំតំបន់មួយផងដែរ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមានភាពងាយស្រួលក្នុងការអភិវឌ្ឍទីផ្សារមូលបត្ររបស់ខ្លួនជាប្រាក់ដុល្លារជាងគេ [ជាងទីផ្សារមូលបត្រផ្សេងទៀត] ព្រោះបច្ចុប្បន្នក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រាក់ដុល្លារច្រើន ខណៈប្រទេសផ្សេងៗទៀតមិនមានដូចកម្ពុជាឡើយ»។
លោកបានបន្ថែមថា ខណៈប្រាក់បៀវត្សរ៍របស់ប្រជាជនខ្មែរភាគច្រើនជាដុល្លារ ដូច្នេះនៅពេលដែលពួកគាត់ចង់វិនិយោគគឺគាត់តែងតែត្រូវទៅប្តូរយកជាប្រាក់រៀលជាមុនសិន ដែលនេះជាឧបសគ្គមួយសម្រាប់វិនិយោគក្នុងវិស័យនេះ។
ស្របគ្នាទៅនឹងការលើកឡើងនេះដែរ លោកស្រី ហ៊ លីគា ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិនៃគណៈកម្មការមូលបត្រកម្ពុជា (SECC) បានថ្លែងក្នុងកិច្ចពិភាក្សារបស់សិក្ខាសាលានេះថា កន្លងមកស្ថាប័ន និងក្រុមហ៊ុនមួយចំនួនដែលចង់ធ្វើការវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ធ្លាប់បានលើកឡើងពីកង្វល់របស់ខ្លួនទាក់ទងនឹងការប្រើប្រាក់រៀលសម្រាប់ការទូទាត់ក្នុងប្រតិបត្តិការរបស់ខ្លួនផងដែរ ដោយសារប្រាក់ចំណូលរបស់ពួកគេជាប្រាក់ដុល្លារ។
លោកស្រី ហ៊ លីគា បានបន្ថែមថា បច្ចុប្បន្នថ្នាក់ដឹកនាំ SECC កំពុងលើកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាពីលទ្ធភាពក្នុងការដាក់ចេញនូវគោលនយោបាយជំរុញឲ្យក្រុមហ៊ុនដែលទទួលបានចំណូលជាប្រាក់ដុល្លារ អាចចូលមកវិនិយោគក្នុងផ្សារហ៊ុនកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖ «បើយើងអាចដោះស្រាយបញ្ហានេះបាន យើងគិតថា ពួកគាត់នឹងចូលរួមជាមួយទីផ្សារមូលបត្រកម្ពុជា»។
ទោះជាយ៉ាងណា ការណ៍ដែលចង់ឲ្យមានការប្រើប្រាក់ដុល្លារក្នុងប្រតិបត្តិការក្នុងផ្សារហ៊ុននេះមានភាពផ្ទុយគ្នាទៅនឹងគោលបំណងរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចង់ឲ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនក្នុងសេដ្ឋកិច្ចប្រចាំថ្ងៃ ហើយការប្រើប្រាក់រៀលក្នុងទីផ្សារមូលបត្រក៏ធ្វើឡើងក្នុងគោលបំណងនេះដែរ។
កាលពីចុងឆ្នាំ ២០១៦ ធនាគារជាតិបានចេញប្រកាសមួយ ដោយណែនាំឲ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ យ៉ាងហោចណាស់ត្រូវបញ្ចេញកម្ចីជាប្រាក់រៀលឲ្យបាន ១០ ភាគរយនៃកម្ចីសរុបរបស់ខ្លួន ហើយប្រកាសនេះនឹងចូលជាធរមាននៅចុងឆ្នាំ ២០១៩។
តែលោក រ៉ាណ្ណារិទ្ធ បានកត់សម្គាល់ឃើញថា ការប្រើប្រាក់រៀលក្នុងប្រតិបត្តិការជួញដូរមូលបត្រហាក់ដូចជា ពុំសូវជួយបានច្រើនទេក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។
លោកបន្ថែមថា បើរដ្ឋាភិបាលពិតជាចង់លើកកម្ពស់ការប្រើប្រាក់រៀលមែន ហើយស្របពេលជាមួយគ្នានេះដែរជួយជំរុញវិស័យមូលបត្រផងដែរនោះ គួរតែមានការអនុវត្តតាមវិស័យធនាគារ ដោយចាប់ផ្តើមពីការប្រើប្រាក់ដុល្លារ ហើយក្រោយមកប្តូរទៅប្រើប្រាក់រៀលជាសន្សឹមវិញ។
ទំនុកចិត្តលើស្ថិរភាពថ្លៃរបស់ប្រាក់រៀល ក៏អាចជាកត្តាមួយដែលរារាំងបំណងវិនិយោគរបស់វិនិយោគិនធំៗផងដែរ។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងកាលពីថ្ងៃម្សិលមិលថា បើអាជ្ញាធរអនុញ្ញាតឲ្យមានការប្រើប្រាក់ដុល្លារនោះ ទីផ្សារមូលបត្រកម្ពុជានឹងអាចរីកចម្រើនលឿនជាងពេលនេះ ព្រោះបច្ចុប្បន្នសាធារណជន និងពិសេសអ្នកវិនិយោគធំៗនៅមិនទាន់មានទំនុកចិត្តលើស្ថិរភាពរបស់ប្រាក់រៀលទាំងស្រុងនោះទេ។
សំដៅដល់ការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលគ្រោងធ្វើឡើងក្នុងឆ្នាំនេះ លោកថ្លែងថា៖ «បើសញ្ញាប័ណ្ណមិនអាចបោះផ្សាយជាប្រាក់ដុល្លារបានទេ ផ្សារហ៊ុនកម្ពុជានឹងពិបាករីកចម្រើនណាស់»។
បើយោងតាមលោក សូឡី ស្ថាប័នហិរញ្ញវត្ថុទាំងអស់សុទ្ធតែចង់ឲ្យមានការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់ដុល្លារ ព្រោះការបោះផ្សាយសញ្ញាប័ណ្ណតែងតែមានទំហំទឹកប្រាក់ច្រើន ហើយជាទូទៅអ្នកទិញសញ្ញាប័ណ្ណសុទ្ធតែជាអ្នកមានប្រាក់ច្រើនឬក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនបរទេសមិនចង់ទិញជាប្រាក់រៀលនោះទេ។
លោកបានបន្ថែមថា ការបោះផ្សាយជាប្រាក់ដុល្លារនឹងងាយស្រួលលក់ ហើយអត្រាការប្រាក់ដែលត្រូវបង់ទៅឲ្យអ្នកទិញក៏ទាបជាងការទិញជាប្រាក់រៀលផងដែរ។
នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៥ ដែលបានចុះបញ្ជីក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕ LA