ក្រុងអាឌីសអាបេបាៈ រដ្ឋមន្ដ្រី​​ក្រសួង​ដឹក​ជញ្ជូន​របស់​​ប្រទេស ​អេត្យូពី ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ទិន្នន័យ​ប្រអប់​ខ្មៅ​បាន​​បង្ហាញ​ពី​ «​ភាព​ស្រដៀង​​គ្នា​យ៉ាង​ច្បាស់​» រវាង​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ Ethiopian Airlines កាល​ពី​ថ្ងៃ​ទី ១០ ខែ​នេះ​ និង​ការ​ធ្លាក់​យន្តហោះ​​​ក្រុមហ៊ុន​ Lion Air របស់​ឥណ្ឌូនេស៊ី​កាល​ពី​ខែ​តុលា ឆ្នាំ​មុន​។​

លោកស្រី​ Dagmawit Moges បាន​​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​ ដោយ​​មិន​បាន​ពន្យល់​លម្អិត​ថា ភាព​ស្រប​គ្នា​នេះ​នឹង «ជា​កម្មវត្ថុ​នៃ​ការ​សិក្សា​បន្ថែម​ទៀត​​ក្នុង​អំឡុង​ការ​ស៊ើប​អង្កេត​នេះ»។

លោកស្រី​​​ឲ្យ​ដឹង​ថា របាយការណ៍​បឋម​អំពី​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ Ethiopian Airlines នៅ​ថ្ងៃ​អាទិត្យ ដែល​បាន​សម្លាប់​​មនុស្ស​ ១៥​៧ នាក់​ នឹង​ត្រូវ​ចេញ​ផ្សាយ​ក្នុង «រយៈ​ពេល​ ៣០ ថ្ងៃ»។

ជើង​ហោះហើរ​លេខ 302 របស់​​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់​លើ​វាល​ស្រែ​​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​​អាឌីសអាបេបា ប្រទេស អេត្យូពី ​រយៈ​ពេល​ប៉ុន្មាន​​នាទី​​បន្ទាប់​ពី​​ហោះ​ឡើង​​ឆ្ពោះ​ទៅ​កាន់​​​ទីក្រុង​​ណៃរ៉ូប៊ី ប្រទេស ​កេនយ៉ា ដែល​សម្លាប់​មនុស្ស​​ទាំង​អស់​នៅ​លើ​យន្តហោះ​ និង​ឈាន​ទៅ​ដល់​ការ​ហាមឃាត់​យន្តហោះ ​737 MAX 8 របស់​ក្រុមហ៊ុន​ Boeing ទូទាំង​ពិភព​លោក​មិន​ឲ្យ​ហោះ​ឡើង​។​

សូម្បី​តែ​មុន​ពេល​ទិន្នន័យ​​ប្រអប់​ខ្មៅ​​ត្រូវ​បាន​រក​ឃើញ ​ប្រទេស​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​បាន​សន្និដ្ឋាន​លើ​​ភាព​ស្រដៀង​គ្នា​រវាង​ការ​ធ្លាក់​យន្តហោះ​​នៅ​ប្រទេស ​អេត្យូពី និង​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ ​ឥណ្ឌូនេស៊ី ដើម្បី​បញ្ជា​ឲ្យ​យន្តហោះ​ម៉ូដែល​នេះ​របស់​​ក្រុមហ៊ុន​ Boeing បញ្ឈប់​សេវា​ទូទាំង​ពិភព​លោក​។​

យន្តហោះ​ទាំង ​២ ​តាម​ការ​រាយការណ៍​បាន​ធ្វើ​ការ​ហោះ​ឡើង​​​ហើយ​ធ្លាក់ចុះ​វិញ​ក្នុង​ល្បឿន​លឿន​មិន​ប្រក្រតី​ ព្រម​ទាំង​​​ល្បឿន​ហោះហើរ​ប្រែប្រួល​ មុន​ពេល​​ធ្លាក់​ភ្លាមៗ​បន្ទាប់​ពី​ការ​ហោះ​ឡើង​។​

សំណួរ​ជា​ច្រើន​បាន​សំដៅ​ដល់​​ប្រព័ន្ធ​​​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ ដែល​ប្រើ​នៅលើ​យន្តហោះ ​737 MAX 8 ដែល​​​បង្កើត​ឡើង​ដើម្បី​ឲ្យ​ប្រព័ន្ធ​នេះ​​​ចង្អុល​បង្ហាញ​ដោយ​​ស្វ័យប្រវត្តិ​ថា​​​យន្តហោះ​កំពុង​ដាំ​ក្បាល​​ចុះ​ក្រោម​ បើ​យន្តហោះ​នេះ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ឬ​រលត់​ម៉ាស៊ីន។​

ក្នុង​ករណី​ជើង​ហោះហើរ​របស់​​ក្រុមហ៊ុន Ethiopian ប្រអប់​ខ្មៅ​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទី​ភ្នាក់ងារ​​សុវត្ថិភាព​ផ្លូវ​អាកាស​ BEA របស់​ប្រទេស​​​ ​​បារាំង​ ដែល​កំពុង​ធ្វើ​ការងារ​ជា​មួយ​​នឹង​ក្រុម​អ្នក​ស៊ើប​អង្កេត​អាមេរិក និង​​អេត្យូពី​ ដើម្បី​កំណត់​​អ្វី​ដែល​បាន​​បណ្ដាល​ឲ្យ​យន្តហោះ​ធ្លាក់៕ AFP/LA