The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មាន​ការ​ដើរ​កម្សាន្ត​ច្រើន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ




មាន​ការ​ដើរ​កម្សាន្ត​ច្រើន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ទឹក​ធ្លាក់​នៅ​ថ្ម​រូង ក្នុង​ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។
ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ទឹក​ធ្លាក់​នៅ​ថ្ម​រូង ក្នុង​ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ រូបថត ខៀវ ភារម្យ

មាន​ការ​ដើរ​កម្សាន្ត​ច្រើន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្នំពេញៈ ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​តំបន់​ឆ្នេរ និង​តំបន់​ប្រាសាទ ខណៈ​ទីក្រុង​ភ្នំពេញ មាន​សភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ នេះ​បើ​តាម​របាយ​ការណ៍​បូក​សរុប​បឋម​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​នានា​កាល​ពី​ម្សិល​មិញ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះ​សីហនុ ទើប​នឹង​តែង​តាំង​ថ្មី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ខេត្ត​បាន​ទទួល​ភ្ញៀវ​ទេសចរ​រហូត​ដល់ ៦៧ ៦៨៥ នាក់​ដែល​កើន​ឡើង ៧៦ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​បុណ្យ​ភ្ជុំ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ លោក​បន្ត​ថា អាកាសធាតុ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ល្អ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ ខេត្ត​ព្រះ​សីហនុ កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ថ្លែង​ថា៖ «ទី​មួយ​កត្តា​អាកាស​ធាតុ អត់​មាន​ទឹក​ភ្លៀង​ធ្លាក់​ទេ​ប៉ុន្មាន​ថ្ងៃ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំ​នេះ។ ផ្លូវ​ថ្នល់​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ​ហើយ​ឆ្នេរ​សមុទ្រ​ដែល​ស្អាត ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ឲ្យ​មក​កម្សាន្ត។ ក្បាល​ឆាយ​ឆ្នាំ​នេះ​មាន​ទឹក​ច្រើន ភ្ញៀវ​ភាគ​ច្រើន​ក៏​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ដែរ»។

លោក​បន្ថែម​ថា ឆ្នេរ​អូរ​ឈើ​ទាល​នៅ​តែ​ជា​ទិសដៅ​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ខណៈ​ដែល​ឆ្នេរ​ខ្សាច់​នៅ​តាម​កោះ​ផ្សេងៗ​ទៀត​បាន​ក្លាយ​ជា​ទិស​ដៅ​ដ៏​ពេញ​និយម។

ជាមួយ​គ្នា​នេះ​ដែរ ខេត្ត​កំពត ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត ៦២ ៥០០ នាក់​ដែរ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល ៣ ថ្ងៃ​នេះ ដែល​កើន​ឡើង​ប្រហែល ៦៥ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សយ គីណាល់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​កំពត។

នៅ​ក្នុង​ចំណោម​តួ​លេខ​ទាំង​នេះ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មាន​ចំនួន ៦០ ៤០០ នាក់​កើន​ឡើង ៦៦ ភាគ​រយ​ខណៈ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២ ០៦៥ នាក់​បាន​មក​ទស្សនា​ខេត្ត​នេះ ដែល​កើន​ឡើង ៤៩ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា។

លោក គីណាល់ លើក​ឡើង​ថា ខេត្ត​កំពត គឺជា​ទិស​ដៅ​ឆ្នេរ​បន្ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាច្រើន​បន្ទាប់​ពី​ពួកគេ​បាន​ទស្សនា ខេត្ត​ព្រះ​សីហនុ ឬ​ខេត្ត​កែប រួច​មក។ លោក​បន្ថែម​ថា អាហារ​សមុទ្រ​ស្រស់ៗ និង​ផ្លូវ​តភ្ជាប់​កាន់​តែ​ល្អ​ប្រសើរ​ចេញ​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​មក​កាន់ ខេត្ត​កំពត បាន​ជំរុញ​ឲ្យ​តួ​លេខ​នេះ​កើន​ឡើង។

លោក​បន្ត​ថា៖ «មាន​ភ្ញៀវ​ទេសចរ​ដែល​ឈប់​នៅ ខេត្ត​កំពត តាម​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ពី ខេត្ត​ព្រះសីហនុ ឬ​នៅ​ពេល​ពួក​គេ​មក ខេត្ត​កែប និង​បាន​ឈប់​នៅ ខេត្ត​កំពត ដើម្បី​ញ៉ាំ​អាហារ​សមុទ្រ ឬ​កម្សាន្ត​នៅ​រមណីយដ្ឋាន បូក​គោ រមណីយដ្ឋាន ណាតាយ៉ា ទឹក​ឈូ និង​សហគមន៍​ផ្សេង​ទៀត​ពឹង​ផ្អែក​លើ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ»។

បើ​ទោះ​បី​ជា​តួ​លេខ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង​តិច​តួច​ធៀប​នឹង​ចំនួន​ភ្ញៀវ​នៅ​តាម​តំបន់​ឆ្នេរ ខេត្ត​សៀមរាប នៅ​តែ​ជា​តំបន់​ទេសចរណ៍​សំខាន់​ដែល​ឈរ​នៅ​មុខ​គេ​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

តួលេខ​បឋម​ពី ខេត្ត​សៀមរាប បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្ត​នេះ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ កើន​ជិត ១២ ភាគរយ​ដែល​ភ្ញៀវ​សរុប​មាន​ចំនួន ១១ ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១០ ម៉ឺន​នាក់ ហើយ​ភ្ញៀវ​អន្តរជាតិ​សរុប​មាន​ជាង ១៦ ០០០ នាក់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឆឺយ ឆន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​សៀមរាប កាល​ពី​ម្សិល​មិញ។

លោក​ថ្លែង​ថា៖ «ឆ្នាំ​នេះ​យើង​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មក​ទស្សនា​ច្រើន​ធៀប​នឹង​ឆ្នាំ​មុន គឺ​មក​ពី​បណ្តា​ខេត្ត​នានា មិន​មែន​មក​តែ​ពី​ភ្នំពេញ​ទេ។ ពួក​គាត់​មក​មើល​អង្គរវត្ត និង​ប្រាសាទ​នានា។ យើង​ឃើញ​មាន​អ្នក​មក​ទស្សនា​អង្គរវត្ត​ច្រើន​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍